Post News Khmer 10:31 PM 0 រឿងចិនមួយនេះពិតជាល្អមើលមែន មានលាយលំជាមួយឈុតឆាតស្នេហា កំប្លែង និង ការវាយប្រហារ សូមទស្សនាFULL វីឌីដូ ខាងក្រោមទាំងអស់គ្នា៕ Read More
Post News Khmer 5:50 PM 0 រឿង PACIFIC RIM 2 - Trailer (2018) ចេញជាផ្លូវការហើយសម្រាប់រងចាំ ទស្សនាភាគបន្ដ រឿង PACIFIC RIM 2 សូមទស្សនាវីឌីអូ trailer ខាងក្រោម: Read More
Post News Khmer 5:46 PM 0 រឿង JURASSIC WORLD 2 (2018) ចេញជាផ្លូវការហើយជាមួយ សកម្មភាពភាពយន្ត HDពិតជាល្អមិចាញ់ភាគមុននោះទេ។ សូមទស្សនាវីឌីអូ trailler ខាងក្រោម: Read More
Post News Khmer 3:11 AM 0 ជីវិតមនុស្សម្នាក់ៗសុទ្ធតែមានរឿងនិទានរៀងៗខ្លួន ចំណែកខ្ញុំជាមនុស្សស្រីម្នាក់ដែលមានរឿងនិទានដ៏វែងឆ្ងាយលើសមនុស្សឯទៀត វាជាហេតុធ្វើឱ្យខ្ញុំក្លាយទៅជាមនុស្សស្រីដែលមានះ រឹងរូស លេងប្ញកពាបំផុតនៅក្នុងក្រសែភ្នែកមនុស្សដទៃទៀត។ ចំណែករឿងស្នេហា ទំនាក់ទំនងមនុស្សប្រុសស្រីនេះរឹតតែឆ្ងាយហៅមិនឮទៀតទៅហើយ។ ជីវិតមនុស្សស្រីដូចជាខ្ញុំនេះទោះជាត្រូវគេច្រណែន គេនិន្ទា និយាយមាត់តូចមាត់ធំនិយាយដើមក៏ខ្ញុំលែងឈឺក្បាល តែអ្វីដែលធ្វើឱ្យខ្ញុំនិយាយមិនចង់ចេញនោះគឺសម្តីចេញពីមាត់អ្នកម្តាយតែម្តង។ និយាយពីថាជួបមុខម្តងណាក៏រអ៊ូរទាំរហូត។ « មនុស្សស្រីស្អី ៣០ ឆ្នាំស្អែកៗហើយនៅមិនទាន់មានសង្សារទៀត មិនដឹងជាតិនេះម៉ាក់មានកូនប្រសាដូចគេឬអត់? និយាយតាមត្រង់មើលកូនម៉ាក់ស្រលាញ់មនុស្សស្រីឬមនុស្សប្រុស? កូនអាចប្រាប់ម៉ាក់តាមត្រង់បាន ម៉ាក់អាចទទួលយកបាន» គ្រាន់តែឮម៉ាក់និយាយខ្ញុំនេះស្ទើរតែសន្លប់ទាំងឈរតែម្តង។ « ខ្ញុំជាកូនម៉ាក់ជិត ៣០ ឆ្នាំម៉ាក់នៅមិនដឹងថាកូនម៉ាក់ស្រលាញ់មនុស្សប្រុស ឬ មនុស្សស្រីទៀត? អូយ! ចង់ឆ្កួតស្លាប់ » « ម៉ាក់ចិញ្ចឹមកូនបានតែរូបរាង ម៉ាក់ម៉េចអាចចិញ្ចឹមចិត្តកូនបានទៅ» ។ « តែកូនមិនមែនបែបនេះទេ» « អ៊ីចឹងបានន័យថាកូនរកសង្សារមិនបាន?» « ម៉ាក់!!!» « ហាហា..ម៉ាក់និយាយលេងទេ..តែបើកូនរកមិនបានចាំម៉ាក់រកឱ្យល្អទេ» « អូយ! មិនបាច់ទេមនុស្សធំហើយនៅជួយរកឱ្យទៀត កូនមិនមែនក្មេងទេ» « រកមិនបាន ឬបំភ្លេចមិនបាន? » « ម៉ាក់!!!» ខ្ញុំក៏ស្ពាយសង្ខារចូលទៅក្នុងបន្ទប់ទាំងមួរម៉ៅនឹងការលេងសើចរបស់ម៉ាក់ ហើយគិតម្នាក់ឯង។ រឿងមានសង្សារមានទំនាក់ទំនងស្នេហានេះ អ្នកណាថាមិនចង់នោះ ។ តែរកវាមិនបាន មិនដឹងនិយាយថាម៉េចទេ។ ឬសម្រាប់មនុស្សស្រីដែលជោគជ័យដូចខ្ញុំមើលមនុស្សប្រុសលែងចូលភ្នែកហើយ? ឬក៏ខ្ញុំមិនស្រលាញ់មនុស្សប្រុសមែន? អូ! ទេ មិនអាចទេ ទោះជាចំណង់ចំណូលចិត្តខ្ញុំមិនសូវដូចមនុស្សស្រី និងទោះបីជាខ្ញុំចូលចិត្តដើរលេងជាមួយមនុស្សស្រីក៏ដោយក៏ខ្ញុំច្បាស់ និងប្រាកដថាខ្ញុំមិនមែនជាមនុស្សបែបនេះដែរ។ វាអាចថាប្រហែលជាខ្ញុំរើសពេក ភាសាងាយយល់ថាមិនទាន់ជួបអ្នកមាននិស្ស័យក៏ថាបាន ឬក៏ខ្ញុំកំពុងតែរង់ចាំនរណាម្នាក់? មិនអីទេ ទោះជាឯកាបន្តិចក៏មិនអីដែរ បើជាគូគង់តែជួបគ្នាទេ គ្រាន់តែមិនទាន់ដល់ពេលប៉ុណ្ណោះ។ តែមិនដឹងថាមានរឿងអ្វីកើតឡើងឱ្យប្រាកដ ស្អែកឡើងស្រាប់តែមានអ្វីម្យ៉ាងបានផ្លាស់ប្តូរជីវិតរបស់ខ្ញុំ។ មកដល់កន្លែងធ្វើការភ្លាមស្រាប់តែក្មេងៗក្រុមការងាររបស់ខ្ញុំនាំគ្នាចោមរោមនិយាយគ្នាលេងធ្វើមិនដឹង។ ពេលឃើញខ្ញុំភ្លាមម្នាក់ៗញញឹមញញែមដូចជាមានអ្វីម្យ៉ាងលាក់បាំង « នាំគ្នាធ្វើអីហ្នឹង? អ៊ូអរម្ល៉េះ?» « អីយ៉ា!បង...បងឯងមានសង្សារមិនចេះប្រាប់ពួកយើងសោះ ស្ងាត់ៗឱ្យឡើងស្វីត» « ឯងនិយាយអី?» « នេះនែ! » ក្រុមការងាររបស់ខ្ញុំក៏ហុចបាច់ផ្កាធំមួយដែលនៅលើតុរបស់ខ្ញុំមិនដឹងតាំងពីពេលណា « ស.....ស្អី?» ខ្ញុំសួរទាំងញ័រតិចៗ « ឈ្មោះលើផ្កាជាឈ្មោះរបស់បងទាំងមូល ធ្វើមិនដឹងទៀត ហ៊ើយ! គ្នាយើងប្រធានយើងមានស្នេហាហើយ» « អេ!! ពួកឯងនេះនិយាយច្រើនណាស់ នាំគ្នាបំបែកធ្វើការទៅប្រយ័ត្នកាត់ប្រាក់ខែ» គ្រាន់តែឮសំឡេងគំរាមរបស់ខ្ញុំភ្លាម ម្នាក់ៗលួចសើចហើយបំបែកគ្នាធ្វើការ។ ខ្ញុំកាន់បាច់ផ្កាមើលទាំងឆ្ងល់ « ផ្កាកូលាបក្រហម ហើយមានឈ្មោះខ្ញុំទៀត? អ្នកណាមកលេងសើចអីមិនដឹង» ខ្ជិលខ្វល់និងគិតច្រើនខ្ញុំក៏បោះផ្កានោះលើកៅអីម្ខាង ហើយធ្វើការបន្ត។ តែខ្ញុំដឹងថាចិត្តខ្ញុំលែងស្ងប់ហើយតាំងពីផ្កានេះលេចមុខមកម្ល៉េះ។ ខ្ញុំក៏ក្រោកឡើងយកបាច់ផ្កានេះចេញទៅក្រៅ ចៃដន្យជួបមីងសម្អាតក៏ស្រែកហៅ « មីង » « មានការអីហេក្មួយ?» « ខ្ញុំជូនមីងណា» ខ្ញុំញញឺមញញែមហុចផ្កាមួយនេះទៅ។ « អូយ ស្អាតណាស់ឱ្យមីងមែន? » « ចា៎ មិនដឹងរបស់អ្នកណាផង ប្រុងនឹងបោះចោលតែស្តាយ ឃើញមីងក៏ជូនទៅចុះ» « អ្នកឱ្យគេអន់ចិត្តស្លាប់ហើយ» « មិនអីទេយកចុះ » « អរគុណក្មួយ» ខ្ញុំក៏ដើរចេញទាំងធូរចិត្ត។ ប៉ុន្តែសង្គ្រាមរបស់មនុស្សអនាមិកនេះនៅមិនបញ្ចប់ត្រឹមប៉ុណ្ណេះទេ ស្អែកឡើងបាច់ផ្កាបន្តបន្ទាប់ចេះតែផ្ញើមិនឈប់ ខ្ញុំក៏ឱ្យផ្កាទាំងនេះទៅមិត្តរួមការងារសឹងតែគ្រប់គ្នា រហូតគ្មានកន្លែងដាក់។ Office ពោរពេញដោយបាច់ផ្កា និងក្លិនឈ្ងុយឈ្ងប់។ ស្អែកឡើងមិត្តរួមការងាររបស់ខ្ញុំរអ៊ូ « ទៀតហើយហ្ហេ?» « បងហ្ហា ខ្ញុំថាបងទទួលទុកទៅ ខ្ញុំនេះគ្មានកន្លែងដាក់ទៀតទេ នេះរាល់ថ្ងៃពេកហើយ» « មែនហើយ ខ្ញុំថាអ្នកឱ្យនេះប្រាកដជាដឹងថាបងមិនយកបានជាផ្ញើមកមិនឈប់ ។ នេះបងមានហ្វេនផ្កាប់មុខដល់ថ្នាក់ហ្នឹងផងហ្ហេ?» « មិនដឹងទេ ចង់ផ្ញើក៏ផ្ញើទៅ មិនខ្វល់ទេ អ្នកណាទៅយករបស់មនុស្សស្អីដែលកំសាកមិនហ៊ានចេញមុខអញ្ចឹង » មិត្តរួមការងារម្នាក់លាន់មាត់ « អូយ ម្តងនេះមានសំបុត្រ» « ឯណា?» ខ្ញុំក៏យកមកហែកអានទាំងចង់ដឹង អត្ថន័យសំបុត្រខ្ញុំពិតជាចង់សម្លាប់អាអ្នកផ្ញើមកណាស់ « សួស្តីស្រីស្អាតរបស់ខ្ញុំ ហេតុអ្វីមិនទទួលយកផ្កាទៅ ។ បើមិនទទួលណាខ្ញុំនឹងផ្ញើឱ្យរាល់ថ្ងៃ រហូតដល់នាងពុលក្លិនផ្កានេះជាមិនខាន។ ស្រលាញ់ណាស់ ពីប្រុសស្អាត» « អាយ!!!!!!!!!!!! អារោគចិត្ត ឯងនៅឯណាយើងចង់សម្លាប់ឯងណាស់» « ចិត្តត្រជាក់ៗៗបង នេះសង្ស័យតែម្នាក់នេះតាមដានបងទេ បានជាដឹងរឿងបងបែបនេះ បើបងនិយាយស្រីអាក្រក់ៗតិចគេតាមធ្វើបាបបងណា» ខ្ញុំធ្វើមុខជូរទាំងមានអារម្មណ៍ខ្លាចពិតមែន។ ស្អែកឡើងផ្កានៅតែបន្តផ្ញើមកម្តងទៀតរួមទាំងសំបុត្រមួយច្បាប់ដូចដើម « ចង់ជួបខ្ញុំណាស់មែនទេ? មិននិយាយតាំងពីដំបូង។ ល្អណាស់ល្ងាចនេះយើងជួបគ្នានៅហាងកាហ្វេជិតកន្លែងធ្វើការនាងទៅចុះ ។ មនុស្សប្រុសសង្ហាដៃកាន់ផ្កាកូលាបក្រហមនឹងរង់ចាំនាងនៅទីនោះ។ ប្រយ័ត្នខ្លួនផងណា រៀនហែលទឹកឱ្យហើយទៅប្រយ័ត្នលង់នឹងមន្តស្នេហ៍ប្រុសស្អាតដូចជាខ្ញុំ» ខ្ញុំញីក្រដាសនៅនឹងដៃរួចដើរចេញទៅ។ ចង់លេងមែនទែនហើយតើ បានតើកំដរបាន ស្គាល់ខ្ញុំតិចពេកហើយទេដឹង។ ពេលណាត់ជួបក៏បានមកដល់ ភ្នែកខ្ញុំចាប់ផ្តើមបើកធំៗទាំងស្រឡាំងកាំង មិននឹកស្មានថាអ្នកដែលមកលេងសើចនឹងខ្ញុំគឺជារូបគេសោះ។ បុរសខ្ពស់សង្ហា កែវភ្នែកពេញដោយមន្តស្នេហ៍ បបូរមាត់ញញឹមឈរកាន់ផ្ការង់ចាំខ្ញុំ តែបែរជាធ្វើឱ្យមុខរបស់ខ្ញុំ ប្រែជាក្រញ៉ូវ ហើយស្រែកទាំងមួរម៉ៅ « មកវិញធ្វើអី?» « បងមករកអូន» « ដូចជាគ្មានអ្វីពាក់ព័ន្ធនឹងគ្នាទៀតផង ច្រលំមនុស្សទេដឹង» « ស្តាប់បងសិនបានអត់?» « មិនចង់ស្តាប់ មិនចង់ឮអ្វីទាំងអស់ ចេញពីជីវិតរបស់ខ្ញុំភ្លាមទៅ» « បង..........បាន..បើអូនត្រូវការ» គេក៏ដើរចេញពីមុខរបស់ខ្ញុំទាំងមុខស្រពោន ហើយគេក៏ដើរឆ្លងថ្នល់ទាំងគ្មានវិញ្ញាណស្ទើរតែឡានបុក។ ខ្ញុំក៏ស្ទុះទៅទាញគេចេញស្រែកទាំងខឹងលាយបារម្ភ « ធ្វើឆ្កួតៗអីហ្នឹង» « បងដឹងថាអូននៅបារម្ភពីបង» គេស្រាប់តែឱបខ្ញុំជាប់រួចនិយាយ « បងនឹកអូនខ្លាំងណាស់ បងមកវិញហើយ» « លែងៗៗលែងខ្ញុំ» ខ្ញុំរើរហូតរើលែងបានក៏ស្រក់ទឹកភ្នែកទាំងឈឺចាប់ « មនុស្សឆ្កូត...