ស្គាល់គ្នាតាមទូរស័ព្ទ ក៏អាចធ្វើឱ្យយើង ជួបស្នេហាពិតបានដែរតើ! - Khmer News Post

Hot

Post Top Ad

Friday, December 22, 2017

ស្គាល់គ្នាតាមទូរស័ព្ទ ក៏អាចធ្វើឱ្យយើង ជួបស្នេហាពិតបានដែរតើ!



ល្ងាចមួយដែលកំពុងតែមានមេឃស្រទុំ មនុស្សម្នាអ៊ូអរខ្ញៀវខ្ញារនៅក្នុងសួនកម្សាន្តមួយកន្លែង ខ្ញុំកំពុងតែកាន់ទូរស័ព្ទចុចបណ្តើរ ដើរបណ្តើរ ហើយងាកមើលជុំវិញខ្លួនបណ្តើរហាក់កំពុងតែ
រករបស់អ្វីមួយ។ អត់ទេ ការពិតខ្ញុំរកមនុស្សតើ។ ថ្ងៃនេះខ្ញុំមានណាត់មួយជាមួយមនុស្សដែល រាប់អានគ្នានិយាយគ្នាលេងនៅក្នុងទូរស័ព្ទរាប់ខែទៅហើយ។ថាជាសង្សារក៏មិនមែន បើនិយាយថា
មិនជិតស្និទ្ធគ្នាក៏រឹតតែចម្លែក។ ពេលវេលាដែលយើងមាន តែងតែឆ្លៀតផ្ញើសារទាក់ទងគ្នារហូត។ ទោះមិនដែលឃើញរូបគ្នាតែគេធ្វើឱ្យខ្ញុំកក់ក្តៅក្នុងចិត្ត ចង់ជជែកលេងជាមួយគេ ។ អាចថាពួកយើងចូលចិត្តគ្នាព្រោះថាពួកយើងពិតជានិយាយស៊ីចង្វាក់គ្នាណាស់ គេជាមនុស្សដែល
និយាយលេងច្រើន គេចូលចិត្តធ្វើឱ្យខ្ញុំសើច និងញញឹមដោយមិនដឹងខ្លួន។ វត្តមានរបស់គេធ្វើ
ឱ្យមនុស្សឯកាដូចជាខ្ញុំមានជីវិតជីវ៉ានឹងគេ។ ខ្ញុំទទួលស្គាល់ថាចូលចិត្តគេ តែក៏មិនដល់ថ្នាក់លង់ស្រលាញ់ដែរ។ វាប្រៀបបីដូចជាយើងនឹងចិត្តងាយពេកទេដឹង មនុស្សស្គាល់គ្នាត្រឹមតែក្នុងទូរស័ព្ទ មិនដែលបានជួបមុខគ្នាសូម្បីតែម្តងវាទៅម៉េចនឹងទៅរួចទៅ។ ថ្ងៃមួយមិនដឹងជាមានរឿងអ្វីកើតឡើងសុខៗគេក៏ថាអផ្សុក ធុញហើយផ្ញើសារចង់រកអីញ៉ាំឆ្ងាញ់
ជាមួយគ្នា។ គេនិយាយមើលតែពួកយើងឧស្សាហ៍ជួបគ្នាណាស់អ៊ីចឹង ពិតជាពូកែរំខានអារម្មណ៍មែន។ បេះដូងខ្ញុំស្រាប់តែលោតញាប់ហើយតបទៅវិញ

« ពិតមែន?»