ហេតុអ្វីក៏ទៅចោលគេ ហេតុអ្វីក៏ទុកគេចោលម្នាក់ឯង ហេតុអ្វីក៏បាត់ដំណឹង ស្អប់ខ្លាំងណាស់« « បងសុំទោសៗៗៗ» ពួកយើងឱបគ្នាទាំងក្តីរលឹក។ ៥ឆ្នាំហើយទេដឹងពេលដែលគេចាកចេញទៅ ទៅទាំងគ្មានដំណឹង ទៅទាំងគ្មានពាក្យថាលា។ មុនគេទៅគេបានសុំឱ្យខ្ញុំទៅរស់នៅបរទេសជាមួយគេ គេចង់រស់នៅជាមួយខ្ញុំនិងរៀបការនៅទីនោះ។ តែទីបំផុតគេក៏ចាកចេញទុកឱ្យខ្ញុំនៅម្នាក់ឯងនៅទីនេះ។ គ្មានពាក្យថាបែកគ្នា គ្មានពាក្យថាឈប់ស្រលាញ់ សុខៗគេក៏បាត់ពីជីវិតរបស់ខ្ញុំទៅតែម្តង។ ចាំថាពេលនោះខ្ញុំឈឺចាប់ ខ្ញុំយំ ខ្ញុំខឹង ។ តែភាពឈឺចាប់នោះបានធ្វើឱ្យខ្ញុំកាន់តែរឹងមាំឡើង ក្រោកឈរឡើងប្រឹងប្រែងតស៊ូនឹងជីវិត និងងប់នឹងការងាររហូតដល់សព្វថ្ងៃ។ ខ្ញុំធ្លាប់គិតថាខ្ញុំរឹងមាំ ខ្ញុំគិតថាខ្ញុំភ្លេចគេបានហើយតើ តែការពិតទៅខ្ញុំនៅស្រលាញ់ នៅតែនឹកគេ។ ការពិតភាពរឹងមាំប៉ុន្មានឆ្នាំមិនមែនខ្ញុំអាចភ្លេចគេបាននោះទេ ការពិតបេះដូងខ្ញុំនៅចាំគេរហូត រហូតដល់គ្មានកន្លែងទំនេរដាក់មនុស្សប្រុសណាផ្សេងបាន។ គេបាននិយាយប្រាប់ខ្ញុំថា មុនទៅបរទេស គេមានគ្រោះថ្នាក់ត្រូវវះកាត់ជាបន្ទាន់។ គេបានសុំម៉ាក់គេ និងម៉ាក់ខ្ញុំលាក់ខ្ញុំពីរឿងនេះព្រោះតែមិនចង់ឱ្យខ្ញុំបារម្ភ ហើយយកពេលវេលាទាំងប៉ុន្មានប្រឹងប្រែងព្យាបាលរហូតដល់ជា ។ វាជាពេលវេលាដែលលំបាកបំផុត ត្រូវវះកាត់ច្រើនដង ត្រូវប្រឈមនឹងការបាត់ការចងចាំរយៈពេលខ្លី។ អ្វីៗគឺគេតស៊ូ ព្រោះគេដឹងថាខ្ញុំកំពុងតែរង់ចាំគេ វាជាកម្លាំងចិត្តដែលធ្វើឱ្យគេតស៊ូប្រឆាំងនឹងជំងឺនេះ រហូតទទួលបានជោគជ័យ។ ខ្ញុំស្រក់ទឹកភ្នែករួចនិយាយទាំងញ័រ « ហេតុអ្វីបានជាលាក់អូន ហេតុអ្វីមិនឱ្យអូនជួយរំលែកទុក្ខរបស់បង ហេតុអ្វីធ្វើឱ្យអូនស្អប់បងរាប់ឆ្នាំបែបនេះ?» « ពេលនេះយើងជួបគ្នាវិញហើយតើ អូនក៏បានពិសោធន៍ខ្លួនឯងថាអូនជាមនុស្សរឹងប៉ឹង អូនមិនទន់ជ្រាយ អូនតស៊ូនឹងការងារជួយក្រុមហ៊ុនបងរហូតមានឈ្មោះល្បី ដែលពិសេសនោះអូនបែរជាមានចិត្តស្មោះរង់ចាំតែបងម្នាក់។ ពេលនេះបងស្កប់ស្កល់ហើយ» « ឆ្កួត! ចុះបើពេលនោះបងមិនជា បើពេលនេះយើងមិនបានជួបគ្នានោះឱ្យអូនធ្វើយ៉ាងម៉េច?» « អ៊ីចឹងហើយបានជាបងមិនប្រាប់អូន ព្រោះបងដឹងថាអូនរឹងមាំហើយ អាចរស់នៅបានហើយពេលគ្មានបង។ បើពេលបងមកវិញអូនគ្មានអ្នកណាបងនឹងសាកល្បងសុំអូនស្រលាញ់ម្តងទៀត តែបើអូនមានមនុស្សនៅក្បែរខ្លួនហើយ បងក៏សុខចិត្តដើរចេញមិនឱ្យអូនឃើញមុខបងជារៀងរហូត» « មនុស្សឆ្កូតៗៗ» ខ្ញុំវ៉ៃគេទាំងទឹកភ្នែកលាយក្តីរំភើប។ គេស្រវាឱបខ្ញុំជាប់ទាំងញញឹម។ ស្រាប់តែមានសំឡេងទះដៃចេញពីផ្លូវម្ខាង ខ្ញុំភ្ញាក់ផ្អើលពេលដឹងថាពួកគេរួមគំនិតគ្នាតើ មានទាំងម៉ាក់ខ្ញុំ ម៉ាក់គេដែលជាប្រធានក្រុមហ៊ុន និងមិត្តរួមការងារទាំងអស់កំពុងតែឈរទះដៃ កាន់បាច់ផ្កាទាំងស្នាមញញឹម និងភាពសប្បាយរីករាយ។ « មានរឿងអី?» គេស្រាប់តេដកចិញ្ចៀនមករួចនិយាយ « អូនព្រមរៀបការជាមួយបងទេ?» « ថាម៉េច? សុខៗទៅចោលខ្ញុំ មកដល់សុំខ្ញុំរៀបការបែបនេះហេ? ទុកខ្ញុំជាស្អី?» « បង..» « ហាហា...អូននិយាយលេងតើ..អូនរង់ចាំពាក្យនេះយូរហើយ» គេញញឹមរួចយកចិញ្ចៀនបំពាក់ឱ្យខ្ញុំ។ ទីបំផុតក្រមុំសៅកែលែងនៅទំនេរហើយ ខ្ញុំមានគូដណ្តឹងហើយ ខ្ញុំជិតរៀបការហើយ។ ជាពិសេសគឺបានរស់នៅជាមួយមនុស្សដែលខ្លួនស្រលាញ់ និងរង់ចាំអស់រយៈពេលយ៉ាងយូរ។ ប៉ុន្តែមិនថាយូរប៉ុណ្ណា លទ្ធផលនៅថ្ងៃនេះជាជោគជ័យធំបំផុតនៅក្នុងជីវិតរបស់ពួកយើង។ ការវិលត្រលប់មកម្តងទៀតរបស់ស្នេហារបស់ខ្ញុំ ជាសុភមង្គលដែលខ្ញុំទន្ទឹងរង់ចាំ។ មិននឹកស្មានថាស្នេហាក៏រលូន ការងារក៏ជោគជ័យ។ ស្នេហារបស់ពួកខ្ញុំពេលនេះគ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះ វិថីជីវិតនៅវែងឆ្ងាយទៀតណាស់។ តែពួកយើងសន្យាថានឹងកាន់ដៃគ្នាជំនះរាល់ឧបសគ្គដើម្បីអនាគតខាងមុខដ៏ត្រចះត្រចង់៕ Read More
Post News Khmer 5:40 PM 0 ភាគទី ៦ ជាភាគបញ្ចប់ សំឡេងខ្លែងស្រាកយំ អមនឹងសត្វបក្សីស្រែកបន្ទរគ្នាឮខ្ទ័រពេញព្រៃព្រឹក្សា បានក្លាយជាទេសភាពមួយដ៏គួរឱ្យព្រឺសម្បុរ។ កន្លែងតែមួយ ពេលតែមួយខុសត្រង់តែពេលវេលាតែប៉ុណ្ណោះ តែទីនេះនៅតែគួរឱ្យខ្លាច ត្រជាក់ និងបង្កប់អំណាចគួរឱ្យខ្លាចម្យ៉ាង។ វាពិតជាសាកសមណាស់ក្នុងការប្រយុទ្ធរបស់ពួកយើងនៅពេលនេះ។ សំឡេងមួយស្រែកពីក្រោយទាំងរីករាយ « មកចំពេលល្អណាស់ បិសាចឯងពិតជាមានពាក្យសច្ចៈមែន។ ឯង ដឹងទេថាគ្រួសាររបស់យើងដែលនៅសល់ តាមរកឯងសងសឹកយូរប៉ុណ្ណានោះ។ ពេលនេះដល់ពេលហើយដែលឯងត្រូវសងគ្រប់យ៉ាងចំពោះដូនតារបស់យើង» ខ្ញុំសើចដើម-ក ទាំងមុខមាំបន្តិចរួចនិយាយរបទៅវិញ « យើងថ្ងៃនេះក៏តាំងចិត្តមកសងអ្វីគ្រប់យ៉ាងដល់គ្រួសារឯងវិញដូចគ្នា គឺតាំងចិត្តមកស្លាប់រួចមកហើយ បើយើងពិតចាញ់ក្រោមដៃរបស់ឯងនោះ » « ល្អណាស់! យើងត្រៀមរួចហើយ » ការប្រយុទ្ធបានចាប់ផ្តើមបែកផ្កាភ្លើងពេញព្រៃ ដោយសន្ទុះមន្តអាគមដ៏ខ្លាំងក្លារបស់ពួកយើង។ រយៈពេលប៉ុន្មានមកហើយនៅតែមិនទាន់ដឹង ចាញ់ឈ្នះ ព្រោះយើងទាំងពីរសុទ្ធតែខ្លាំងដូចគ្នា តែខ្ញុំជាបិសាចរាប់រយឆ្នាំទៅហើយ មនុស្សធម្មតាមានកម្លាំងដូចគែដូចឯងដែរ ប្រាកដជាត្រូវបាក់កម្លាំងហើយ។ អស់មួយសន្ទុះធំ រីមកូនចៅជំនាន់ក្រោយគ្រួសារកំចាត់បិសាចក៏ទន់ដៃព្រោះតែខ្សោយកម្លាំង ហូរញើសជោគខ្លួន និងផ្ទៃមុខបន្ទាប់មកដួលនៅក្រោមដៃរបស់ខ្ញុំ។ ខ្ញុំយកដៃឱ្យគេចាប់ ហើយនិយាយទាំងចិត្តត្រជាក់ « បានហើយឯងប្រយុទ្ធមិនឈ្នះយើងទេ គំនុំគ្រួសារពួកយើងគួរតែបញ្ចប់ត្រឹមជំនាន់នេះទៅ ហើយយើងក៏មិនយកជីវិតឯងទេ បានហើយក្រោកឡើងមក » « កុំមករវល់ជាមួយយើង » ខ្ញុំដកដង្ហើមធំរួចទាញដៃខ្លួនឯងមកវិញ « បាន! អ្វីៗត្រូវបានបញ្ចប់ហើយ ឯងស្អប់ខ្ញុំក៏មិនមែនជារឿងចម្លែកដែរ បានហើយឯងទៅតាមផ្លូវរបស់ឯងចុះ» ខ្ញុំក៏ដើរចេញពីទីនេះ តែមិនបានប៉ុន្មានជំហាន ក៏ឮរីមនិយាយមកកាន់ខ្ញុំបន្តទាំងសើចខ្លាំងៗពោរពេញដោយកំហឹង « យើងមិនទៅវិញទាំងអាម៉ាស់មុខទេ បើឯងស្លាប់យើងរស់ បើយើងស្លាប់ឯងរស់ ហើយយើងក៏ដឹងមុនថាយើងមិនឈ្នះឯងដែរ តែឯងមើលមកនេះ ស្គាល់របស់នេះទេ ? ហាហាហា » ខ្ញុំបែរក្រោយក៏ឃើញកូនកំបិតមួយសឆ្លុះអមដោយអក្សរបាលីគាថាជាប់នឹងកាំបិតនោះ វាជារបស់ដែលខ្ញុំស្គាល់ច្បាស់បំផុត « កាំបិតកម្ចាត់បិសាច » និយាយមិនទាន់រួចផុតពីមាត់ រីមចាប់កាំបិតសំដៅមកបុកទម្លុះបេះដូងរបស់ខ្ញុំ។ ល្អណាស់បើព្រហ្មលិខិតកំណត់ឱ្យគេរកឃើញកាំបិតពិឃាតបិសាចដូច្នេះហើយ ខ្ញុំមានតែទទួលតាមផលកម្មចុះ។ ខ្ញុំមានតែបិទភ្នែករង់ចាំការស្លាប់ដែលនឹងមកដល់ គ្រាន់តែ សង្ឃឹមថាការស្លាប់របស់ខ្ញុំអាចរំសាយកំហឹងរបស់គ្រួសារកំចាត់បិសាច និងគ្រួសារបិសាចរបស់ពួកយើងទៅចុះ។ លាហើយម៉ាក់ប៉ា លាហើយដារី………………។ « ទេ… អូយ………» នេះមិនមែនជាសំឡេងរបស់ខ្ញុំទេ ហើយខ្ញុំបែរជាគ្មានការឈឺអ្វីបន្តិចសោះ តែក៏មិនមែនជាសំឡេងរបស់រីម វាបែរជាសំឡេងរបស់មនុស្សស្រី មនុស្សស្រីដែលនៅក្នុងបេះដូងរបស់ខ្ញុំគ្រប់ពេលវេលាទៅវិញ។ អត់ទេ ខ្ញុំមិនចង់ឃើញអ្វីដូចដែលខ្ញុំកំពុងតែគិតនោះទេ។ ខ្ញុំក៏បើកភ្នែកឡើង អ្វីដែលនៅហ្នឹងភ្នែក ធ្វើឱ្យខ្ញុំស្ទើរតែដួល។ ខ្ញុំឃើញ...ឃើញដារីដេកដួលខ្លួនជោគជាំសុទ្ធតែឈាម ដោយមានកាំបិតកម្ចាត់បិសាចដោតចំដើមទ្រូង។ ខ្ញុំស្រវាលើកនាងមកបីទាំងរន្ធត់ចិត្ត បេះដូងធ្លុះធ្លាយ ស្ទើរតែស្រក់ទឹកភ្នែក « ដារី ដារី ធ្វើអីហ្នឹងហា? ល្ងង់ម្ល៉េះ? កុំកើតអីណាបើកភ្នែកឡើង ។ កុំកើតអីឱ្យសោះណា ស្រីឆ្កួត» ខ្ញុំស្រែកទាំងឈឺចាប់លើកដារីមកឱបក្នុងរង្វង់ដៃ។ ដារីបើកភ្នែកទាំងទឹកមុខញញឹមលាយឡំនឹងការឈឺចាប់មុខរបួស « ខ្ញុំ...ខ្ញុំមិនអីទេ....ចុះលោក លោកមិនអីទេមែនទេ? » នាងនិយាយទាំងយកដៃស្ទាបមុខរបស់ខ្ញុំ។ខ្ញុំចាប់ដៃនាងមកថើប ហើយក្តោបដៃដែលត្រជាក់របស់នាងទាំងបារម្ភ ខ្ញុំស្ទើរតែស្ទះស្លាបហើយ។ ខ្ញុំទទួលយកមិនបានទេបើសិនជា..... « កុំនិយាយទៀត! ឈប់និយាយភ្លាមទៅ ខ្ញុំយកនាងឱ្យម៉ាក់ប៉ាខ្ញុំជួយណា ចាំបន្តិច ត្រូវតែទ្រាំបានទេ? » ខ្ញុំនិយាយរហន់ចង់ឆ្កួតទៅហើយ តើអ្នកណាអាចទប់អារម្មណ៍ពេលឃើញមនុស្សជាទីស្រលាញ់ជិតស្លាប់ចំពោះមុខនោះបានទៅ? ខ្ញុំដឹងច្បាស់ណាស់ ព្រោះកាំបិតកម្ចាត់បិសាចមានមន្តអាគមអាចធ្វើឱ្យបិសាចរលាយស្លាប់បាត់បន្សល់ត្រឹមតែផ្សែងមិនសល់សូម្បីតែវិញ្ញាណបើចាក់ចំបេះដូង។ បើចាក់លើមនុស្សក៏ត្រូវតែមានគ្រោះថ្នាក់ដល់ជីវិតដូចគ្នា ទោះកាំបិតនេះគ្មានអាគមអាចសំលាប់ជីវិតមនុស្សបានក៏ពិតមែន តែជាតិពិសក្នុងកាំបិតនេះក៏មិនធម្មតានោះដែរ។ ដារីចាប់ដៃខ្ញុំនិយាយទាំងញញឹម ខ្លួននាងចាប់ផ្តើមត្រជាក់ មាត់របស់នាងស្លេកស្លាំងមិនសល់ឈាមសូម្បីតែមួយតំណក់ ឯពោះរបស់នាងហូរឈាមស្ទើរតែខ្សោះទៅហើយ។ « កុំ...កុំទាន់អី.... ខ្ញុំមិនដឹងថាខ្ញុំស្លាប់ឬរស់ទេ។ តែ..... តើអាចប្រាប់អូនពាក្យចុងក្រោយដែលអូនចង់ឮបានទេ? អូនពិតជាចង់ដឹងពីចិត្តរបស់បងណាស់» ខ្ញុំដឹងថានាងចង់បានន័យដល់ពាក្យអ្វី ខ្ញុំក៏ងក់ក្បាលទាំងទឹកភ្នែកហូរលែងខ្មាស់នរណា « បងស្រលាញ់អូន បងស្រលាញ់អូនដារី.....កុំទៅចោលបងម្នាក់ទៀតអីបានទេ? បងស្រលាញ់អូនណាស់ ស្រលាញ់តាំងពីបានជួបអូនលើកដំបូង» ខ្ញុំនិយាយទាំងទឹកភ្នែក ហើយឱនថើបដារី ។ ដារីញញឹមហើយក៏បិទភ្នែកទៅ។ « អត់ទេ ដារី កុំទៅ កុំទៅណា...កុំគេងណា..ត្រូវប្រឹងបើកភ្នែកឡើង....