« ខ្ញុំមិនបានលេងសើចទេ ១ម៉ោងទៀតជួបគ្នាណា»

ខ្ញុំស្រាប់តែស្រវាក្រោកចេញពីលើគ្រែយកដៃស្ទាបបេះដូងខ្លួនឯង។ មនុស្សម្នាក់នេះដែលខ្ញុំមិនធ្លាប់
ជួបសោះ បែរជាអាចហៅចង្វាក់បេះដូងខ្ញុំបានដែរ? មិនមែនស្រលាញ់គេណាហ្ហី? មិនអាចទេ ខ្ញុំធ្លាប់ប្រាប់ខ្លួនឯងហើយថានឹងមិនស្រលាញ់មនុស្សណាម្នាក់តាមទូរស័ព្ទទេ។ ខ្ញុំក៏ប្រឹងសម្រួល
អារម្មណ៍ ហើយស្លៀកពាក់តែងខ្លួនសម្រិតសម្រាំងបំផុត ដូចជាការណាត់ជួបគូស្នេហ៍លើកដំបូង។
ជិតដល់ម៉ោងហើយតែគេនៅតែមិនទាន់មកដល់ទៀត។ខ្ញុំចាប់ផ្តើមបុកពោះ បារម្ភថាជួបគេ
ដំបូងគួរតែនិយាយអ្វី ធ្វើអ្វី? តើគេមានរូបរាងយ៉ាងណា ពណ៌សម្បុរបែបណា ចរិតគេខាងក្រៅបែបណា? តើជាមនុស្សរួសរាយដូចលេងផ្ញើសារជាមួយខ្ញុំឬអត់? អារម្មណ៍ភ័យលាយបារម្ភកាន់តែមានសន្ទុះខ្លាំងឡើងពេលនាឡិកាកាន់តែរំកិលប្រាប់ថា ពេលវេលា
ណាត់ជួបបានជិតមកដល់។ស្រាប់តែទូរស័ព្ទខ្ញុំលោតសារមួយមក។ ខ្ញុំស្រវាបើកមើលទាំងញញឹមលាយ
ភ័យអរ តែធ្វើឱ្យខ្ញុំបាក់ទឹកចិត្តទៅវិញ

« សុំទោសផងណា ខ្ញុំទៅដល់ហើយតែក៏មានការសំខាន់ត្រូវប្រញាប់ទៅវិញ សុំទោសណា សុំទោសពិតមែន។ ខ្ញុំនឹងប៉ះប៉ូវទាំងអស់នៅលើកក្រោយ»

ខ្ញុំក្តាប់ទូរស័ព្ទនៅក្នុងដៃជាប់ហើយងើយក្បាលឡើងទៅលើមើលមេឃដែលកំពុងតែស្រទុំ។ គេមិនមកទេ ខ្ញុំគួរតែសប្បាយចិត្តដែលមិនចាំបាច់ភ័យ បារម្ភ និងពិបាករៀបប្ញក។ តែហេតុអ្វី បានជាខ្ញុំមានអារម្មណ៍ថាឈឺចាប់ដូចអ្នកខកស្នេហ៍បែបនេះ។ និយាយទៅៗបែបគេលេងសើចនឹងខ្ញុំ
ទេដឹង? កំពុងតែពិបាកចិត្តស្រាប់តែលោតសារមួយទៀតមក

« សុំទោសពិតមែន កុំខឹងអីណា គ្មានបំណងទេ។ ធ្វើមុខក្រៀមលែងស្អាតហើយ។ ចង់ប្រាប់ថាខ្លួនឯងថ្ងៃនេះស្អាតណាស់»

« នែ! យើងឃើញខ្ញុំមែន?»

« ហាហា..អត់ផង ចេះតែថាទៅ ឮគេនិយាយថាស្រីៗពេលចេញក្រៅៗម្តងៗបើមិនស្អាត មិនចេញមកទេ។ ខ្ញុំក៏ចេះតែស្មានទៅ ម្យ៉ាងខ្ញុំខកសន្យាជាមួយគេ អ្នកណាទៅញញឹមបានទៅ? សុំទោសពិតមែនណាព្រះនាងតូចរបស់ខ្ញុំ»។ ខ្ញុំស្រាប់តែញញឹមឡើង ហើយការអស់សង្ឃឹម ខូចចិត្តក៏រលាយបាត់មួយរំពេច។ ប្រាប់ហើយថាគេពិតជាមានជំនាញណាស់ក្នុងការលួងលោមខ្ញុំ។ ជាមនុស្សស្រីនេះយ៉ាប់មែន តែងពិស្គាល់គេមក ខ្ញុំតែងតែឧស្សាហ៍ខឹង អន់ចិត្ត តូចចិត្ត និងរករឿងគេឈ្លោះគ្នាលេង។ តែរាល់ដងគឺជាគេដែរ ដែលតែងតែធ្វើឱ្យខ្ញុំសើច ញញឺមបាន។ ជាពិសេសពេលខ្ញុំមិនសប្បាយចិត្ត ខ្ញុំពិបាកចិត្តរឿងអ្វីមួយ គ្រាន់តែបានអានសាររបស់គេ ខ្ញុំក៏អាចញញឹមបានដោយមិនបាច់បង្ខំ។ គេបានក្លាយជាផ្នែកមួយនៅក្នុងជីវិតរបស់ខ្ញុំ។ បើគ្មានគេខ្ញុំឯការ បើគ្មានគេខ្ញុំអផ្សុកស្លាប់ហើយ។ មិនត្រឹមតែធ្វើឱ្យខ្ញុំសប្បាយចិត្តបានទេ គេជាមនុស្សដែលពូកែយកចិត្ត ជាទីប្រឹក្សា និងពូកែបង្ហាញអារម្មណ៍បារម្ភ យកចិត្តទុកនឹងខ្ញុំ រហូតខ្ញុំក្លាយជាក្មេងទម្លាប់អាក្រក់ដែលចាំតែមនុស្សចាស់ដាស់តឿន។

« Good Morning, Good Night សុបិនល្អ , ឆាប់គេងណា. ក្រោកឡើង, ញ៉ាបាយហើយនៅ? ញ៉ាបាយឆ្ងាញ់ទេ? កំពុងធ្វើអី? មិនស្រួលខ្លួន? ញ៉ាំថ្នាំនៅ? មិនសប្បាយចិត្តរឿងអី? ………..ល-មានរឿងជាច្រើនដែលគេផ្តល់អារម្មណ៍កក់ក្តៅដល់ខ្ញុំជាខ្លាំង។

គ្រាន់តែមកដល់ផ្ទះភ្លាមមិនទាន់ ទូរស័ព្ទក៏លោតសារមួយមក។ គេនេះពូកែដឹងពីពេលវេលា និងរយៈពេលដែលខ្ញុំមកដល់ផ្ទះណាស់ ត្រូវៗមិនសូវចេះខុសសោះ។

« ដល់ផ្ទះហើយមែនទេ? ញ៉ាំអីហើយនៅ?ឆ្ងាញ់ទេ?»



« ដល់ហើយ…មិនឆ្ងាញ់ទេ»

« នៅខឹងទៀតមែនទេ? កុំខឹងអីអាណិតអ្នករវល់ការងារផង។ ខ្លួនឯងបានញ៉ាំបាយ តែពេលនេះគេកំពុងតែរវល់សូម្បីតែបាយទឹកមិនទាន់បានញ៉ាំផង ប្រជុំមិនដឹងជាប្រជុំអីម៉េះទេ?»
« ប្រជុំហើយឆ្លៀតលេងទូរស័ព្ទទៀត ប្រយ័ត្នមេដេញចេញ ហាហា.»
«លួចលេងបន្តិចហ្នឹងណាខ្លាចអ្នកខ្លះខឹងងរទៀតពិបាកលួងណាស់។ ចាំចេញពីប្រជុំលេង
ជាមួយទៀត»។