អត់ទេ.... ហេតុអីព្រះជាម្ចាស់អយុត្តិធម៌ចំពោះខ្ញុំខ្លាំងម្ល៉េះ? ហេតុអីឱ្យរឿងបែបនេះកើតឡើងចំពោះខ្ញុំម្តងហើយ ម្តងទៀត? ខ្ញុំស្អប់លោកណាស់» ខ្ញុំមានតែស្រែកយំជេរព្រហ្មលិខិត ហើយឱបដារីយ៉ាងណែនក្នុងរង្វង់ដៃ។ ស្នេហាដែលគ្មានថ្ងៃបញ្ចប់ « ខ្ញុំនៅទីណានេះ ហេតុអីបានជាជុំវិញខ្ញុំសុទ្ធតែពណ៌សអ៊ីចឹង? ខ្ញុំស្លាប់ហើយមែនទេ? Knight អូនលែងបានជួបបងទៀតហើយ..... ពួកយើងត្រូវបែកគ្នាជារៀងរហូតហើយមែនទេ? សុំទោសដែលអូនមិនអាចនៅជាមួយបងបន្តទៀតបាន... យ៉ាងណាក៏អូនអស់ចិត្ត ដែលនាទីចុងក្រោយនៃជីវិតរបស់អូនបានជួបបង បានជួយបង ហើយស្តាប់ពាក្យស្រលាញ់ពីបងទៀត..... » ខ្ញុំបានត្រឹមតែគិតទាំងឈឺចាប់ និងស្តាប់ឮសំឡេងទឹកភ្នែកខ្លួនឯងដែលស្រក់មកគ្មានពេលណាឈប់។ ខ្ញុំវិលវល់ ទាំងមិនដឹងថាខ្លួនខ្ញុំនៅទីណា ឋានសួគ៌ ឬក៏ឋាននរក។ ខ្ញុំមិនស្តាយក្រោយអ្វីដែលបានលះបង់ចំពោះមនុស្សប្រុសដែលខ្ញុំស្រលាញ់ឡើយ តែពេលនេះខ្ញុំនឹកគេ ជាពិសេសខ្ញុំខ្លាច ខ្លាចអារម្មណ៍ឯកា ខ្លាចភាពរងារ ខ្លាចក៏រស់នៅម្នាក់ឯង ដូចដែលម៉ាក់ប៉ាធ្លាប់ទុកខ្ញុំចោល។ « បើឱ្យរើសរវាង ឋានសួគ៌ និងស្នេហាដែលស្ថិតនៅក្នុងឋាននរក តើនាងនឹងរើសយកមួយណា » មានសំំលេងមួយមិនដឹងចេញពីខាងណាបន្លឺឡើងពីចំងាយ។ ខ្ញុំក៏ប្រឹងក្រោកស្រវារកច្រកចេញដំដៅទៅរកប្រភពសំឡេងមួយនោះ។ ទីបំផុតរូបរាង មនុស្សស្រីស្រស់ស្អាតម្នាក់ ឈរចំពីមុខខ្ញុំ។ ខ្ញុំសួរទាំងឆ្ងល់ « អ្នកជាអ្នកណា? » « មិនសំខាន់ថាខ្ញុំជានរណា សំខាន់នាងឆ្លើយសំនួរខ្ញុំសិន តើនាងនឹងរើសយកមួយណា រវាងស្នេហា និងឋានសួគ៌? » ប្រហែលជាទេពតានៅឋានសួគ៌អាណិតខ្ញុំចង់ផ្តល់ឱកាសឱ្យខ្ញុំ មែនទេ? គិតបានបន្តិចខ្ញុំក៏ឆ្លើយទាំងជឿជាក់មិនស្ទាក់ស្ទើរ និងស្តាយក្រោយ « ខ្ញុំ ខ្ញុំរើសយកស្នេហា និងការរស់នៅជាមួយមនុស្សដែលខ្ញុំស្រលាញ់ សូមទេពអប្សរជួយដល់ខ្ញុំផង ខ្ញុំសូមអង្វរ » « តើគិតច្បាស់ហើយមែនទេ? គិតឡើងវិញម្តងទៀតដែរទេ? ស្នេហាជាវត្តសង្សាដែលមានគ្រប់រសជាតិកើតឡើងមិនចេះអស់មិនចេះហើយ វាមិនមែនជាការបញ្ចប់នៃសុភមង្គលទេ វាជាការចាប់ផ្តើមនៃវដ្តជីវិត បើនាងរើសយកស្នេហាតើនាងបានត្រៀមខ្លួនទទួលការឈឺចាប់ ការសប្បាយរីករាយ និងគ្រប់រសជាតិដែលនឹងចូលមកដល់ដែរឬទេ? តែបើនាងសំរេចរើសយកឋានសួគ៌នេះជាវិថីចុងក្រោយដែលគ្មានការឈឺចាប់ មានតែភាពសប្បាយរីករាយរហូតទៅ » ខ្ញុំគ្រវីក្បាលដោយមិនស្តាយក្រោយ « ខ្ញុំម្ចាស់សំរេចចិត្តហើយ ស្នេហា និងភាពកក់ក្តៅពីមនុស្សជាទីស្រលាញ់គឺជាអ្វីដែលខ្ញុំម្ចាស់ចង់បាន ទោះទទួលការឈឺចាប់យ៉ាងណា ខ្ញុំម្ចាស់ក៏ព្រមទទួលដែរ » « ល្អ! តែនាងនឹងមិនអាចបកក្រោយបានទេណា » ខ្ញុំងក់ក្បាលទាំងមានសង្ឃឹម និងមិនស្តាយក្រោយនូវអ្វីដែលកំពុងតែសម្រេចចិត្ត។ បន្ទាប់មកស្រាប់តែមានដុំពន្លឺដ៏ធំមួយហោះមកជិតខ្ញុំ ធ្វើឱ្យខ្ញុំត្រូវលើកដៃបាំងព្រោះតែវាធ្វើឱ្យខ្ញុំស្រវាំងចាក់ភ្នែកមើលអ្វីមិនយល់ វាស្រាប់តែមានថាមពលម្យ៉ាងស្រូបយកវិញ្ញាណខ្ញុំទៅទាំងមិនដឹងថានឹងទៅដល់ទីណា។ ដៃរបស់ខ្ញុំចាប់ផ្តើមកម្រើក ភ្នែកដែលទន់ស្ទើរតែគ្មានកម្លាំងកំហែងបានប្រឹងបើកភ្នែកឡើង តែបែរជាជួបនូវភាពងងឹតជុំវិញខ្លួនទៅវិញ ហេតុអីខ្ញុំនៅទីនេះ? តើខ្ញុំនៅឋាននរកមែនទេ? ទេទេ..... ផ្លូវដែលខ្ញុំចង់ទៅ គឺបានត្រលប់ទៅជួប Knight វិញ។ ខ្ញុំខ្លាចណាស់អ្នកណាក៏បានដែរជួយខ្ញុំផង។ ស្រាប់តែសំឡេងមួយបានបន្លឺឡើងធ្វើឱ្យបេះដូងរបស់ខ្ញុំលោតខុសចង្វាក់តែពោរពេញដោយភាពកក់ក្តៅ « Knight របស់អូនគឺជានរកនៅក្នុងឋានមនុស្សលោក អូនមិនចង់រស់នៅជាមួយបងទេមែនទេ?» ខ្ញុំប្រឹងបើកភ្នែកម្តងទៀត ហើយប្រឹងសំឡឹងមើលជុំវិញខ្លួនដែលចាប់ផ្តើមមានពន្លឺបន្តិចម្តងៗ ក្រោយពេលទើបសាំនឹងពន្លឺខ្លះដែលមាននៅទីកន្លែងនេះ។ អ្វីដែលខ្ញុំឃើញគឺរូបរាងស្រស់សង្ហារបស់មនុស្សជាទីស្រលាញ់របស់ខ្ញុំ ដែលនៅជិតខ្លួនខ្ញុំបង្កើយ ហើយដៃរបស់គេឱបចង្កេះខ្ញុំជាប់ស្ទើរតែមិនរបូត ពោរពេញដោយទឹកមុខរំភើប តែក៏លាយឡំនឹងការអន់ចិត្តខ្លះៗ ប្រហែលជាគេឮអ្វីដែលខ្ញុំគិតហើយ។ ខ្ញុំរំភើបណាស់ យកដៃប៉ះស្ទាបមុខ និងថ្ពាល់របស់គេទាំងរីករាយ « Knight! នេះបងមែនទេ? អូនមិនយល់សប្តិទេមែនទេ? អូន! អូននៅរស់ទេមែនទេ? » ខ្ញុំឱប Knight យ៉ាងណែនដើម្បីបញ្ជាក់ថាខ្ញុំពិតជាមិនយលសប្តិ ហើយគេនិងខ្ញុំពិតជាមានសាច់មានឈាម និងមានរូបរាងប្រាកដមែន វាមិនមែជាការស្រមើស្រមៃនោះទេ។ Knight ឱនមុខមករកខ្ញុំស្ទើរតែធ្វើឱ្យមុខ និងបបូរមាត់យើងប៉ះគ្នាទៅហើយ ហើយគេនិយាយតិចៗទាំងសម្តីផ្អែមល្ហែម « អូន លែងកើតអីហើយ អូននឹងគ្មានថ្ងៃទៅណាចាកចោលបងបានទៀតនោះទេណា» ពួកយើងឱបគ្នាទាំងក្តីស្រលាញ់ ខ្ញុំរំភើបលាយលំទឹកភ្នែក។ ហើយពេលនោះក៏ជាវេលាដែលពួកយើងមានស្នាមថើបរួមគ្នាជាលើកដំបូង អូយ! អៀនណាស់លោកអើយ។ ប៉ុន្តែ.......បន្ទាប់មកទៀត មិនដឹងថាវាជារឿងរំភើបទៀតដែរ ឬក៏អត់ទេនេះ.....នូវរឿងដែលខ្ញុំទើបតែដឹង...ជាពិសេសពួកយើងមានស្នាមថើបដំបូងនៅក្នុងមឈូស...!!! អូយ ! សុំសន្លប់មួយសិន។ ក្រោយពីបានតាំងស្មារតីរួចមក ខ្ញុំដឹងរឿងទាំងអស់តាមដែល Knight ប្រាប់ខ្ញុំថា ខ្ញុំវីសនឹងស្លាប់ទៅហើយ តែ Knight មិនអស់សង្ឃឹមទេ គេបានតស៊ូបីខ្ញុំទៅរកប៉ាម៉ាក់របស់គេដើម្បីជួយ។ មិនដឹងជាសំណាងល្អ ឬ ទេពតាជួយ កាំបិតដែល រីមកូនចៅជំនាន់ក្រោយគ្រួសារកំចាត់បិសាចចាក់មកលើខ្ញុំ មាននៅសល់ជាតិពិសមិនដល់៣០%ផង។ ប្រហែលជាវាអស់អំណាចតាមសម័យកាលហើយ បន្ទាប់មកខ្ញុំក៏ត្រូវបានជួយសង្គ្រោះ តែវាបានក្លាយជាគ្រោះភ័យម្តងទៀត ព្រោះតែខ្ញុំបាត់បង់ឈាមច្រើន ហើយវេលាក៏ប្រថុចញ៉ុច ខ្ញុំអាចនឹងស្លាប់ព្រោះតែអស់ឈាមពីក្នុងខ្លួន ដោយហេតុនេះហើយវិធីចុងក្រោយនោះគឺ....... ម៉ាក់របស់ Knight បានចូលមកក្នុងព្រលឹងរបស់ខ្ញុំ ដើម្បីឱ្យខ្ញុំជ្រើសរើស ស្នេហានៅក្នុងឋានរក និងឋានសួគ៌។ ពុទ្ធោ! ស្មានតែទេតពតា ការពិតជាម៉ាក់របស់ Knight សោះ គាត់ចង់ដឹងពីចិត្តរបស់ខ្ញុំថាអាចរួមសុខទុក្ខ និងទទួលនូវជីវិតថ្មីដែលមិនមែនជាមនុស្សបាន ឬក៏អត់ព្រោះវិធីចុងក្រោយមួយនេះ ច្បាប់បិសាចមិនអាចប្រើបានឡើយ លុះត្រាតែទទួលបានការយល់ព្រមពីសាម៉ីខ្លួន ។ ក្រោយពីទទួលបានការយល់ព្រម ម៉ាក់របស់ Knight បានប្រើវិធីជួយសង្គ្រោះចុងក្រោយមួយនោះ.....នោះ គឺការប្តូរខ្ញុំឱ្យក្លាយជាបិសាចជញ្ជក់ឈាមដូចពួកគាត់ដែរ។ ពេលនេះខ្ញុំមិនមែនជាមនុស្សទៀតទេ....។ ក្រោយពីរៀបរាប់ប្រាប់ខ្ញុំរួច Knight កាន់ដៃរបស់ខ្ញុំសួរទាំងមានអារម្មណ៍ភ័យខ្លាច និងស្ទាក់ស្ទើរមិនច្បាស់ពីទឹកចិត្តរបស់ខ្ញុំ។ « អូនខ្លាចទេ ដែលអូនត្រូវក្លាយជាបិសាចដូចបងហ្ហាស? » ខ្ញុំញញឹមជល់ថ្ងាសគេលេងរួចនិយាយ « អូនមិនខ្លាចទេ នេះជាផ្លូវដែលអូនជ្រើសរើស នោះគឺផ្លូវដែលអូនចង់រស់នៅជាមួយបងណា Knight » ខ្ញុំញញឹមផងសើចផង និយាយទាំងមិនស្ទាក់ស្ទើរតបនឹងម្ចាស់ចិត្តរបស់ខ្ញុំ។ តែ Knight នៅតែនិយាយទាំងមិនទាន់ជឿជាក់ « អូនត្រូវផឹកឈាមមនុស្សដើម្បីរស់ណា អូនមិនខ្ពើមទេ? ចុះម៉ាក់ប៉ាអូន អូនលែងបានជួបពួកគាត់ហើយ អូនមិនអាចត្រូវពន្លឺ អូនអាចចេញក្រៅតែពេលយប់ អូនអាចធ្វើបានទេ? » ខ្ញុំញញឹមហើយយកដៃបិទមាត់ Knight រួចផ្តល់ស្នាមថើបដ៏កក់ក្តៅ និងភាពជឿជាក់ ហើយ កើយស្មាគេជាចំលើយគ្រប់ម៉ាត់ថានឹងព្រមរស់នៅជាមួយគេអស់មួយជីវិត។ ពួកយើងឱបគ្នាសម្លឹងផ្ទៃទឹកថ្ងៃមុនដែលធ្លាប់អង្គុយរួមគ្នា ពោរពេញដោយសេចក្តីសុខ។ ទោះជាពិធីរៀបការរបស់យើងមានតែចាស់ទុំក្នុងគ្រួសារ Knight តែខ្ញុំក៏មានសុភមង្គល និងសប្បាយរីករាយ។ ម៉ាក់ប៉ាបងប្អូន Knightសុទ្ធតែស្រលាញ់ចូលចិត្តខ្ញុំទាំងអស់ ពួកយើងនិយាយត្រូវគ្នា និងស្និទ្ធស្នាលគ្នាខ្លាំងណាស់ ខ្ញុំប្រហែលជាគ្មានអ្វីត្រូវព្រួយបារម្ភទៀតទេ លើកលែងតែ........។ ខ្ញុំសម្លឹងមើលម៉ាក់ប៉ារបស់ខ្ញុំពីចំងាយទាំងក្រៀមក្រំ ឃើញគាត់មានសុខភាពល្អ និងអាចបន្តការរស់នៅដោយគ្មានកូនស្រីម្នាក់នេះទៀត ខ្ញុំក៏អស់ចិត្តដែរ។ ភ្លេចប្រាប់ទៅ នៅពេលខ្ញុំគ្រោះថ្នាក់ Knight ប្រតិដ្ឋរឿងថាខ្ញុំជួបគ្រោះថ្នាក់ចរាចរណ៍ធ្លាក់ជ្រោះស្លាប់បាត់ទៅហើយ ដើម្បីឱ្យម៉ាក់ប៉ាបានកាត់ចិត្តពីខ្ញុំ ព្រោះការពិតទៅខ្ញុំពិតជាស្លាប់បាត់ទៅមែនហើយ ខ្ញុំមិនមែនជាមនុស្សទៀតទេ។ ពួកយើងបានក្លាយទៅជាមនុស្សនៅក្នុងភពផ្សេងគ្នាទៅហើយ ឱ្យកូនសុំទោសម៉ាក់ប៉ាដែលកូនមិនអាចមើលថែលោកទាំងពីរបាន តែកូននឹងតាមមើលលោកពីចំងាយដោយក្តីស្រលាញ់។ កូនជាកូនស្រីអកត្តញ្ញូមែន! តែកូនពិតជាគ្មានផ្លូវជ្រើសរើសទេ កូនមិនចង់ឱ្យម៉ាក់ប៉ារន្ធត់ចិត្តជាងនេះទេ ពេលដែលដឹងរឿងរ៉ាវគ្រប់យ៉ាង។ អ្នកដទៃដែលដឹងរឿងនេះអាចនឹងស្អប់ខ្ញុំ ខឹងខ្ញុំដែលធ្វើបែបនេះចំពោះម៉ាក់ប៉ា តែខ្ញុំពិតជាគ្មានជម្រើសពិតមែន។ ខ្ញុំមិនមែនជាមនុស្សទៀតទេ។ ....................................... ថ្ងៃនេះពួកយើងមានគំរោងដើរលេងទៀតហើយ ភ្លេចប្រាប់ទៅថា តាំងពីខ្ញុំរៀបការជាមួយ Knight មក ខ្ញុំប្រៀបបីដូចជាមានកម្លាំងពិសេសដូចជាបិសាចសុទ្ធទៅហើយ។ អេ! នេះ ប្រហែលជាអំណាចនៃជីវិតប្តីប្រពន្ធទេដឹង។ ខ្ញុំអាចដើរលេងពេលថ្ងៃ និងមានសភាពស្ទើរតែដូចជាពូជស្តេចបិសាចទៅហើយនេះ គ្រាន់តែ ត្រូវការពារខ្លួនពីកម្តៅថ្ងៃ ដោយមិនត្រូវប្រហែសខ្លះៗប៉ុណ្ណោះ។ អ្វីដែលពិបាកជាងគេគឺរឿងផឹកឈាមមនុស្សតែម្តង។ ចង់ប្រាប់ថាគួរឱ្យខ្ពើម គួរឱ្យខ្លាចមែនទែន ចាំថាលើកដំបូងដែលខ្ញុំផឹកឈាម ខ្ញុំក្អួតចេញមកវិញទៀតផង។ ពេលនេះខ្ញុំក៏មិនទាន់ស៊ាំដែរ តែមានKnight កំពូលកូរតែងតែធ្វើគ្រប់យ៉ាងដើម្បីឱ្យខ្ញុំផឹកឈាម។ ខ្ញុំរត់ពេញផ្ទះដ៏ធំស្កឹមស្កៃរបស់យើង គេចពីការតាមចាប់របស់ Knight។ « ឈប់សិនអូនសម្លាញ់ កុំទៅណា មកឱ្យបងចាប់តាមស្រួលភ្លាម » « មិនឈប់ទេ! កុំតាមអូនទៀតអី » « បើអូនមិនឈប់ បងនឹងប្រើវេទមន្តចាប់អូន» « ហាមប្រើវេទមន្ត!!! មាត្រាទី ១០៣ របស់អូនបងឯងចាំអត់ថាហាមប្រើវេទមន្តឱ្យសោះបើគ្មានការចាំបាច់ ជាពិសេសគឺបើគ្មានការអនុញ្ញាតិពីអូន» « ស្រីឆ្កួត តែនេះជាការចាំបាច់ បើអូនមិនឈប់គេចពីបងទេ បងនឹងហោះទៅរកអូនហើយ ពេលនោះអូនមិនរួចខ្លួនទេ » « បងឯងហ៊ានមើល៍! យប់នេះបងគេងក្រៅបន្ទប់ » « អត់ទេ !» ខ្ញុំរត់បណ្តើរសើចបណ្តើរ ស្រាប់តែ Knight រត់មកចាប់បីខ្ញុំជាប់។ ខ្ញុំស្រែកបន្តិច រួចប្រឹងរើពីដៃរបស់គេទាំងធ្វើមុខក្រញ៉ូវ ហើយគក់ទ្រូងគេទាំងខឹងផង « បងឯងលេងខូចគេ បងឯងមិនទុកច្បាប់របស់អូននៅក្នុងចិត្តទេ...