ខ្ញុំទុកទូរស័ព្ទហើយញញឹមម្នាក់ឯងយ៉ាងមានសេចក្តីសុខ។ អ្នកផ្សេងអាចមើលមកថាខ្ញុំ ញញឹម និងសើចដាក់ទូរស័ព្ទដូចមនុស្សឆ្កូត តែគេមិនដឹងថាក្នុងជីវិតមនុស្សដែលគ្មានមិត្តភក្តិ គ្មានក្រុមគ្រួសារដូចគេឯងដូចជាខ្ញុំឯការប៉ុណ្ណាពេលដែលមានមនុស្សជជែកលេង។ ជីវិតដែលធ្លាប់តែរស់នៅមិនសូវយកចិត្តទុកដាក់ចំពោះខ្លួនឯងបានផ្លាស់ប្តូរទាំងស្រុងចាប់ពីបានជួបគេ។ មនុស្សដែលធ្លាប់តែចៀនពងទាញ៉ាំបាយ និងញ៉ាំមីកំប៉ូងក៏ចេះទៅញ៉ាអាហារចាងក្រៅ រៀនធ្វើម្ហូបដោយខ្លួនឯងព្រោះតែមានអ្នកណាម្នាក់ចាំស្តីបន្ទោសនិងបារម្ភ។

«ចេះតែញ៉ាំរបស់បែបនេះ ចឹងបានស្គមមិនទៅណាសោះ ខ្ជិលអីក៏ខ្ជិលម៉េះ?»

« នៅម្នាក់ឯងចាំបាច់ស៉ាំញ៉ាំធ្វើអី។ ងាយៗហើយឆ្អែតដូចតែគ្នា»

« តែគុណភាបអាហារខុសគ្នា។ របបអាហាររបស់មនុស្សយើងគួរតែមានគ្រប់ជីវជាតិ ទើបរាងកាយធំធាត់ មាំមួនល្អ»

«និយាយច្រើនដូចតាចាស់។ ចុះខ្លួនឯងហ្នឹងចេះធ្វើម្ហូបណាស់ណ៎?»

« កុំមើលងាយណា ប្រយ័ត្នតែថ្ងៃណាមួយធ្វើម្ហូបឱ្យញ៉ាម្តងប្រយ័ត្នស្រីៗខ្លះខ្មាសគេមនុស្សប្រុសទៅ»

ខ្ញុំខាំមាត់ខ្នាញ់ចំពោះសម្តីគេ។ ខ្ញុំក៏ចាប់ផ្តើមចេះដើរផ្សារទិញម្ហូប រៀនចំអិនអាហារដោយខ្លួនឯង។ ដំបូងមិនល្អតែយូរៗទៅក៏ញ៉ាំបាន។គេក៏តែងតែនិយាយបង្អាប់ខ្លះ និយាយលើកទឹកចិត្តខ្លះធ្វើឱ្យ
ខ្ញុំរីករាយដែលខ្លួនឯងអាចធ្វើបាន។ ពេលមានមុខម្ហូបថ្មីតែងតែថតផ្ញើទៅគេ។ ពិតមែនហើយ! ពួកយើងតែងតែចំណាយពេលផ្ញើសាររកគ្នា និងថតរូបផ្ញើគ្នាទៅវិញទៅមក នូវអ្វីដែលយើងជួបប្រទះ តែម្នាក់ៗបែរជាមិនដែលនឹកឃើញថាផ្ញើរូបខ្លួនឯងមកសោះ វាចំណាយពេលមិនដល់ ១នាទី តែម្នាក់ៗក៏មិនដែលនឹងគិតធ្វើ។យ៉ាងនេះក៏ល្អដែរ មិនដឹងថាពេលយើងបានឃើញមុខគ្នាហើយ
អ្វីៗនឹងដូចពេលនេះដែរឬអត់ផង។

គិតចុះគិតឡើងសឹងតែគេងលក់ទៅហើយ ស្រាប់តែសារមួយលោតមក

« ហត់ណាស់! ទើបចេញពីប្រជុំ។ កំដរខ្ញុំដើរតិចបានទេ?»

« ឆ្កួត! អត់មើលម៉ោងទេ?»

«អ្នកណាថាឱ្យមកនោះ។ ចង់និយាយថាចេញមកក្រៅមើលព្រះចន្ទជាមួយគ្នា កំដរខ្ញុំដើរបានអត់? អផ្សុកមែនទែន មេឃក៏ត្រជាក់ទៀត»

« ខ្ជិលណាស់ បិទទ្វារផ្ទះអស់ហើយ ម្យ៉ាងស្លៀកពាក់គេងហើយ»

« ណាៗៗ ចេញមកបន្តិចមក។ ព្រះចន្ទ្រយប់នេះស្អាតណាស់ណា មិនបានមើលប្រយ័ត្នស្តាយក្រោយ»។

មាត់ប្រកែកតែជើងក៏កំពុងតែដើរបណ្តើរមើលសារដែលកំពុងតែអង្វរលន់តួរឱ្យខ្ញុំចេញមក
កំដរគេបណ្តើរ។

« ព្រះចន្ទ្រស្អាតត្រង់ណា?»

» ចេញមកហើយហេ? ហាហា..អរគុណណាស់។ ព្រះចន្ទ្រស្អាតព្រោះយើងយកចិត្តមកមើល មិនមែនយកភ្នែកមកមើលហ្នឹងណា»

« មិនយល់»

ពួកយើងផ្ញើសារចុះឡើងបណ្តើរនៅក្រោមពន្លឹព្រះចន្ទ្រដ៏ស្រទន់រហូតដល់គេដើរដល់កន្លែងចតឡាន។

« អរគុណដែលកំដរ។ ដល់ឡានល្មម។ សុបិនល្អណា»

គេផ្ញើសារលើកចុងក្រោយអមជាមួយរូបព្រះចន្ទ្រពេញចង់ស្អាតមួយសន្លឹក។ ខ្ញុំញញឹមឱបដៃក្តោប
អាវដែលពាក់នៅខាងក្រៅ។ ហេតុអ្វីមនុស្សដូចខ្ញុំអាចធ្វើរឿងឆ្កួតៗនេះបាន? ក្រោកពីលើគ្រែ ចេញមកមើលព្រះចន្ទ្រទាំងពេលនេះបែបនេះហ្ហេ? អ្នកណាដឹងសើចស្លាប់ហើយ។ តែខ្ញុំក៏ ឈរញញឹមទាំងមានសេចក្តីសុខពេញបេះដូង។ អរគុណណាស់ដែលផ្តល់រសជីវិតប្លែកៗដល់មនុស្ស
ដូចជាខ្ញុំ។  ថ្ងៃថ្មីខ្ញុំក៏ប្រញាប់ស្លៀកពាក់តែងខ្លួនទៅសម្ភាសការងារនៅកន្លែងថ្មី។ បន្ទាប់ពីសម្រេច
ដាក់ពាក្យឈប់កន្លែងចាស់ដែលធ្វើឱ្យខ្ញុំតឹងតែង។ កន្លែងថ្មីជាក្រុមហ៊ុនធំ មានឈ្មោះល្បី ទោះមិនសូវទុកចិត្តសមត្ថភាបខ្លួនឯងខ្ញុំក៏សាកល្បង។អ្នកសម្ភាសដល់ទៅ ៥នាក់ដូចក្នុងកុនកូរ៉េ
មិនខុសខ្ញុំញ័រដៃជើងផងខ្លាចក្រសែភ្នែកអ៊ំចាស់ៗែលសួរសំណួរមិនដកមាត់ផង ជាពិសេសក៏ប្លែក
នឹងខ្សែភ្នែកបុរសវ័យខ្ទង់៣០ជាងម្នាក់ដែលធ្វើមុខមាំមើលមកខ្ញុំរហូត។ ទីបំផុត ១ម៉ោងក៏បានក
ន្លងផុត។ ជាប់ធ្លាក់មិនសំខាន់ទេ សំខាន់ពេលនេះដូចមានអារម្មណ៍មិនស្រួលស្លួនសោះតែម្តង ប្រហែលពុលទឹកមាត់អ្នកសម្ភាស។ សារមួយលោតមក

« យ៉ាងម៉េចដែរថ្ងៃនេះ?»