បងឯងអត់ស្រលាញ់អូនទេ ! គួរឱ្យស្អប់ អូនខឹងបងឯងហើយ ...កុំមកប៉ះអូន» « មកពីអូនឯងក្បាលរឹងពេក! ម្យ៉ាងបងមានខុសឯណា ក្រែងថាមានរឿងចាំបាច់បានឱ្យបងប្រើវេទមន្តមែនទេ? នេះជារឿងសុខភាពរបស់ប្រពន្ធបងទាំងមូល បងត្រូវតែធ្វើ» « តែអូនមិនចង់» « អូនត្រូវតែផឹកឈាម» « អត់ទេ! ពិបាកលេបណាស់» ខ្ញុំធ្វើមុខគួរឱ្យអាណិតលួងលោមស្វាមីសង្ហារបស់ខ្ញុំ « តែអូនមិនចង់លេបទេណា » Knight បែរមុខចេញទាំងគិតបន្តិច រួចជប់ចេញដបទឹកដ៏ស្រស់ស្អាតមួយ។ ខ្ញុំពេបមាត់ទាំងចង់យំបន្តិចអីបន្តិច ព្រោះដឹងថាវាជាដបឈាមហ្នឹងណា។ « ញ៉ាំបន្តិចទៅណា មិនអ៊ីចឹងអូននឹងឈឺ បងសូមអង្វរ » « តែអូនមិនចូលចិត្ត» Knight ធ្វើមុខក្រញ៉ូវរួចបើកគម្របដបនោះឡើង ខ្ញុំបិទភ្នែកជិតទាំងញ័រខ្លួន ព្រោះខ្ញុំដឹងថា គេប្រាកដជាយកដបទឹកនោះមកបញ្ច្រកខ្ញុំជាមិនខាន។ តែស្រាប់តែរបស់ទន់ៗមួយដែលខ្ញុំស្តាល់ច្បាស់បានមកប៉ះបបូរមាត់របស់ខ្ញុំ ខ្ញុំក៏តបស្នងបបូរមាត់ដ៏ផ្អែមល្ហែម និងទន់ភ្លន់មួយនោះទាំងអារម្មណ៍ពុះកញ្ជ្រោល ស្រាប់តែមានទឹកដែលធុំក្លិនឈាមបានផ្ទេរចេញពីមាត់ Knight បញ្ចូលទៅក្នុងមាត់របស់ខ្ញុំ។ អាយ! មនុស្សឆ្កួតលេងខ្សែលើគេផង។ ខ្ញុំប្រុងនឹងរុញគេចេញដើម្បីខ្ជាក់ឈាមចេញមក តែKnight ឱបខ្ញុំជាប់ រួចការថើបកាន់តែខ្លាំងទៅៗ ពុះកញ្ជ្រាលទៅរហូតខ្ញុំលែងដឹងពីរសជាតិអាក្រក់ពិបាកលេបរបស់ឈាមហើយ ព្រោះរសជាតិផ្អែមល្ហែមស្នាមថើបរបស់ Knight មានឥទ្ធិពលជាងហ្នឹងណា។ អូយ! ខ្មាសគេណាស់ គេដឹងចិត្តអស់រលីង។ បន្ទាប់ពីបញ្ចប់ស្នាមថើប និងឈាមរត់ហូរចូលទៅក្នុងពោះរបស់ខ្ញុំអស់ ខ្ញុំក៏អង្គុយទាំងង័រងក់បែរខ្នងដាក់ Knight ទាំងមុខក្រហម។ អៀនក៏អៀន ខឹងក៏ខឹង មនុស្សប្រុសស្អីខូចម៉េះ ចំណេញលើគេហើយបោកគេឱ្យផឹកឈាមចូលទៅទៀត គួរឱ្យស្អប់បំផុត។ Knight ប្រឹងលួងលោមខ្ញុំ តែខ្ញុំធ្វើហី « ឈប់ខឹងទៅណា!អូនសម្លាញ់ ប្រពន្ធសម្លាញ់» « ខឹងអ៊ីចឹងលែងស្អាតហើយ » « បងបារម្ភពីអូនតើ» « មិននិយាយរកបងមួយម៉ាត់សិនទេហ្ហេស?» « អ៊ីចឹង..... បងទៅដើរលេងម្នាក់ឯងក៏បានបើប្រពន្ធបងអារម្មណ៍មិនល្អអ៊ីចឹងនោះ» គ្រាន់តែឮថាដើរលេងខ្ញុំក៏ស្ទុះលោតទាំងសប្បាយរីករាយ « ថាម៉េចដើរលេងហ្ហេស? អូនទៅដែរៗៗ អូយ! ខានចេញទៅក្រៅយូរហើយនេះ» Knight ញញឹមញញែមសប្បាយចិត្តដែលលួងខ្ញុំបានសម្រេច។ Knight និយាយទាំងភ្នែកមានកល់ល្បិច « ទៅបាន! តែមានលក្ខខ័ណ្ឌ» « អីគេទៀតហើយ?» ខ្ញុំនិយាយទាំងមុខក្រញ៉ូវ។ ................................................................... នៅក្នុងឡាន Knight ញញឹមញញែមប្រឹងទប់សំណើចមកមកខ្ញុំហើយសួរទាំងមុខច្រឡើម « វ៉ែនតាខ្មៅអូនយកមកទេ? ឯណាកន្សែង? អាវដៃវែង??? » ខ្ញុំយកគ្រប់យ៉ាង ដែលបានត្រៀមទុកទាំងទឹកមុខជូរ បង្ហាញស្វាមី Knight កំពូលសង្ហារបស់ខ្ញុំ ព្រោះធុញទ្រាន់នឹងរបៀបរបបពេកហ្នឹងណា។ Knight ងាកពិនិត្យរាងកាយរបស់ខ្ញុំសព្វគ្រប់ រួច យកដៃសង្កត់វ៉ែនតាខ្មៅគ្របឱ្យជិតភ្នែកខ្ញុំ ហើយងក់ក្បាល លើកមេដៃទាំងច្រឡើម។ « ដឹងស្អីទេ ថាមិនអីទេៗៗ នៅត្រៀមនោះត្រៀមដឹងក្តៅស្អុះអត់ ដើរលេងម៉េចសប្បាយ? » « នេះនែ! យកម៉ាក្រញ៉ទៅ មិនអីទេៗៗៗ តែគ្រាន់តែឈឺក្បាលហ្នឹងមែន? » Knight និយាយត្រាប់តាមខ្ញុំដូចថ្ងៃដែលយើងដើរលេងកាលពីលើកមុខ ធ្វើឱ្យខ្ញុំធ្វើមុខជូរ រួចពួកយើងក៏អស់សំណើច ហើយសើចសប្បាយរីករាយពោរពេញដោយសុភមង្គល។ « ចុះយើងទៅណាទៅប្តីសំលាញ់? » « ទៅសួនកំសាន្ត » « ហាស់! សួនកម្សាន្ត? អូនស្រលាញ់បងបំផុត » ខ្ញុំឱបថើប Knight ទាំងរីករាយ។ ស្រលាញ់ប្តីខ្ញុំខ្លាំងណាស់ Knight គួរឱ្យស្រលាញ់ មែនទែន នៅចាំទៀតថាខ្ញុំចង់ទៅលេងសួនកម្សាន្ត ហិហិ។ នេះជាសុភមង្គលពិតៗរបស់ពួកយើងណា ហាមច្រណែនណាមិត្តអ្នកអាន។ សូមលាសិនហើយណា ព្រោះគ្មានអីត្រូវប្រាប់ទៀតទេ សូមផ្តាំមួយមាត់ចុងក្រោយ ស្នេហាជារបស់ដែលអស្ចារ្យខ្លាំងណាស់ណា…៕ Read More
Post News Khmer 5:36 PM 0 ភាគទី ៥ ចាប់តាំងពីយប់ដែលខ្ញុំបាននិយាយជាមួយ Knight មក ពួកយើងក៏ចាប់ផ្តើមស្និទ្ធស្នាលនឹងគ្នាដូចជាគូសង្សារ ទៅណាមកណាជាមួយគ្នាសឹងតែគ្រប់ពេល តែក៏មិនដែលបានហាមាត់និយាយគ្នា ឬប្រាប់គ្នាថាស្រលាញ់ដែរ។ ពាក្យចាស់ពោលថាក្តីស្រលាញ់នៅត្រង់អំពើ មិនមែនស្ថិតនៅលើមាត់ទេមែនទេ? ត្រឹមតែបាននៅជិតគេខ្ញុំមានសេចក្តីណាស់ទៅហើយ។ មិនដឹងថារយៈពេលប៉ុន្មានខែហើយទេ ដែលខ្ញុំតែងតែមានទម្លាប់ទៅក្លឹបរបស់គេសឹងតែរាល់យប់ ព្រោះមនុស្សនឹក និងបារម្ភនោះអី ម្យ៉ាងខ្លាចគេបឺតឈាមមនុស្សស្រីផ្សេង ហិហិ។ តែ Knight គេក៏តែងតែចាប់អូសខ្ញុំចេញពីក្លឹប ឱ្យអង្គុយលេងចាំគេបន្ទប់ពិសេសក្រោមដី ព្រោះថាគេខឹង មិនពេញចិត្តពេលឃើញទឹកមុខស្រេកឃ្លាន និងព្រាននារីរបស់ប្រុសៗនៅក្នុងក្លឹបដែលតាមសំឡឹងមើលខ្ញុំមិនដាក់ភ្នែកនោះអី ហាហា....អូយរំភើបណាស់។ ប្រុសម្នាក់នេះចេះហួងហែង ចេះប្រច័ណ្ឌខ្លាំងណាស់តើ គួរឱ្យស្រលាញ់មែនទែន។ តែក្នុងពេលតែមួយនោះ ម៉ាក់ប៉ាខ្ញុំបានចាប់ផ្តើមសង្ស័យសួរនាំខ្ញុំនិងព្យាយាមជជីកសួរ ព្រោះតែខ្ញុំចាប់ផ្តើមប្លែក និងតែងតែដើរបាត់ៗពីផ្ទះហ្នឹងឯង។ តែខ្ញុំក៏មានលេសនេះ លេសនោះរហូតទៅដែរ។ អ្នកណាទៅហ៊ានប្រាប់ម៉ាក់ប៉ាថា៖ « អេ! កូនកំពុងសេពគប់ជាមួយបិសាចរាត្រី បិសាចជញ្ជក់ឈាមអីបែបនេះនោះ» អ្នកណាទៅហ៊ាននិយាយទៅ សាកនិយាយមើល៍ម៉ាក់ប្រាកដជាស្រែកបែកផ្ទះជាមិនខាន។ មិនមែនស្រែកព្រោះរន្ធត់ទេណា តែស្រែកព្រោះគាត់គិតថា កូនស្រីស្អាត ឆ្លាត ល្អទាំងព្រមរបស់គាត់ម្នាក់នេះកើតរោគឆ្កូតនោះឯង។ គិតៗទៅហួសចិត្តខ្លួនឯងដែរហ្នឹងណា រឿងរ៉ាវដូចជាលឿនពេក ហើយស្ទើរតែមិនគួរឱ្យជឿ សូម្បីតែខ្លួនខ្ញុំនៅមិនទាន់ទទួលយកបានថានេះជាការពិត ឬយល់សប្តិផង ខ្ញុំមានចំណេះឯណាទៅពន្យល់អ្នកម៉ាក់លោកប៉ានោះ មែនទេ? ពិបាកដែរ តែ..ក៏មានសេចក្តីសុខបំផុតក្នុងជីវិត ព្រោះអ្វី? ព្រោះតែមានគេនៅក្បែរគ្រប់ពេលនោះអី ម្យ៉ាងការផ្លាស់ប្តូររបស់គេ និងព្រមធ្វើអ្វីគ្រប់យ៉ាងដើម្បីខ្ញុំ ធ្វើឱ្យខ្ញុំរីកមុខរីកមាត់រាល់ថ្ងៃតែម្តង។ Knight បានប្រែក្លាយទៅជាមនុស្សប្រុសល្អ ផ្អែមល្ហែម ពូកែយកចិត្ត ពូកែ Care មិនដូច Knight ដែលខ្ញុំបានជួបដំបូងនោះទេ ព្រាននារីក៏ព្រាននារី ហើយជាពិសេសនោះគឺពូកែទាក់មនុស្សស្រីបឺតឈាម ហាហា....។ តែពេលនេះគេក៏ព្រមប្តូរគ្រប់យ៉ាងដើម្បីខ្ញុំ ទោះជារឿងខ្លះខ្ញុំមិនបានសុំក៏ដោយ។ សង្សារអ្នកណាគេអីក៏គួរឱ្យស្រលាញ់ម្ល៉េះ? អេ! សង្សារ? មិនអាចថាសង្សារបានទេ គេមិនបាននិយាយថាស្រលាញ់ខ្ញុំផង ហើយខ្ញុំក៏មិនបានប្រាប់គេថា ខ្ញុំគិតអ្វីចំពោះគេ ។ ម្យ៉ាងគេមិនបានសុំខ្ញុំជាសង្សារទៀត។ វីវរហើយ! ចុះពេលនេះពួកយើងជាអ្វីនឹងគ្នាឱ្យពិតប្រាកដទៅ? កុំខ្វល់តាមតែវាចុះសំខាន់គឺពេលនេះ ដល់ពេលទៅដើរលេងទៀតហើយ យេ! ។ ពួកយើងចំណាយពេលវេលាដើរលេងជាមួយគ្នាសឹងតែរាល់ថ្ងៃ។ ប្រាកដជាពេលថ្ងៃហើយ ខ្ញុំម៉េចនឹងមានពេលដើរយប់ៗដូចគេទៅ ខ្ញុំជាកូនស្រីណា។ ទោះជាធ្លាប់ត្រូវបដិសេធពីដំបូង តែ...ទីបំផុតគេក៏យល់ព្រមតាមខ្ញុំគ្រប់បែបយ៉ាង គឺគេគួរឱ្យស្រលាញ់យ៉ាងនោះឯង។ ពេលខ្លះខ្ញុំក៏ទៅជួយមើលការងារគេទាំងបើកភ្នែកធំៗដែលមានច្រើនកន្លែងណាស់ស្ទើរតែពេញប្រទេសទៅហើយ នេះមិនរាប់ពីជំនួញក្រៅប្រទេសផង។ ថាគ្រួសារខ្ញុំទៅមាន តែដល់មកស្គាល់គេ ស្រីស្អាតម្នាក់នេះធ្លាក់កាលីបអស់តែម្តង។ និយាយៗទៅ ខ្ញុំមិនដែលដឹងសោះ ថាបិសាចមួយនេះមិនត្រឹមតែសង្ហាទេ តែក៏ពូកែណាស់ដែរ មិនអាចមើលងាយបានទេណា។ ថ្ងៃនេះជាថ្ងៃចុងសប្តាហ៍ មិនខុសពីរាល់ដង ពួកយើងនិយាយគ្នារួចហើយថា នឹងដើរលេងពីល្ងាចម៉ោង៣ទៅ ហើយពេលយប់យើងនឹងទៅក្លឹបទាំងអស់គ្នាតែម្តង ឃើញទេខ្ញុំពូកែរៀបគំរោងអ៊ីចឹងណា ។ មួយសន្ទុះក្រោយមក ឡានទំនើបដែលខ្ញុំជិះឡើងស៉ាំទៅហើយ ហិតតែក្លិនក៏ស្គាល់ដែរ (អូ!មិនមែនទេ ឃើញតែរូបរាងពីចម្ងាយក៏ស្គាល់ដែរ ហាហា.. ) បានឈប់ចាប់ហ្វ្រាំងងឺត ពេលនាឡិកាចង្អុលដល់ម៉ោង ៣ត្រឹម។ គេគួរឱ្យស្រលាញ់មែនតែងមកយកខ្ញុំទៀងពេលជានិច្ច ខ្ញុំក៏ឡើងឡានគេទាំងញញឹមញញែម រួចសួស្តីទៅកាន់គេដែលកំពុងតែធ្វើមុខមាំ។ អេ! មនុស្សសង្ហា ធ្វើមុខមាំក៏ស្អាត សង្ហាម្យ៉ាងដែរ សឹងតែស្អាតជាងញញឹមផង ប្រុសស្អីក៏មានមន្តស្នេហ៍ម្ល៉េះ? « ហាយ… រៀបចំខ្លួនហើយនៅ? » « គឺ…រួចរាល់ហើយ....មិនឃើញទេហ្ហេស? » ហើយមើលឆ្លើយសំនួរខ្ញុំចុះ ខ្ញុំដឹងថាខ្ញុំជាមនុស្សសាំញាំច្រើន តែព្រោះតែបារម្ភគេហ្នឹងឯង។ ខ្ញុំក៏ញញឹមទាំងមិនខឹង ឬប្រកាន់នឹងគេ រួចក៏ញាក់មុខបន្តិច ហើយពិនិត្យមើលគេទាំងប្រឹងទប់ស្នាមញញឹម « អូ អូខេ វ៉ែនតាខ្មៅ កន្សែងរុំក អាវដៃវែង យេស! រួចរាល់ហើយចេញដំណើរ» បន្ទាប់ពីពិនិត្យរួចរាល់ យើងក៏ចេញដំណើរក្រោមខ្សែភ្នែកធុញទ្រាន់ បង្កប់ដោយភាពក្នាញ់របស់ Knight មកកាន់ខ្ញុំ ហើយមិនភ្លេចរអ៊ូតិចៗតាមមកជាមួយ។ « ប្រាប់ហើយតើថាមិនបាច់អីណាស់ណាទេ ត្រឹមវ៉ែនតាមួយគ្រប់គ្រាន់ហើយ ខ្ញុំណា Knight អ្នកដែលពូកែលើសគេ ត្រឹមកំដៅថ្ងៃម៉ោង៣នេះធ្វើអីខ្ញុំបានទៅ? » « ពូកែណាស់ លោកពូកែ....តែ គ្រាន់តែឈឺក្បាលហ្នឹងមែនទេ ហ៊ីស » ខ្ញុំតបទៅវិញទាំងឌឺដង « អូខេ ចុះចាញ់ហើយ ស្រីឆ្នាស់ ឥឡូវថ្ងៃនេះទៅលេងឯណា? » គេតបទាំងធុញទ្រាន់ តែខ្ញុំឃើញលោកឯងញញឹមណា មនុស្សក្បាលរឹង មាត់រឹង ចិត្តទន់នេះ។ ខ្ញុំក៏គិតបន្តិចទាំងរកនឹករួចនិយាយ « ហ៊ី… គឺ....ទៅពិចនិច....ហើយៗ ហើយក៏ដើរទិញអីវ៉ាន់ដូចជាខោអាវ កាបូប ស្បែកជើង នាឡិកា ហើយមើលកុន ដើរលេងសួនច្បារ ហើយក៏ហើយ……… » « អូយ! បានៗៗៗ មានពេលតែប៉ុន្មានម៉ោងនាងដើរលេងអស់ដែរហ្ហេស? រៀបរាប់ច្រើនមែន ទៅណាមុនឱ្យប្រាកដនេះ? ខ្ញុំបើកឡានចង់២ជុំទីក្រុងហើយណា លែងទៅឥឡូវហ្នឹង » « ហិហិ ធ្វើលេងផងមិនបាន គឺមានគំរោងរួចហើយ ចង់ដើរផ្សារធម្មតាដើរញ៉ាំអីតាមផ្លូវណា ខ្ញុំមិនធ្លាប់ដើរលេងចឹងផង ឃើញក្នុងទូរទស្សន៍គេផ្សាយណ៎ សប្បាយណាស់ណា ទៅៗណា » ខ្ញុំឱបដៃយកចិត្ត Knight ហើយឃើញគេលួចញញឹមទៀតផង អេអេ ខ្ញុំឃើញណា មិនបាច់ធ្វើប្ញកឯងដូចធុញទ្រាន់ទេ។ « យ៉ាប់ណាស់ក្មេងនេះ ទៅក៏ទៅ » Knight យកដៃញីក្បាលខ្ញុំធ្វើមុខចង់ស៊ីសាច់តែបង្កប់ដោយស្នាមញញឹមចេញពីចិត្ត។ ពួកយើងបានមកដល់ម្តុំផ្លូវប្រជុំអ្នកទេសចរណ៍ភ្លក់ម្ហូបអាហារតាមផ្លូវ ដែលមានឈ្មោះថា Street Food។ អូយ! របស់ញ៉ាំគ្រប់យ៉ាងគ្រប់មុខ ខ្ញុំឡើងស្រវាំងភ្នែកហើយនេះ របស់ៗសុទ្ធតែឆ្ងាញ់ៗ គួរឱ្យចង់ញុំដល់ហើយ។ ខ្ញុំរីករាយស្ទើរតែចេញចរិតពិតមកអស់ទៅហើយ ហើយស្ទុះរត់ទៅសំដៅរករបស់ញ៉ាំទាំងរំភើប ស្រាប់តែមានដៃមួយចាប់ខ្ញុំជាប់ « នែ! ម្តុំនេះមនុស្សច្រើនណាស់ណា អត់ខ្លាចទេហ្ហី? នៅទីនេះមិនដូចផ្សាទំនើបប្រេនៗដែលនាងធ្លាប់ដើរទេណា។ ណេះ! ចាប់ដៃខ្ញុំឱ្យជាប់ ហើយ កុំទៅណាឆ្ងាយពីខ្ញុំឮអត់? មកតាមខ្ញុំវិញ « Knight ចាប់ដៃខ្ញុំកាន់យ៉ាងណែន ខ្ញុំប្រឹងខ្ទប់ស្នាមញញឹមហើយធ្វើរអ៊ូ « ខ្ញុំមិនមែនក្មេងមិនបាច់ខ្លាចវង្វេងទេ មើលណ្ន! គេមើលគ្រប់គ្នាហើយ បើជ្រុលជាអ៊ីចឹងមិនយកខ្សែចងដៃជាប់គ្នាតែម្តងទៅ ឆើស! » « និយាយច្រើនណាស់ តោះ!» និយាយរួច Knight ក៏អូសខ្ញុំទៅ ហិហិ រ៉ូមែនទិចដល់ហើយដើរកាន់ដៃគ្នារហូតចឹង គេបារម្ភខ្ញុំខ្លាំងណាស់ហើយមើលទៅ។ « ប្រុសឆ្កូត» ពួកយើងកាន់ដៃគ្នារករបស់ញ៉ាំជាច្រើនមុខ ភ្លក់របស់គ្រប់ប្រភេទ មិនដឹងជាយប់នេះហើមពោះឬក៏អត់ទេនេះ? តែបើឈឺក៏សមដែរតម្លៃដែរត្រូវអទ់ បើពេលនេះពួកយើងកំពុងតែប្រើពេលវេលារួមគ្នាទាំងអារម្មណ៍ សប្បាយរីករាយពោរពេញដោយសំណើចបែបនេះនោះ ខ្ញុំមិនចង់ឱ្យពេលវេលាកន្លងហួសទៅលឿនបែបនេះសោះ។ បន្ទាប់ពីអស់កំលាំងដើរពេញមួយថ្ងៃពួកយើងក៏ទិញការ៉េមម្នាក់មួយអង្គុយលើស្មៅ មាត់ទឹកដែលអាចឃើញទេសភាពដ៏ស្រស់ស្អាតនៅខាងមុខ ស្អាតដល់ហើយ។ ពួកយើងនៅតែចាប់ដៃគ្នាមិនលែងបើទោះជាពេលនេះមិនមានមនុស្សអ៊ូអរច្រើនដូចមុនក៏ដោយ។ ពេលខ្លះខ្ញុំមិនយល់ពីចិត្តគេសោះ គេតែងតែបារម្ភ មើលថែខ្ញុំ ហើយមើលទៅស្រលាញ់ខ្ញុំណាស់ តែក្រៅពីប្ញកពាដែលបញ្ចេញឱ្យខ្ញុំ ដឹងនិងឃើញ គេមិនដែលហារមាត់និយាយប្រាប់ខ្ញុំមួយម៉ាត់សោះ។ មនុស្សស្រីអ៊ីចឹងឯង ពេលដំបូងមិនបាច់ត្រូវការពាក្យស្រលាញ់ សុំតែបាននៅក្បែរ តែពេលនេះខ្ញុំពិតជាត្រូវការពាក្យ៣ម៉ាត់នេះពីគេខ្លាំងណាស់ មនុស្សស្រីអីក៏លោភលន់ម្ល៉េះហ្ន? « មើលអី មើលម៉េះ ចង់សួរអីទៀតហើយមែនទេ? » Knight ងាកមកមើលមុខខ្ញុំ ខ្ញុំមិនដឹងនិយាយថាម៉េចមានតែលេបសំណួរចូលទៅក្នុងពោះ ហើយមើលមុខគេវិញ បន្តិចទើបសម្រេចចិត្តគេងផ្អែកលើស្មារបស់គេ « នែ ធ្វើអីហ្នឹង អត់ខ្លាចគេឯងឃើញទេហី? » មាត់ដូចប្រកែកតែគេក៏មិនបានរុញខ្ញុំចេញដូចសម្តីឡើយ មិនបាច់ខំធ្វើជាមិនចាប់អារម្មណ៍ទេ ខ្ញុំដឹងចិត្តលោកឯងខ្ទេចហើយ។ « គ្រាន់សុំសំរាកបន្តិចអត់បានទេ ហី? ហត់ណាស់ណា គ្រាន់តែសុំគេងផ្អែកតិចមិនបាន ចុះកាន់ដៃគេមួយថ្ងៃហើយគេមិនថាផង » ខ្ញុំថាឱ្យគេវិញទាំងក្បាលនៅតែកើយស្មាគេ។ Knight គេបានតែសម្តីបែបនេះ តែគេក៏មិនដែលចិត្តអាក្រក់ចំពោះខ្ញុំម្តងណាឡើយ នៅក្បែរគេកក់ក្តៅមែនទែន។ ពួកយើងអង្គុយស្ងប់ស្ងៀមមិននិយាយគ្នាបន្តរួចសម្លឹងទៅសួនកំសាន្តនៅនឹងមុខ។ ខ្ញុំក៏និយាយតិចៗស្ទើរតែស្តាប់មិនបាន « ចង់ទៅលេងសួនកំសាន្តដល់ហើយ » ពេលឮខ្ញុំនិយាយទើប Knight ចាប់ភ្លឹកថានៅខាងមុខយើងមិនឆ្ងាយប៉ុន្មានពិតជាមានសួនកំសាន្តពិតមែន « នេះនាងអាយុប៉ុន្មានហើយ នៅចង់លេងសួនកំសាន្តទៀត ហ្នឹងសំរាប់កូនក្មេងទេណា ម្យ៉ាងយប់ហើយ ខ្ញុំត្រូវប្រញាប់ទៅក្លឹបផង នាងក៏ប្រញាប់ទៅផ្ទះដែរទៅ» « អ្នកណាថាមនុស្សធំលេងមិនបាន? នោះ! មានមនុស្សធំលេងដែរតើ ចាំថ្ងៃក្រោយចាំលេងក៏បានបើលោកប្រញាប់ទៅធ្វើការអ៊ីចឹង » ខ្ញុំក្រោកចេញពីស្មាគេទាំងទឹកមុខងរងក់ ។ « ប៉ុន្តែខ្ញុំមិនទាន់ចង់ទៅផ្ទះទេ ខ្ញុំចង់ទៅក្លឹបដែរណា » ខ្ញុំឱបដៃគេយកចិត្តម្តងទៀត តែគេបែរជាប្រកែកទាំងមុខមាំ « អត់ទេខ្ញុំជូនទៅផ្ទះវិញ នាងចេញពីផ្ទះយូរម៉ោងហើយ ហើយក៏ឧស្សាហ៍មកក្លឹបខ្ញុំរាល់យប់ដែរខ្ញុំហាមប៉ុន្មានដងក៏នៅតែមិនស្តាប់ ម៉ាក់ប៉ានាងនឹងបារម្ភណា ធ្វើក្មេងល្អខ្លះទៅ តោះ! ទៅវិញ » Knight ទាញដៃខ្ញុំទៅ តែខ្ញុំមិនដើរតាម គេក៏ងាកមកខ្ញុំម្តងទៀតហើយសួរទាំងឆ្ងល់។ « ហើយម៉េចទៀតហើយ……កុំងរងក់អីនាងធំហើយ » Knight និយាយប្រយោគចុងក្រោយតិចៗព្រោះឃើញទឹកមុខ ដែលខឹងរបស់ខ្ញុំ គឺពេលនេះខ្ញុំខឹងនឹងគេខ្លាំងពិតមែន « Knight លោកក្រែងពូកែណាស់? លោកដឹងតើថាខ្ញុំគិតអីមែនទេ? ឬលោកមិនដឹងទេ ថាហេតុអីខ្ញុំចង់ទៅក្លឹបជាមួយលោករាល់យប់ ជួបលោករាល់ថ្ងៃ? » Knight ឮខ្ញុំនិយាយក៏លែងដៃខ្ញុំហើយងាកមុខចេញ។ ខ្ញុំដើរងាកតាមគេសួរទាំងឈឺចាប់ « មើលមុខខ្ញុំមក Knight លោកដឹងឬមិនដឹង? ឬលោកធ្វើជាមិនដឹង? មនុស្សគ្មានបេះដូង!!! លោកមិនដឹងទេហ្ហីថាខ្ញុំ.....ស្រលាញ់លោកណា » ខ្ញុំនិយាយទាំងទឹកភ្នែក ខ្ញុំឃើញ Knight ងាកមកមើលខ្ញុំទាំងកែវភ្នែកឈឺចាប់។ គេយកដៃជូតទឹកភ្នែកខ្ញុំយ៉ាងទន់ភ្លន់ធ្វើឱ្យខ្ញុំសប្បាយចិត្តជាខ្លាំង តែកែវភ្នែកគេបែរជាផ្លាស់ប្តូរមួយរំពេច រួចយកដៃចេញហើយនិយាយទាំងមុខមាំ « មែនហើយ! នាងនិយាយត្រូវ ខ្ញុំជាមនុស្សគ្មានបេះដូងពិតមែន ខ្ញុំមិនមែនជាមនុស្សដូចជានាងនោះទេ។ អរគុណចំពោះក្តីស្រលាញ់ តែខ្ញុំគ្មានក្តីស្រលាញ់ឱ្យអ្នកណាទៀតទេ » ពាក្យសំដីគេដូចកាត់យកបេះដូងខ្ញុំទៅបាត់ទាំងរស់អ៊ីចឹង ម៉េចក៏មិនសំលាប់ខ្ញុំតែម្តងទៅ? ទឹកភ្នែកខ្ញុំហូរជាថ្មី ហូរដូចទឹកបាក់ទំនប់ រួចប្រឹងនិយាយទាំងសំឡេងឈឺចាប់ « លោកប្រហែលជាមិនទាន់បំភ្លេចលីណា ទេមែនទេ? ល្អបើវាជាការពិតនោះ តែលោកមិនអាចកុហកខ្លួនឯងនោះទេ។ កុំនិយាយថារយៈពេលកន្លងមកលោកគ្មានអារម្មណ៍ គ្មានគិតអីបន្តិចសោះណា? » « វាជាការពិតទាំងអស់។ ខ្ញុំមានអារម្មណ៍អី គិតអីខ្ញុំខ្លួនឯងដឹងច្បាស់ មិនបាច់នាងមកសួរនាំចេះដឹងរឿងខ្ញុំទេ តើនាងស្គាល់ខ្ញុំច្បាស់ប៉ុណ្ណាហើយ? ខ្ញុំមិនមែនជាមនុស្សដូចដែលនាងគិតទេ រឿងដែលនាងដឹងនិងកំពុងតែគិតអាចនឹងខុសក៏ថាបាន » Knight ស្រែកដាក់ខ្ញុំ ធ្វើអោយខ្ញុំភាំងជាខ្លាំង នេះជាលើកទី១ដែលគេស្រែកដាក់ខ្ញុំ។ គេនិយាយបន្តទាំងមុខមាំ « ខ្ញុំមិនដែលភ្លេចលីណា ហើយខ្ញុំក៏មិនដែលភ្លេចនាងមួយវិនាទីណាដែរ ទោះរាប់រយឆ្នាំទៅមុខក៏ដោយក៏គ្មាននារីណាជំនួសលីណាបានដែរ ស្តាប់បានទេ? » « តែនាងស្លាប់បាត់យូរណាស់មកហើយ នាងទៅបាត់ហើយ នាងលែងនៅលើលោកនេះទៀតហើយ លោកយល់អត់???» ខ្ញុំស្រែកប្រកែកទៅគេវិញ។ ភ្នែករបស់គេឡើងក្រហមពោរពេញដោយកំហឹងរួចចាប់ដៃខ្ញុំទាំងសងខាងនិយាយខ្លាំងៗ « នាងកុំចេះដឹងរឿងខ្ញុំទៀត លីណាមិនទៅណាទេ លីណានៅតែនៅជាមួយខ្ញុំ កុំនិយាយពីលីណាបែបនេះទៀត » Knight និយាយដោយទឹកមុខដែលខ្ញុំមិនដែលឃើញពីមុនមក ធ្វើអោយខ្ញុំខ្លាចគេយ៉ាងខ្លាំង តែភាពអស់សង្ឃឹមមានច្រើនជាង ខ្ញុំមិនអាចទ្រាំបាននូវសំដីឃោរឃៅរបស់គេបាន ខ្ញុំក៏ទាញដៃចេញរត់ចេញទៅ រត់ឱ្យឆ្ងាយពីមុខគេទាំងទឹកភ្នែគសស្រាក់។ ខ្ញុំមិនចង់ឃើញមុខគេទៀតទេ ខ្ញុំស្អប់គេណាស់។ (Knight និយាយ) ខ្ញុំបានត្រឹមតែសំលឹងមើលមនុស្សស្រីក្នុងបេះដូងខ្ញុំរត់ចេញឆ្ងាយពីខ្ញុំដោយទឹកមុខឈឺចាប់ហួសប្រមាណ។ ឃើញនាងឈឺ ខ្ញុំឈឺលើសនាងរាប់រយ រាប់ពាន់ដងទៅទៀត។ ថ្ងៃនេះទោះជានាងមិននិយាយ ក៏ខ្ញុំត្រូវតែនិយាយសំដីឱ្យនាងកាត់ចិត្តពីខ្ញុំដែរ។ ថ្ងៃនេះខុសពីថ្ងៃមុនបើពួកយើងមិនមានរឿងពេលនេះ ក៏យប់នេះក៏ខ្ញុំត្រូវធ្វើការលប់ការចងចាំរបស់នាងចោលដែរ។ ខ្ញុំពិតជាអត្មានិយមណាស់ដែលធ្វើបែបនេះ ខ្ញុំជាមនុស្សគ្មានពាក្យសច្ចៈ តែរឿងនៅពេលនេះបើអាចឱ្យនាងបំភ្លេចខ្ញុំចោលសាងជីវិតថ្មី វាក៏ល្អ បើទោះបីជាវាជាវិធីមួយដ៏ឈឺចាប់បំផុតសម្រាប់ខ្ញុំនិងនាងក៏ដោយ។ ខ្ញុំពិតជាចង់រក្សានាងក្បែរទ្រូងខ្ញុំខ្លាំងណាស់ តាំងពីមាននាងធ្វើឱ្យជីវិតបិសាចឯកាដូចខ្ញុំមានពន្លឺរស្មីឡើងវិញ ធ្វើឱ្យខ្ញុំមានភាពសប្បាយ រីករាយ ចេះសើចចេះ ញញឹម។ ខ្ញុំច្បាស់ក្នុងចិត្តហើយថានាងជាក្តីស្រលាញ់របស់ខ្ញុំពិតប្រាកដបន្ទាប់ពីថ្ងៃដែលខ្ញុំបានបាត់បង់ លីណា។ តែខ្ញុំគ្រាន់តែនៅបារម្ភចំពោះស្នេហាមួយនេះ ទោះដឹងថានាងមិនប្រកាន់នេងអតីតកាលមួយនោះ តែខ្ញុំខ្លាច ខ្លាច....