« មិនសូវល្អទេ ឈឺក្បាលវិលមុខ ពុលទឹកមាត់មនុស្សចាស់»

« ហាហា ដល់ថ្នាក់ហ្នឹងផង? ដូចមិនអីទេប្រធាននៅក្ុរមហ៊ុននឹងចិត្តល្អសឹងអី»

« និយាយមើលតែខ្លួនឯងស្គាល់»

«ប្រាប់ហើយថាខ្ញុំធ្វើការនៅហ្នឹង។ អ្នកបើកឡាននោះអី ហាហា…»

« ឈប់លេងសើចទៅ»

« មិនជឿទៀត។ បើបានចូលធ្វើការចាំប៉ាវញ៉ាំបាយណា»

ខ្ញុំញញឹមដាក់ទូរស័ព្ទ។មិនដឹងជាប៉ុន្មានដងទេដែលគេប្រាប់ថាគេធ្វើការនៅទីនេះ។ មកពីគេឮខ្ញុំ
ឧស្សាហ៍និយាយពីក្រុមហ៊ុននេះបានជាគេចេះតែលេងសើចទៅ។ តែបើគេធ្វើនៅទីនេះដែរប្រាកដ
ជាល្អមិនខាន។

មិននឹកស្មានថាខ្ញុំបែរជាបានទទួលការងារនៅក្នុងក្រុមហ៊ុននេះសោះសប្បាយអរចង់ហោះទៅហើយ។ គេម្នាក់នោះក៏ផ្ញើសារមកអបអរខ្ញុំដែរហើយក៏មិនភ្លេចរម្លឹកពីបាយមួយពេលនោះ។ ថ្ងៃចាប់ផ្តើមធ្វើការខ្ញុំរំភើបណាស់តែអ្វីៗមិនបានរលូនដូចខ្ញុំគិតទេ។ ខ្ញុំមិនចូលចិត្តមុខប្រធាន
ក្រុមហ៊ុនសោះ។មុខមាត់សង្ហារដែរតែមុខមិនដែលញញឹមសើចសុខ មុខដូចបៀបទុក្ខ
ជាប់រហូតអ៊ីចឹង។ ការងារមិនប៉ុន្មានទេ តែការមើលទឹកមុខអ្នកដទៃពិតជាពិបាកទ្រាំខ្លាំងណាស់។ មានតែគេម្នាក់ដែលខ្ញុំតែងតែរអ៊ូដាក់

« ប្រធាននោះស្រែកដាក់ខ្ញុំទៀតហើយ, ចូលចិត្តធ្វើមុខក្រញ៉ូវ, គេនិយាយសម្តីកាចណាស់ខ្ញុំខ្លាច….ល»។ គេវិញផ្ញើសារបានត្រឹមតែសើច ហើយនិយាយថាទ្រាំទៅ ធ្វើម៉េចនេះជាក្រុមហ៊ុនធំ ហើយគេប្រហែលជាមានសម្ពាធ។តែខ្ញុំមិនយល់អ៊ីចឹងទេ ខ្ញុំខំនិយាយលេងសើចញញឹមតែក៏បាន
ទទួលតែមុខមាំរបស់ប្រធាន។ទ្រាំប៉ុន្មានខែទៀតក៏ល្អ។តំណែងនៅក្បែរប្រធានធំមិនមែនសុទ្ធ
តែអ្នកណាក៏មានឱកាសនោះទេ។ តែខ្ញុំក៏លែងទ្រាំបានត្រឹមរយៈពេល ៣ខែ។ ទោះការងារល្អ តែបរិយាកាសថប់ដង្ហើមខ្ញុំក៏មិនចេះនៅដែរ។