មិនមែនខ្លាចនាងទៅចោល ឬនាងធ្វើបាបចិត្តរបស់ខ្ញុំឡើយ គឺខ្ញុំខ្លាចភាពឈឺចាប់ដែលបាត់បង់មនុស្សជាទីស្រលាញ់ម្តងទៀតណាស់។ គេថាមនុស្សកាន់តែជិតស្និទ្ធ កាន់តែមានរឿងសប្បាយចិត្ត និងមានសុភមង្គលខ្លាំង វាមិនខុសពីអីដែលសមុទ្រស្ងប់ខ្យល់ខ្លាំងមុននឹងមានព្យុះភ្លៀងបោកបក់នោះទេ។ រឿងដែលកើតឡើងពីប៉ុន្មានថ្ងៃមុនធ្វើឱ្យអារម្មណ៍ និងចិត្តខ្ញុំវក់វីជាខ្លាំង រហូតខ្ញុំមិនដឹងថា ខ្ញុំត្រូវពិភាក្សាជាមួយអ្នកណា។ ខ្ញុំចាប់ផ្តើមមានអារម្មណ៍ថាមានមនុស្សតាមដានខ្ញុំរាល់សកម្មភាព។ ក្រោយមកខ្ញុំបានដឹង មនុស្សម្នាក់នោះជាកូនចៅកម្ចាត់បិសាចដែលបានរត់គេចខ្លួនពីការសំលាប់ផ្តាច់ពូជរបស់ខ្ញុំនៅប៉ុន្មានឆ្នាំនោះ។ ខ្ញុំនឹកថារឿងរបស់គ្រួសាររបស់យើងទាំងពីរត្រូវបានបញ្ចប់ហើយតើកាលពីប៉ុន្មានជំនាន់មុន តែមិននឹកស្មានថាគំនុំរបស់ពួកយើងបន្តដល់កូនចៅពូជពង្សវង្សត្រកូលកូនចៅជំនាន់ក្រោយរបស់គេសោះ។ សម្រិបជើងស្រាលដើរតាមក្រោយខ្នងខ្ញុំ តែខ្ញុំនៅតែដឹងទាន់រួចក៏ដើរគេចយ៉ាងរហ័ស មនុស្សអាថ៌កំបាំងបានប្រឹងដេញតាមខ្ញុំ តែនៅតែមិនឈ្នះនឹងភាពរហ័សរហួនរបស់ខ្ញុំ។ ខ្ញុំបានហោះមកពីក្រោយខ្នងជននោះ រួចនិយាយទាំងសំឡេងមានអំណាច « ឯងជាអ្នកណាតាមយើងធ្វើអី? » ជននោះងាកមកខ្វាច់ បញ្ចេញស្នៀតការពារខ្លួនព្រោះតែភ្ញាក់នឹងវត្តមានរបស់ខ្ញុំ។ ខ្ញុំបើកភ្នែកធំៗភ្ញាក់ផ្អើលបន្តិចពេលឃើញមុខមាត់ និងស្នៀតការពារប្រចាំត្រកូលរបស់គេ តែក៏សម្រួលមុខមាំធម្មតា។ ជននោះក៏និយាយទាំងខឹង « ជនថោកទាបមិនគួរវាយឆ្មក់សត្រូវនៅក្រោយខ្នងទេ គែហៅថាកំសាក» ខ្ញុំសើចចុងមាត់បន្តិចរួចនិយាយ « យើងមិនបានធ្វើអីទេ យើងគ្រាន់តែសួរថាឯងជាអ្នកណា មកពីណា ហេតុអ្វីបានជាតាមយើង ? ឯងមិនគួរខ្លាចបែបនេះសោះ មិនសមជាកូនប្រុសទេដឹងនៅ» « ឯង...ឯង» ជនចម្លែកក្តាប់ដៃខឹង « ឯងគួរតែដឹងថាឯងប្រព្រឹត្តបាបកម្មអ្វីខ្លះ? បានធ្វើអាក្រក់ជួរជាតិបំផុតដាក់អ្នកណាខ្លះ? ពេលឯងនឹកឃើញឯងនឹងដឹងហើយថាយើងជាអ្នកណា? » ខ្ញុំសើចចុងមាត់បន្តិចរួចសួរទាំងមុខមាំ « ឯងចង់បានអី?» « ឈាមរបស់ឯង.....» ខ្ញុំបញ្ចេញអណ្តាតភ្លើងក្នុងកែវភ្នែក។ ពួកយើងទាំងពីរមើលមុខ និងមើលភ្នែកគ្នាបញ្ចេញអំណាចអ្វីម្យ៉ាងពីក្នុងខ្លួន។ វាដល់ពេលហើយមែនទេ? បើវាអាចលុបលាងបាបកម្មខ្ញុំបាន ខ្ញុំនឹងធ្វើ បើវាអាចបញ្ចប់គំនុំរបស់គ្រួសាររសប់ពួកយើងបានខ្ញុំក៏ពេញចិត្តព្រមតាមសំណូមពរគេ។ ទោះជាខ្ញុំខុសធ្ងន់ដែលសម្លាប់គ្រួសារគេ តែគ្រួសារគេក៏មិនមែនមិនខុសសោះដែរ ដែលសម្លាប់មនុស្សស្រីដ៏ស្លូតត្រង់ម្នាក់ និងជាមនុស្សស្រីដែលខ្ញុំស្រលាញ់បំផុតក្នុងជីវិត។ លីណាបងសុំទោសដែលបងមិនអាចរក្សាសន្យាមួយនោះបានថានឹងធ្វើជាមនុស្សសាមញ្ញា រីករាយនឹងជីវិត និងមិនសងសឹក ប្រយុទ្ធ ឬមានគំនុំជាមួយអ្នកណាតទៅទៀតទេ។ យ៉ាងណាគេជាអ្នកបង្កមុន គេមកសងសឹងខ្ញុំហើយ។ យើងក៏និយាយណាត់គ្នាប្រយុទ្ធស្លាប់រស់ហើយដែរ ខ្ញុំក៏តាំងចិត្តសងនូវអ្វីដែលខ្ញុំបានធ្វើ។ទាំងនេះហើយជាហេតុផលដែលខ្ញុំត្រូវតែលែងដៃ ដារី មនុស្សស្រីជាទីស្រលាញ់របស់ខ្ញុំ។ ខ្ញុំចង់ឱ្យនាងមានសុវត្ថិភាព មានសេចក្តីសុខជាមួយជីវិតរបស់នាង ដូច្នេះនៅមុនពេលខ្ញុំទៅកាន់សមរភូមិស្លាប់រស់ខ្ញុំតាំងចិត្តនឹងធ្វើឱ្យថ្ងៃចុងក្រោយរវាងនាងនឹងខ្ញុំមានតម្លៃ និងរីករាយបំផុត បន្ទាបើមកខ្ញុំនឹងលុបការចងចាំរបស់នាង ដើម្បីអោយនាងមានសេចក្តីសុខនឹងជីវិតថ្មី តែរឿងពេលនេះក៏បានបញ្ចប់គ្រប់យ៉ាងហើយដែរ។ ………………………………………………………………………… វេលាស្នេហ៍ដែលត្រូវបញ្ចប់ វេលាម៉ោង១១ ខ្ញុំតែងតួជាអង្គបិសាចពេញយសគ្រងដោយសំលៀកបំពាក់ឈុតខ្មៅតាមទំនៀមទម្លាប់ស្តេចបិសាច ឈរមើលទៅកាន់បន្ទប់ដារី នារីកំពូលស្នេហ៍ជាវេលាចុងក្រោយដែលយើងជួបគ្នាបើសិនជាខ្ញុំត្រូវស្លាប់ តែវាក៏ជាវេលាចុងក្រោយដែរ ដែលនាងចងចាំខ្ញុំបើសិនជាខ្ញុំនៅរស់។ ខ្ញុំឃើញគ្រប់យ៉ាងទាំងការឈឺចាប់ និងទឹកភ្នែកជោគខ្នើយរបស់នាង ដែលរងការឈឺចាប់ចំពោះសម្តីរបស់ខ្ញុំនៅថ្ងៃនោះ តែវាក៏គ្មានដំណោះស្រាយណាផ្សេងក្រៅពីនេះទេ។ សុខចិត្តឱ្យនាងឈឺចាប់នៅពេលនេះ បំភ្លេចខ្ញុំចេញពីបេះដូងប្រសើរជាងឃើញនាងឈឺចាប់ដែលបាត់បង់ខ្ញុំ ឬខ្ញុំត្រូវឈឺចាប់ដែលបាត់បង់នាងមិនអ៊ីចឹងមែនទេ? ………………………………………………..... .........សូមរង់ចាំភាគបញ្ចប់ .............. Read More
Post News Khmer 5:31 PM 0 ភាគទី៤ « លោកចង់ធ្វើអី? » ដៃរបស់ខ្ញុំដែលប្រុងដាក់លើក្បាលនាង ដើម្បីដាក់មន្តអាគម បែរជារឹងនឹងថ្កល់នៅកណ្តាលទីទាំងភ្ញាក់ផ្អើល ព្រោះដារីដែលខ្ញុំគិតថាលង់លក់ក្នុងដំណេកកំពុងបើកភ្នែកធំៗៗទាំងភាពខឹងសម្បារដាក់ខ្ញុំ។ រួចនាងស្រាប់តែក្រោកមក ហើយឈរជិតខ្ញុំ និយាយទាំងខឹង « នេះហេជាពាក្យសន្យារបស់លោក? លោកមិនទុកចិត្តខ្ញុំដល់ថ្នាក់ត្រូវលួចលុបការចងចាំរបស់ខ្ញុំ? មនុស្សប្រុសសុទ្ធតែបែបនេះ ជាមនុស្សមិនគោរពពាក្យសន្យា អូភ្លេចទៅលោកមិនមែនជាមនុស្សផង មានរឿងអីលោកត្រូវខ្វល់ចំពោះពាក្យសន្យាជាមួយមនុស្សធម្មតាដូចខ្ញុំនោះ» ដារីនាងនិយាយឌឺ ដងខ្ញុំ ហើយសើចទាំងអារម្មណ៍ឈឺចាប់ ខ្ញុំមិនដឹងជាឆ្លើយ ទៅនាងយ៉ាងណាទេមានត្រឹមតែពាក្យមួយម៉ាត់និយាយតិចៗស្ទើរតែមិនឮ « ខ្ញុំ ខ្ញុំសុំទោស » ខ្ញុំនិយាយទាំងដឹងកំហុស។ មេឃជិតភ្លឺតែពេលនេះពួកយើងនៅតែអង្គុយនិយាយគ្នាលេងនៅមាត់សមុទ្រទាំងមិនងងុយគេងអ្វីបន្តិចទាល់តែសោះ។ ក្រោយពីនាងដឹងរឿងទាំងអស់ទាំងកំហឹងហើយ ខ្ញុំក៏ហោះនាំនាងទៅនិយាយគ្នាលេងនៅកន្លែងស្ងប់ស្ងាត់មួយនេះ គឹមាត់សមុទ្រ។ មិនដឹងជាអ្វីបណ្តាលចិត្តខ្ញុំ ខ្ញុំបែរជានិយាយរឿងរបស់ខ្ញុំទាំងអស់ឱ្យនាងដឹង ព្រមទាំងរឿងរបស់លីណា មនុស្សស្រីដែលខ្ញុំស្រលាញ់ដែលខ្ញុំមិនដែលនិយាយប្រាប់ អ្នកណាទាល់តែសោះ។ ខ្ញុំបែរជារៀបរាប់រឿងទាំងអស់ ព្រោះមិនចង់ឱ្យនាងយល់ច្រលំខ្ញុំ និងខឹងខ្ញុំ។ ដូចជាការស្មានមែន ដារីនាងចាប់អារម្មណ៍រឿងរបស់ខ្ញុំខ្លាំងណាស់ ទឺកមុខនាងផ្លាស់ប្តូរតាមសាច់រឿងដែលខ្ញុំបានប្រាប់នាងទៀតផង។ នាងប្រហែលជាដឹងរឿង ហើយក៏ឈប់ខឹងខ្ញុំហើយបានជាសំឡេងរបស់នាងប្រែជាទន់ភ្លន់លាយឡំនឹងក្តីអាណិត « ហ៊ី រឿងរបស់លោកពិតជាកំសត់ដល់ហើយណ៎ » « ជីវិតបិសាចក៏មិនខុសពីមនុស្សដែរណា មានការសប្បាយ មានការកើតទុក្ខ.... ពេលខ្លះ....ខ្ញុំច្រណែនមនុស្សណាស់ ពួកគេអាចរស់នៅដោយមានក្តីសុខជាមួយនឹងជីវិតធម្មតាៗ ថែមទាំង អាចរស់នៅជាមួយមនុស្សដែលគេស្រលាញ់បាន។ ពួកខ្ញុំវិញទោះជាមានជីវិតអមតៈ....តែរស់នៅដោយគ្មានន័យ រស់មួយថ្ងៃកំដរមួយថ្ងៃតែប៉ុណ្ណោះ» «កុំគិតចឹងអីណា ត្រូវសប្បាយរីករាយនូវអ្វីដែលយើងមានថ្ងៃនេះ កុំអស់សង្ឃឹមអី ខ្ញុំនឹងធ្វើជាមិត្តរបស់ណា ល្អទេ » ដារីនិយាយ ហើយចាប់ដៃខ្ញុំលើកទឹកចិត្ត ខ្ញុំមើលដៃរបស់នាងដែលចាប់ដៃរបស់ខ្ញុំទាំងភ្ញាក់បន្តិច រួចក៏ញញឹមទទួល។ ថ្ងៃនេះធ្វើឱ្យខ្ញុំយល់នូវរឿងជាច្រើន ខ្ញុំនឹងមិនគិតអ្វីច្រើនទៀតទេ ខ្ញុំត្រូវតែសប្បាយរីករាយនូវអ្វីដែលខ្ញុំមានថ្ងៃនេះពេលនេះ អនាគតគ្រាន់តែជាអ្វីដែលយើងមិនអាចមើលឃើញតែប៉ុណ្ណោះ។ និយាយគ្នាយូរៗទៅ មេឃក៏ជិតភ្លឺ។ « តោះ! ទៅវិញ» «អឺ...ទៅផ្ទះ? មែនហើយមេឃភ្លឺបាត់ តោះ! តែឈប់ឱ្យខ្ញុំត្រៀមខ្លួនសិនណា» ខ្ញុំស្ទើរតែអស់សំណើចទៅហើយនឹងប្ញកពារបស់នាងដែលដូចកូនក្មេង។ ដារីកាន់ដៃខ្ញុំជាប់និងឱបខ្ញុំវិញទាំងញ័រ ពេលខ្ញុំកាន់ដៃនិងឱបចង្កេះនាងហោះទៅផ្ទះនាងវិញដែលចំណាយពេលត្រឹមតែប៉ុន្មាននាទី។ ការពិតចង់ទៅមាត់សមុទ្រជិះឡានយ៉ាងហោចណាស់ក៏ ៣ ទៅ៤ម៉ោងដែរ។ គិតៗទៅខានហោះយូរអ៊ីចឹងសប្បាយម្យាងដែរ។ ពេលទៅដល់ផ្ទះដាក់នាងចុះវិញ ខ្ញុំក៏មើលនាឡិកាហើយនិយាយ « មេឃជិតភ្លឺហើយណា នាងគួរតែសំរាកទៅ ខ្ញុំក៏ត្រូវទៅកន្លែងខ្ញុំដែរណា » ដារីនិយាយទាំងទឹកមុខង័រងក់ « មិនចង់គេងទេ....ខ្លាចអ្នកខ្លះខុសពាក្យសន្យាទៀត » ខ្ញុំសើចហួសចិត្តវាយក្បាលនាងតិចៗទាំងខ្នាញ់ «ម្ត ងនេះខ្ញុំមិនក្បត់ពាក្យសន្យាទៀតទេ ជឿខ្ញុំបានណា » « អូយ! វ៉ៃក្បាលគេទៀតហើយ....