« ខ្ញុំនឹងសុំឈប់»

« កុំធ្វើអ៊ីចឹងអី ផ្តល់ឱកាសឱ្យគេទៅ»

« មិនទេ..ខ្ញុំមិនចូលចិត្តគេ ខ្ញុំស្អប់មុខគេដែលក្រញ៉ូវដាក់ខ្ញុំ»

គេក៏លែងផ្ញើសារមកទៀត។ ខ្ញុំក៏ខឹងនឹងគេដែរ ដែលកាន់ជើងអ្នកផ្សេងជាងខ្ញុំនោះ។
ស្អែកព្រឹកគេផ្ញើសារមកលួងខ្ញុំវិញ

« ទៅញ៉ាំបាយជាមួយគ្នាទេ? ខ្ញុំទៅទទួលណា»

ខ្ញុំចុចមើលហើយក៏មិនតបព្រោះនៅខឹង។ចាំលាឈប់បានសម្រេចចាំតបក៏បាន។ ខ្ញុំកាន់ក្រដាសលា
ឈប់ទៅបន្ទប់ប្រធានធំ។ ប្រធានធំលើកមើលរួចសួរខ្ញុំទាំងមុខមាំ

« លាឈប់អ៊ីចឹងហេ? នេះទើបតែបាន ៣ខែតើ»

« ខ្ញុំគិតថាខ្ញុំមិនមានសមត្ថភាពគ្រប់គ្រាន់នឹងធ្វើការនេះ»

«តែនាងក៏ធ្វើបានល្អ….ស្តាយដែរថ្ងៃនេះចង់អញ្ជើញនាងញ៉ាំអាហារមួយពេលជាមួយខ្ញុំ។ តាំងពីចូល
ធ្វើការមកមិនទាន់បានស្វាគមន៍ផង។ ពេលនេះដាច់ចិត្តទៅហើយ?»

«អរគុណបំណងល្អ ខ្ញុំមិនហ៊ានញ៉ាំជាមួយប្រធានទេ ខ្លាចញ៉ាំបាយមិនចូល»

ប្រធានខ្ញុំដកដង្ហើមធំរួចនិយាយ

« មានណាត់?»

« អត់ទេ ខ្ញុំគិតថសុំលាឈប់ហើយនឹងរៀបអីវ៉ាន់ចេញល្មម»

គេមិនមាត់ហើយនៅស្ងៀមខ្ញុំក៏និយាយទាំងញញឹម

«អ៊ីចឹងសុំលាលោកប្រធានសិនហើយ»

ខ្ញុំបែរខ្លួនចេញស្រាប់តែគេក្រោកឡើងមកចាប់ដៃរបស់ខ្ញុំជាប់

« កុំទៅបានអត់?»

« លែង លោកប្រធាន ធ្វើអីហ្នឹង?»

« ខ្ញុំសន្យាថាពេលនាងជាប់ការងារនៅទីនេះខ្ញុំនឹងប៉ាវនាងញ៉ាំបាយនោះអី?»

«លោក……..????»

ខ្ញុំបើកភ្នែកធំៗពេលដែលដឹងរឿងគ្រប់យ៉ាង។

«លោកកុហកខ្ញុំ?»

« គេមិនបានកុហកខ្លួនឯងទេ មកពីគេមិនទាន់បានណែនាំខ្លួន។ កុំចាកចេញបានទេ? នៅទីនេះកំដរខ្ញុំបានអត់? »