ល្អ ជឿម្តងទៀតចុះ ប៉ុន្តែនិយាយអ៊ីចឹង លោកត្រូវថ្ងៃអត់បានទេហ៎? » « បានតើ! អ្នកណាថាមិនបាន? សម័យនេះហើយមានរបស់ការពារច្រើន ឯផលិតផលការពារកម្តៅថ្ងៃក៏មានកម្រិត SPF ខ្ពស់ ហាហា.....» « នែ! និយាយសាច់ការណា យីស» « អូខេ! ងាយៗគឺថាត្រូវថ្ងៃបាន ព្រោះខ្ញុំពូកែនោះអី គ្រាន់តែខ្ញុំមិនសូវចូលចិត្តពន្លឺថ្ងៃវាធ្វើឱ្យខ្ញុំឈឺក្បាល.... ម្យ៉ាងខ្ញុំក៏ត្រូវការគេងសំរាកយកកម្លាំងដូចមនុស្សដែរណា ពេលថ្ងៃជាពេលវេលាល្អបំផុតសម្រាប់គេង យល់នៅ? » ខ្ញុំនិយាយទាំងអស់សំណើច ហើយខោកក្បាលដារីម្តងទៀត។ « ឆឺស មើលលេងក្បាលគេដូចកូនក្មេងទៀតហើយ អូខេ ខ្ញុំទៅគេងហើយ តែលោកទៅមុនចុះ ខ្ញុំចាំឱ្យលោកទៅមុនសិន» ដារីនិយាយទាំងមុខសង្ស័យតិចៗ ខ្ញុំយល់ថានាងនៅខ្លាចខ្ញុំលុបការចងចាំរបស់នាង។ ខ្ញុំអស់សំណើចនឹងចរិតរបស់នាង រួចក៏ហោះទៅកាន់ឡាន ហើយលើដៃគ្រវីលានាងពីក្នុងឡាន រួចបើកចេញទៅយ៉ាងលឿន។ ខ្ញុំញញឹមបណ្តើរបើកឡានបណ្តើរទាំងនឹកអរគុណដារីក្នុងចិត្ត « អរគុណណា ដែលធ្វើឱ្យជីវិតខ្ញុំមានន័យ មានសង្ឃឹមឡើងវិញ» ។ ……………………………………………………………………… (ដារីនិយាយ) ខ្ញុំឈរមុខបន្ទប់សំឡឹងមើលឡានដែលបើកចេញទៅ ហើយញញឹមម្នាក់ឯងមុននឹងចូលទៅគេង។ ខ្លួននៅតែប្រែចុះប្រែឡើងលើគ្រែទាំងគេងមិនលក់ទោះជាប្រឹងបិទភ្នែកយ៉ាងណាក៏ដោយ។ មនុស្សប្រុសម្នាក់ដែលខ្ញុំចង់ស្គាល់ ហើយតាមមើលគេអស់ពេលជាយូរ បែរជាធ្វើឱ្យខ្ញុំបានស្និទ្ធស្នាលជាមួយគេក្នុងរយៈពេលត្រឹមតែមួយថ្ងៃ។ ទោះជាបានដឹងរឿងរបស់គេ ដែលមិនគួរឱ្យជឿជាច្រើនយ៉ាងណាក៏ដោយ តែខ្ញុំបែរជាអាចទទួលយកបាន ហើយមិនខ្លាចគេសោះទៅវិញ។ បិសាចរាត្រី? បិសាចជញ្ជក់ឈាម វាជារឿងដែលខ្ញុំនឹកស្មានមិនដល់ទាំល់តែសោះ ថាវានឹងអាចកើតមានឡើងពិតនៅលើលោកនេះមែន។ បកត្រលប់ទៅវិញ ហេតុអ្វីបានជាថាខ្ញុំស្គាល់ Knight មែនទេ? ការពិតខ្ញុំជួបគេដំបូងពេលដែលខ្ញុំកំពុងតែតាមដានសង្សារចាស់របស់ខ្ញុំ ដែលលួចមានសង្សារថ្មីក្បត់ចិត្តខ្ញុំ។ ពេលនោះខ្ញុំជួប Knight ដោយចៃដន្យនៅក្នុងក្លឹបរបស់គេ ឃើញគេកំពុងតែមានមនុស្សស្រីចោមរោមជិតខ្លួន។ មិនដឹងថាជានិស្ស័យឬជាអ្វី គ្រាន់តែឃើញគេភ្លាម ធ្វើឱ្យបេះដូងរបស់ខ្ញុំលោតខុសចង្វាក់យ៉ាងខ្លាំង តែក៏លាយឡំនឹងក្តីខ្នន់ខ្នាញ់ជាខ្លាំងពេលដែលគេធ្វើចរិតដូចជាព្រាននារីបែបនេះ។ ក្រោយពីបែកគ្នាជាមួយសង្សារចាស់ប្រុសក្បត់ចិត្តដាច់ស្រេចរួចមក ខ្ញុំក៏ចាប់ផ្តើមនឹកស្រមៃពី Knight គ្រប់ពេលខ្ញុំក៏មិនយល់ពីខ្លួនឯងដែរ ថាគេជាអ្វីទើបអាចធ្វើឱ្យខ្ញុំចេះតែនឹក និងឃើញគេនឹងមុខស្រស់ៗបែបនេះ? ខ្ញុំស្រលាញ់គេមែនទេ? ទេ...មិនអាចទេ ខ្ញុំកំពុងតែខូចចិត្ត ខ្ញុំកំពុងតែឈឺចិត្ត និងនៅតែនឹកដល់អតីតសង្សារចាស់ ខ្ញុំម៉េចនឹងអាចក្លាយជាមនុស្សស្រីសាវ៉ាត្រឹមតែមួយរយៈពេលខ្លីទៅ? តែទោះប្រឹងបំភ្លេចយ៉ាងណាចិត្តខ្ញុំនៅតែមិនស្ងប់សោះ ទីបំផុតខ្ញុំក៏ចាប់ផ្តើមតាមដានចង់ដឹងពីគេ។ យប់មួយនៅក្លឹបនោះក៏សុទ្ធតែគម្រោងរបស់ខ្ញុំដែរ ដែលស្របពេលដែលចិត្តកំពុងតែឈឺចាប់ផង ចង់ស្គាល់ម្ចាស់ក្លឹបផង ខ្ញុំ៏បបួលក្រុមមិត្តភក្តិរបស់ខ្ញុំទៅក្លឹបនោះតែម្តង។ ព្រហ្មលិខិតពិតជាប្រណី ធ្វើឱ្យខ្ញុំបានជួប បាននិយាយជាមួយគេ តែរឿងរ៉ាវបន្ត និងការពិតដែលខ្ញុំមិនបានដឹង វាក៏បន្តសាច់រឿងដូចដែលបានកើតឡើងមុននេះអ៊ីចឹង។ មានរឿងមួយចម្លែកដែលខ្ញុំក៏មិនយល់......វិនាទីដែលគេបឺតឈាមខ្ញុំ ការឈឺចាប់ដោយសារស្នេហាប្រុសក្បត់ចិត្តស្រាប់តែរលាយក្លាយជាខ្យល់ អេ! មានរឿងអីទៅហ្ន? ……………………………………………………………… យប់ថ្មីមកដល់ខ្ញុំក៏ទៅក្លឹប Knight ដើម្បីជួបគេលេង....អេ មនុស្សនឹកនោះអី។ តែបែរជាឃើញគេកំពុងអង្គុយនិយាយស្និទ្ធស្នាលជាមួយស្រីស្អាតម្នាក់ស៊ិចស៊ី...ហើយៗៗ ហើយអាស្អីៗនោះធំៗ.... ឆឺស..គួរឱ្យជ្រេញមែនទែន។ មិនដឹងថាហេតុអីឃើញគេស្និទ្ធស្នាលជាមួយស្រីៗធ្វើឱ្យខ្ញុំនឹកខឹងណាស់ ទោះជាដឹងថាគេធ្វើ ព្រោះតែរកចំណីពេលយប់ក៏ដោយ មិនដឹងថាខ្ញុំមានសេចក្តីក្លាហានពីណា ក៏ស្រាប់តែដើរទៅរកពួកគេទាំងពីរ ហើយនិយាយឱបដៃទាំងមុខមាំ « Knight ខ្ញុំមានការចង់និយាយជាមួយលោកបន្តិច» Knight ឃើញខ្ញុំក៏ភ្ញាក់ផ្អើលប្រហែលមិនស្មានថាខ្ញុំនៅទីនេះដែរ « ម៉េចក៏មកទីនេះ? » មិនទាន់ទាំងឆ្លើយផងនាងស្រីស៊ិចស៊ីដែលមានស្អីៗខាងលើធំជាដើមទុននោះហែកមាត់តបខ្ញុំទាំងមុខខឹងមិនពេញចិត្ត « នែ នាងមានការអីជាមួយ Knight ដែរ? បើគ្មានការអីសំខាន់ទេកុំមករំខាន មើលទៅ Knight គេមិនទៅចាប់អារម្មណ៍នាងផង មើលតែសម្តី Knight ទៅគេពិតជាមិនចង់ឱ្យនាងលេចមុខនៅមុខគេផង ហ៊ឹស មែនទេ Knight សំណព្វចិត្ត? » យីស! ស្រីចាវែបនេះ ហ៊ានថាឱ្យខ្ញុំផង មិនស្គាល់ដារីទេមែនទេ? ទាល់តែប្រដៅចេញម្តង ហិហិ។ មិនទាន់ទាំងចេញធម៌ក្តៅផង Knight ក៏ងក់ក្បាលហើយនិយាយថា « មែនហើយ! ខ្ញុំពិតជាមិនចង់ឱ្យនាងមកមែន » នាងស្រីស៊ិចស៊ីសុដន់ធំៗនោះស្រាប់តែញញឹមស្ទើរតែដូចយាយធ្មប់ ហើយធ្វើមុខមាត់ឌឺដងផ្លែផ្កាឱ្យខ្ញុំបង្ហាញពីជ័យជំនះ ហើយនិយាយតិចៗដាក់ខ្ញុំ តែខ្ញុំឮណាស្រីចង្រៃ « សមមុខ...មីមុខស » ភ្លើងស្ទើរតែឆេះពេញខ្លួនប្រាណរបស់ខ្ញុំសឹងតែទ្រាំមិនបាន តែសម្តីបន្ទាប់របស់Knight ធ្វើឱ្យខ្ញុំបើកភ្នែកធំៗព្រោះថា... « ខ្ញុំនិយាយមិនទាន់អស់..ខ្ញុំមិនចង់ឱ្យនាងមកទីនេះ ព្រោះមកក្លឹបមិនល្អទេ » Knight និយាយទាំងមុខទន់ភ្លន់ លាយនឹងការបារម្ភ នេះគេបារម្ភនិងគិតគូពីខ្ញុំមែនទេ? អេ! ហេតុអ្វីខ្ញុំត្រូវរំភើបចិត្ត និងមុខក្រហមផង។ តែសម្តីKnight និយាយបន្តស្ទើរតែធ្វើឱ្យខ្ញុំហក់ផ្តល់ស្នាមថើបឱ្យគេទៅហើយ ហាហា...និយាយលេងទេ កុំមើលមកតួស្រីជាមនុស្សស្រីមិនល្អអីណា ហិហិ។ « អូ.....មួយទៀត..ខ្ញុំមិនចង់ឱ្យនាងហៅដារីថា មីមុខ-សទេ វាមិនពិរោះហើយសម្តីនេះមិនគួរនិយាយចេញពីមាត់មនុស្សស្រីល្អនិងថ្លៃថ្នូរដូចអ្នកនាងដែរ មែនទេ? » ខ្ញុំឱបដៃទាំងញញឹមនូវជ័យជំនះទឹកចុងក្រោយមួយនេះ។ សមណាស់ឃើញមុខនាងមួយនេះ ឡើងខ្មៅអែ បែបអាម៉ាស់មុខណាស់ហើយត្រូវគេលួចជេរដោយប្រយោលបែបនេះ នៅមិនរាងទៀតនៅតែតោងដៃ Knight ជាប់មិនលែង នាងម្នាក់នេះមុខក្រាស់ណាស់ បែបធ្វើពីកៅស៊ូថ្នល់ ១០០ជាន់ទេដឹង។ បណ្តោយមិនបានទេ ត្រូវតែបញ្ចេញស្នៀតចុងក្រោយទើបបាន។ « សុំទោសចា៎ ខ្ញុំមានការនិយាយជាមួយសង្សាខ្ញុំបន្តិច បែបគ្មានបញ្ហាទេមែនទេ? » « អឺ....» មិនឱ្យ Knight ប្រកែកទាន់ខ្ញុំក៏ចូលទៅកៀកដៃ Knight ម្ខាងទៀតរួចញាក់មុខញញឹមឌឺពោរពេញដោយជ័យជំនះ ទៅនាងចាវែបមាត់អាក្រក់នោះហើយអូស Knight ដើរចេញដោយមិនភ្លេចខ្សឹបតិចៗដាក់ស្រីនោះទាំងលួចដៀងភ្នែកមើលលើមើលក្រោមជាពិសេសចំណុចស៊ិចស៊ីគួរឱ្យខ្ពើមមួយនោះ។ « លាហើយនាងធុងទឹកដោះគោក្លែងក្លាយហួសដឺឡេ » នាងនោះបើកភ្នែកធំៗដោយខឹងសម្បារហើយស្រែកមួយទំហឹង « អា.....!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!» ខ្ញុំងាកមើលឃើញស្រីមាត់អាក្រក់នោះ កំពុងទន្ទ្រាន់ជើងផងស្រែកផងពេញដោយភាពមួម៉ៅក្តៅក្រហាយ ហាហា.....សប្បាយចិត្តណាស់ខ្ញុំ។ ពេលដល់កន្លែងផុតពីមុខគេឯងខ្ញុំក៏ប្រលែងដៃ Knight ហើយឱបដៃញញឹមធ្វើមិនដឹង «នែ លេងអីទៀតហើយហ្នឹង? ចង់ឱ្យខ្ញុំអត់ចំណីទៀតហើយមែនទេ? » « មិនដឹងទេ មកពីខ្ញុំមិនចូលចិត្តស្រីស្អីធំៗនោះទេ ឆឺស ជ្រេញមុខណាស់គិតថាស្អាតហើយមើលទៅ» Knight មើលខ្ញុំបន្តិចហើយអស់សំណើច « នេះ ច្រណែនគេស្អាតជាង ឬក៏ប្រច័ណ្ឌខ្ញុំឱ្យពិតប្រាកដ?» Knight ងាកមកជិតហើយញ៉ោះខ្ញុំទាំងមុខច្រឡើម យី! ប្រុសម្នាក់នេះពូកែរំខានអារម្មណ៍មែន។ មិនមែនអ៊ីចឹងទេ...តែ...ថា ហេតុអីសំឡេងខ្ញុំត្រូវញ័រផង។ « នែ! អឺ... ច្រណែនអីលោកឯង ខ្ញុំស្អាតជាងនាងមាត់អាក្រក់នោះឆ្ងាយណាស់ ហើយ ....ហើយ...ហើយក៏គ្មានរឿងអីប្រច័ណ្ឌលោកឯងដែរ ឈ្លក់វង្វេងខ្លួនឯងពេកហើយ វេក » ខ្ញុំនិយាយចប់ក៏លៀនអណ្តាតដាក់វិញទាំងឌឺដង ហាហា...។ «ចឹងផង? ប្រាកដអត់? ចុះអ្នកណាសង្សារអ្នកណាមិញហ្នឹង? អេ...ឬត្រចៀកខ្ញុំមានបញ្ហា?» « នែ នែ ខ្ញុំនិយាយលេងទេ មកពីមិនចូលចិត្តស្រីនោះតើ» « ល្អៗ នៅលេងទៀតចុះ ខ្ញុំមានការត្រូវរកចំណីណា ខ្ញុំឃ្លានហើយ នាងក៏ប្រញាប់ទៅផ្ទះទៅ ប្រាប់ណាហាមមកទីនេះម្តងទៀត » Knight ចង់ដើរចេញ តែខ្ញុំចាប់ដៃគេទាន់រួចនិយាយទាំង រដាក់រដុប។ « មិនរកចំណីបានទេ? គឺ ខ្ញុំ ខ្ញុំ....» « នាងចង់យ៉ាងម៉េចទៀតហើយ? ចង់បង្អត់ខ្ញុំមែនទេ? » « គឺ...គឺ..គឺមិនមែនទេ...ខ្ញុំចង់និយាយថា.....ខ្ញុំនៅទីនេះទាំងមូល ខ្ញុំមិនចង់ឱ្យលោកបឺតឈាមពីអ្នកណាទេណា ចង់រកចំណី ខ្ញុំឱ្យលោកបាន » Knight ភ្ញាក់ផ្អើលបើកភ្នែកធំៗនឹងសម្តីខ្ញុំ។ ……………………………………………………………………………… ពេលនេះខ្ញុំនៅក្នុងបន្ទប់ក្រោមដីរបស់Knight ដូចយប់មុននោះទៀតហើយ Knight គេឈរបែរខ្នងមើលទៅក្រៅបង្អួចខាងក្រៅ។ មិនដឹងជាគិតស្អីទេ បិសាចរាត្រីចេះដ្រាម៉ាដែរ ហ្ន? ខ្ញុំក៏និយាយទាំងធុញទ្រាន់ « នែ! ឈរមើលទេសភាពយូរទៀតទេ? កន្លះម៉ោងហើយណា ក្រែងឃ្លាន? ម៉េចមិនឆាប់ចាត់ការមក? នេះ នេះ...» ខ្ញុំបើក កបង្ហាញឱ្យគេខាំ ។ គេបែរមកទាំងមុខខឹង យី! ហេតុអ្វីត្រូវខឹងផងប្រុសម្នាក់នេះយ៉ាងម៉េចហ្នឹង? « នាង យ៉ាងម៉េចហ្នឹង? ធ្វើអ៊ីចឹងធ្វើអី? គិតថាខ្លួនឯងមានឈាមអមតៈមែនទេ? បឺតឈាមនាងថ្ងៃមុននៅមិនទាន់រាងទេ? អស់កម្លាំងពីខ្លួនហើយគេងដូចស្លាប់នៅមិនដឹងខ្លួនទៀត? ដឹងអត់ថ្ងៃនោះ នាងគេងលើគ្រែប៉ុន្មានម៉ោង ហា? » Knight ងាកមកស្រែកថាឱ្យខ្ញុំទាំងទឹកមុខខឹង ហេតុអីត្រូវខឹងខ្លាំងបែបនេះផង? ហេតុអីគេដឹងថាថ្ងៃនោះបន្ទាប់ពីគេទៅបាត់ខ្ញុំគេងដូចស្លាប់ គ្មានកំលាំងក្រោកពីគ្រែ ដល់ថ្នាក់ម៉ាក់ប៉ាបារម្ភ? គេតាមដានខ្ញុំមែនទ? គេបារម្ភខ្ញុំដែរ? អេ! បេះដូងចង្រៃមកលោតស្អីទៀតហើយនេះ? « ខ្ញុំ ខ្ញុំ ខ្ញុំមិនចង់ឱ្យលោកបឺតឈាមពីនរណាផ្សេងពីខ្ញុំទេ.....