ខ្ញុំឃើញទឹកមុខដែលស្រពោនរបស់គេ។ ចិត្តខ្ញុំក៏រលាយដូចក្រមួនត្រូវថ្ងៃ។ នេះលោកប្រធាន និងមនុស្សនៅក្នុងទូរស័ព្ទតែមួយ តែខ្ញុំបែរជាមិនស្គាល់គេ។ និយាយដើមគេប្រាប់គេអ៊ីចឹងហ្ហេ?
ខ្ញុំត្រលប់មកផ្ទះវិញទាំងកាន់ក្រដាសសុំឈប់មកជាមួយត្រលប់មកវិញ។ ប្រធានគឺជាគេ គេគឺជាប្រធាន។ ពិបាកខឹងគេដែរ គេធ្លាប់និយាយប្រាប់ដែរថាគេធ្វើការនៅទីនេះ តែខ្ញុំមិនជឿ។ មិនខឹងទេតែសុំធ្វើខឹងសិនយកមុខមាត់មកវិញ។ គេនៅតែផ្ញើសារមកមិនឈប់ ខ្ញុំក៏មិនឆ្លើយតបរហូត

« កុំខឹងបានទេ, ខ្ញុំមិនបានកុហកទេណា, តបបន្តិចបានអត់? កុំឈប់ធ្វើការអីណា»

ខ្ញុំមើលរាល់សារតែការធ្វើចិត្តមិនទាន់បាន។ គេបានផ្ញើសារមករ៉ាយរ៉ាប់ពីទុក្ខលំបាករបស់គេ។ ខ្ញុំក៏បានដឹងថាការពិតគេជាមនុស្សអផ្សុកដូចខ្ញុំដែរ។ ដោយសារតែសម្ពាធការងារ ស្ត្រេសខ្លាំង មានទំនួលខុសត្រូវច្រើនធ្វើឱ្យគេក្លាយជាមនុស្សមានទឹកមុខបែបនេះតាំងពីដើមមក។គេចេះញញឹមសើចនិយាយលេងផ្ញើសារច្រើនតាំងពីបានស្គាល់ខ្ញុំ។ គេសន្យាថានឹងកែប្រែ
ខ្លួនគេបើសិនខ្ញុំយល់ព្រមនៅជិតគេ។ ខ្ញុំនេះអៀនឡើងរមូលខ្លួនបាត់ មើលតែគេសារភាពស្នេហ៍។ តែពាក្យសម្តីរបស់គេមានអារម្មណ៍ថាផ្អែមល្ហែមលើសពីពាក្យសារភាពថា» បងស្រលាញ់អូន
ទៅទៀត»។ សារចុងក្រោយគេក៏សរសរថា

« សុបិនល្អណា ស្អែកជួបគ្នាព្រះនាងម្ចាស់សំណព្វចិត្តខ្ញុំ»

ខ្ញុំញញឹមបិទមាត់មិនជិតរួចក៏ផ្ញើសារទៅវិញ Good Night មួយម៉ាត់។ ចាប់ពីពេលនោះមក


គេបានព្យាយាមកែប្រែខ្លួនឯងដូចអ្វីដែលគេសន្យា។ ខ្ញុំក៏តែងតែនៅជិតខ្លួនគេគ្រប់ពេល គាំទ្រគេ សម្រួលការងាររបស់គេ និងនៅចាំផ្តល់កម្លាំងចិត្ត ធ្វើឱ្យគេញញឹមនិងសប្បាយចិត្ត។ ខ្ញុំប្តេជ្ញាណា ថាមនុស្សស្រីម្នាក់នេះនឹងមិនទុកឱ្យគេឯកា អផ្សុកម្នាក់ឯងទៀតទេ ព្រោះខ្ញុំយល់អារម្មណ៍មួយនេះ។ ពួកយើងក៏ស្រលាញ់គ្នារហូតបានរៀបការជាមួយគ្នា ជាមួយជីវិតពេញដោយសេចក្តីសុខបែបនេះទៅ។ ស្នេហានេះវាចម្លែកបន្តិច តែវាក៏ធ្វើឱ្យអាចរស់នៅជាមួយគ្នាពេញដោយសុភមង្គលពេញលេញ៕

No comments:

Post a Comment

Post Top Ad