ខ្ញុំក៏មិនយល់ពីខ្លួនឯងដែរថាហេតុអ្វីនោះ តែកុំទៅខ្វល់ សម្រេចថាបើលោកឃ្លានលោកចាត់ការខ្ញុំទៅបានហើយ ទោះជាឈឺខ្ញុំនឹងទ្រាំ បឺតឈាមយូរទៅខ្ញុំនឹងស៊ាំហើយមិនចឹងហេ? » ខ្ញុំនិយាយមិនទាន់ចប់ Knight ក៏ចាប់ខ្ញុំឱបយ៉ាងជាប់រួចនិយាយរអ៊ូ « ស្រីល្ងង់ ខ្ញុំឯណាដាច់ចិត្តឃើញនាងឈឺនោះ ដឹងទេថាខ្ញុំឈឺចិត្តយ៉ាងណាពេលឃើញសភាពនាងគេងលើគ្រែនោះ ខ្ញុំមិនឱ្យនាងធ្វើបែបនេះទៀតទេណា ដឹងថាខ្លួនឯងខ្សោយហើយនៅឱ្យខ្ញុំបឺតឈាមទៀត នាងនេះគេហៅថាល្ងង់ ឬចិត្តល្អឱ្យប្រាកដនេះ? » « ខ្ញុំ ខ្ញុំ ខ្ញុំមិនចង់ឱ្យលោកបឺតឈាមមនុស្សស្រីផ្សេងទេ ឬក៏អ្នកណាក៏ដោយ » ខ្ញុំនិយាយទាំងទឹកភ្នែក Knight ព្រលែងដៃដែលឱបខ្ញុំរួចញញឹមហើយជូតទឹកភ្នែកឱ្យខ្ញុំ « កូនក្មេងនេះ កិចកុកច្រើនមែន ឈប់យំណា អូខេៗ ឥឡូវខ្ញុំសន្យាថាលែងបឺតឈាមពីនរណាផ្សេងហើយ បានទេ? តែខ្ញុំក៏មិនបឺតឈាមនាងដែរស្រីល្ងង់ ខ្ញុំនឹងយកឈាមស្រាប់ៗដែលបូមពីមន្ទីរពេទ្យក៏បាន ទោះ...អឺ..ទោះជាវាមិនឆ្ងាញ់ក៏ដោយ ឆើស! » នេះគេធ្វើដើម្បីខ្ញុំមែនទេ ? សប្បាយចិត្តដល់ហើយ ខ្ញុំអរហើយឱបគេកាន់តែខ្លាំង តើគេឮសំឡេងបេះដូងខ្ញុំដែរឬទេ? គេក៏ប្រហែលជាដឹង អារម្មណ៍ខ្ញុំដែរហើយមើលទៅ។ នៅក្នុងរង្វង់ដៃនិងដើមទ្រូងដែលមានភាពកក់ក្តៅរបស់គេ ខ្ញុំមិនខ្វល់ទេ លែងគិតច្រើនហើយ។ ទោះមិនបាននិយាយហារមាត់យ៉ាងណា ខ្ញុំសុំត្រឹមតែវិនាទីដែលបាននៅជិតគេបែបនេះវាក៏ជាសេចក្តីសុខរបស់ខ្ញុំដែរ។ អូខេ សារភាពក៏បានដែរថា...... វាល្ងង់ណាស់មែនទេ ដែលខ្ញុំបានលង់ស្រលាញ់បិសាចដែលមិនមែនជាមនុស្សយ៉ាងជ្រៅបែបនេះ ? តែស្នេហាគឺស្នេហាមិនបានប្រកាន់មុខមាត់ ពណ៌សម្បុរ វណ្ណៈឯណា នោះទើបហៅថាស្នេហាពិតមិនអ៊ីចឹង? យើងស្រលាញ់គេគឺជាគេមិនមែនដោយសារតែគេអ្នកណាឯណា ត្រូវទេ? ច្បាប់ក៏មិនបានចែង ឬហាមឃាត់មនុស្សមិនឱ្យស្រលាញ់ខ្មោច ព្រាយ បិសាចដែរ។ ច្បាប់មិនដាក់ទោស ខ្ញុំមិនខុស ដូច្នេះងាយៗឆាប់ចប់មិនបាច់គិតច្រើននោះអី។ .................................................. .........សូមរង់ចាំភាគបន្ត .............. Read More
Post News Khmer 5:28 PM 0 ភាគទី៣ អារម្មណ៍របស់ខ្ញុំស្ទើរតែប្រាប់មិនត្រូវនៅពេលដែលប្រឹងនិយាយពាក្យទាំងនេះចេញមកទាំងពិបាក។ រយៈពេលខ្លីមិនសមថាចិត្តបិសាចរបស់ខ្ញុំមិនដាច់ជាមួយស្រីតូចច្រមក់ម្នាក់នេះសោះ។ ទោះជានាងស្អាតតែក៏មិនគួរមានឥទ្ធិពលខ្លាំងដល់សតិអារម្មណ៍របស់ខ្ញុំដែរ។ ស្រាប់តែសំឡេងកាចរករឿងស្ទើរបែកក្រដាសត្រចៀកបានលាន់ឮរហូតដល់ខ្ញុំស្ទើរតែភ្ញាក់ក្រញ៉ាង។ « ថាម៉េច? ទេខ្ញុំមិនព្រមនោះទេ រឿងអីត្រូវលុបការចងចាំខ្ញុំ? មុននេះលោកឱ្យខ្ញុំជឿចិត្តលោក ខ្ញុំក៏ជឿចិត្តលោកហើយ លោកពិតជាមិនបានសំលាប់ខ្ញុំមែន ដូចនេះ ពេលនេះ ក្នុងពេលនេះ លោកក៏ត្រូវជឿចិត្តខ្ញុំវិញដូចគ្នា។ នែ! មើលមុខខ្ញុំ ណា ខ្ញុំសន្យាថាមិនប្រាប់រឿងលោកទៅនរណាទេ ណាណា ខ្ញុំ...... ខ្ញុំមិនចង់បំភ្លេចរឿង...រឿងអ្វីមួយនៅក្នុងជីវិតខ្ញុំទេ...និយាយទៅមិនថារឿងនោះល្អ ឬអាក្រក់សម្រាប់ខ្ញុំវាជាការចងចាំដ៏ស្រស់ស្អាត ខ្ញុំមិនចង់បំភ្លេចអ្នកណាម្នាក់ ខ្ញុំមិនចង់បំភ្លេចអ្វីមួយនោះទេ » ដារីមើលមុខខ្ញុំ ហាក់ចង់ឱ្យខ្ញុំជឿជាក់លើនាង ដូចដែលនាងជឿជាក់លើខ្ញុំមុននេះ។ ការពិតទៅខ្ញុំក៏មិនចង់ឱ្យនាងបំភ្លេចខ្ញុំដែរ តែ....តើខ្ញុំអាចជឿជាក់លើមនុស្សស្រីដែលខ្ញុំស្គាល់ត្រឹមតែប៉ុន្មានម៉ោងនេះបានទេ? តើមនុស្សគួរឱ្យជឿជាក់បានទេ? តើនាងពិតជាមិនប្រាប់គេឯងមែនទេ? ខ្ញុំចង់ជឿលើនាង តែខ្ញុំមិនអាចថាមិនគិតដល់គ្រួសារត្រកូលស្តេចបិសាចរបស់ពួកខ្ញុំដែរ។ ប៉ុន្តែពេលនេះខ្ញុំត្រូវតែសម្របតាមនាងសិនទើបបាន។ បើតាមមើលចរិតស្រីឆា្នស់រឹងរូសដូចជានាង បើមិនតាមនាងទេ នាងពិតជារករឿងអីទៀតហើយ។ មិនគួរបិសាចដូចជាខ្ញុំចេះខ្លាចនាងល្អិតនេះសោះ។ « ហ៊ី! បានៗៗៗអ៊ីចឹងឥឡូវខ្ញុំស្រួលខ្លួននៅ ខ្ញុំជូនទៅផ្ទះវិញចុះ» ដារីឮខ្ញុំនិយាយពីផ្ទះស្រាប់តែធ្វើមុខភ័យស្លន់ស្លោ ខ្ញុំដឹងថានាងកំពុងតែគិតអ្វីហើយ ខ្ញុំក៏និយាយទាំងម៉ឺងម៉ាត់លាយស្នាមញញឺមតិចៗ។ « មិនបាច់ភ័យទេ គ្រប់រឿងខ្ញុំចាត់ការអស់ហើយ អ្នកផ្ទះនាងមិនដឹងរឿងទេ ហើយអ្នកបើកឡាននាងក៏ត្រូវខ្ញុំក៏សណ្តំចិត្តគេថាជូននាងទៅផ្ទះវិញហើយដែរ» « អូ ពូកែមែន ខ្ញុំខំតែភ័យថាពិបាកដោះស្រាយប្រាប់អ្នកផ្ទះហើយតើ...អេ! តែនេះ..តែ... តែហេតុអីលោកដឹងថាខ្ញុំគិតពីរឿងអ្នកផ្ទះ? » « គឺជាសមត្ថភាពពិសេសរបស់អម្បូរស្តេចបិសាចពួកខ្ញុំហ្នឹងណា ពួកយើងមានត្រចៀកវៃណាស់ អាចឮសំឡេងរាប់រយគីឡូឯណោះ ចំណែកការគិតរបស់អ្នកដទៃ គឺ...» « គឺ...? គឺអីទៅ? នេះកុំថាខ្ញុំគិតអីលោកដឹងទាំងអស់ណា » « ហាហា...មិនមែនទេ បិសាចណាមិនមែនទេវត្តាឯណា។ ការដឹងពីចិត្តមនុស្សគឺមិនដឹងទាំងអស់នោះទេ បើចិត្តរបស់នាងទន់ខ្សោយ មិនរឹងប៉ឺង បេះដូងច្របូលច្របល់ ឈាមរបស់ពួកនាងនឹងដើរខុសពីធម្មតា ហើយខ្ញុំអាចឮសំឡេងក្នុងសសៃឈាមរបស់នាងបាន។ ងាយណាស់! បានហើយៗសួរច្រើនមែន ទៅផ្ទះលឿនឡើង» ដារីធ្វើមុខឆ្ងល់ទាំងគិតបន្តិចរួចស្រែកតវ៉ា « អេ! សមត្ថភាពអីទៅ គេហៅថាទាយទៅវិញទេ បិសាចបោកប្រាស់ » « បានហើយឈប់ប្រកែកទៅ មេឃភ្លឺឥឡូវហើយ តិចឱ្យនៅទីនេះមួយយប់ទៅ » « បិសាចឆ្កួត » នាងក៏ដើរតាមខ្ញុំទាំងទឹកមុខងរងក់។ ខ្ញុំវិញដើរនាំផ្លូវនាងទាំងលួចញញឹមសប្បាយចិត្ត។ អេ! ហេតុអ្វីត្រូវញញឹមផងគ្រាន់តែញ៉ោះស្រីតូចនេះលេងសោះ។ ប្រែប្រួលហើយ បិសាចឯងមិនអាចដោយសារតែស្រីម្នាក់នេះប្រែប្រួលប្លែកលឿនដល់ថ្នាក់នេះទេ។ ឬនេះជានិស្ស័យ? និស្ស័យស្អីទៅ រស់នៅរាប់រយឆ្នាំទៅហើយ បើមាននិស្ស័យមែនពេលនោះ.....ខ្ញុំប្រាកដជាមិនបាត់បង់មនុស្សនៅជុំវិញខ្លួននោះទេ។ ……………………………………………………………………………… នៅតាមផ្លូវកំពុងតែផ្ចង់ស្មារតីបើកឡាន តែពេលនេះខ្ញុំលែងមានស្នាមញញឹមទៀតហើយ ព្រោះតែ.....ស្រីដែលអង្គុយក្បែរខ្ញុំបានចាប់ផ្តើមមានប្រតិកម្មគីមីក្នុងខ្លួនចម្លែកៗខុសពីមនុស្សស្រីឆ្នាស់ដែលខ្ញុំបានជួបប៉ុន្មានម៉ោងមុន។ នាងធ្វើប្ញកពាដូចកូនក្មេង សួរច្រើន ឆ្ងល់ច្រើន រហូតដល់ខ្ញុំហត់នឹងឆ្លើយ។ « សួរអីក៏សួរម៉េះចេះហត់អត់ហ្នឹង បិទមាត់១នាទីសិនបានអត់? ខ្ញុំកំពុងតែបើកឡានណា» ខ្ញមនិយាយទាំងមុខមាំបន្តិច ដារីក៏ស្ងាត់មាត់រួចមើលមុខខ្ញុំភ្លឹះៗ។ អើយ! ចិត្តទន់ទៀតហើយខ្ញុំ។ខ្ញុំនិយាយទាំងភ្នែកមិនងាកពីចង្កូតឡាន « មើលអីមើលម៉េះ ? ចង់សួរអីសួរមកចុះ តែត្រឹមតែ១សំណួរទៀតទេណា បិសាចក៏ចេះហត់ដែរ » « ហិហិ.....គ្រាន់តែខ្ញុំមិនអស់ចិត្តមិននឹកស្មានថាបិសាចជញ្ជក់ ឈាមពិតជាមាននៅលើលោកនេះសោះ ហើយនៅពីមុខខ្ញុំទៀត ដូចការយល់សប្តិចឹង.... តែគ្រប់យ៉ាងទាំងរូបរាងមុខមាត់សាច់ឈាមរបស់លោកដូចជាមនុស្សចឹងណ៎។ លោកអត់ចេះហោះចេះបំបាំងកាយទេហ៎? គេថាបិសាចចេះហោះនោះអី នែ! បើពួកយើងហោះទៅផ្ទះលឿនជាងលោកថាចឹងអត់? » គ្រាន់តែឮបែបនេះខ្ញុំស្ទើរតែផ្ទុះសំណើចចេញមកទៅហើយ តែប្រឹងទប់។ មនុស្សស្រីចរិកឆ្នាស់ឆ្នើម តែធាតុពិតនាងដូចកូនក្មេងដែលឆ្ងល់មិនចេះអស់មិនចេះហើយ ធ្វើឱ្យខ្ញុំសើចទាំងមិនដឹងខ្លួន។ « នាងនេះយ៉ាប់មែន! គឺមានរឿងជាច្រើនទៀតដែលនាងមិនដឹង....ខ្ញុំរៀបរាប់មួយយប់ក៏មិនអស់ដែរ..ក្មេងឆ្លាត ចាំមានពេលចាំនិយាយអោយស្តាប់ណា នេះ នែ! » ខ្ញុំយកដៃខោកក្បាលនាងតិចៗទាំងខ្នាញ់។ « នែ ហ៊ើយ! ធ្វើជាមនុស្សប្រុសមកខោកក្បាលមនុស្សស្រីចឹង ខ្ញុំមិនមែនកូនក្មេងទេណា ឆឺស។ ថ្ងៃក្រោយជារឿងថ្ងៃក្រោយ តែពេលនេះខ្ញុំចង់ដឹងណា ប្រាប់សិនមក » « ម៉េចខោកមិនបាន? នែតាមមើលទៅហ្ហា នាងអាយុប្អូនខ្ញុំដល់ទៅរាប់រយឆ្នាំឯណោះណា» ដារីចាប់ផ្តើមសំឡក់ខ្ញុំទាំងខឹង ខ្ញុំក៏និយាយទាំងញញឹម « ហ៊ើយ! ល្អៗប្រាប់ក៏បានដែរ ខ្ញុំមិនចង់ឃើញភ្នែកនាងសំឡក់ខ្ញុំទេគួរឱ្យខ្លាច។ អូខេ ចាប់ផ្តើម..គឺថាខ្ញុំរស់នៅរាល់ថ្ងៃដូចតែមនុស្សទូទៅចឹង គ្រាន់តែខុសត្រង់ខ្ញុំរស់នៅដោយការផឹកឈាមមនុស្ស១ថ្ងៃម្តងមុនម៉ោង២ទាបភ្លឺ។ ហើយអា រឿងហោះអី បំបាំងកាយនោះខ្ញុំអាចធ្វើបានគ្រាន់តែខ្ញុំមិនចង់ វាខាតកំលាំងអត់តែអំពើម្យ៉ាង....…ខ្ញុំ...ខ្ញុំចង់រស់នៅធម្មតាៗដូចមនុស្សផ្សេងៗទៀតដែរ» ខ្ញុំនិយាយចុងប្រយោគយ៉ាងខ្សោយ លាយនឹងភាពក្រៀមក្រំ។ អ្នកទាំងអស់គ្នាប្រហែលជាគិតជា ខ្ញុំជាមនុស្សអស្ចារ្យ ទេ អត់ទេ..ជាបិសាចអស្ចារ្យ....ដែលអាចរស់នៅរាប់រយឆ្នាំមិនចេះស្លាប់ ប៉ុន្តែមានអ្នកណាធ្លាប់ដឹងពីអារម្មណ៍ឯកាមួយនេះទេ? រឿងដែលខ្ញុំមិនចង់ស្រលាញ់អ្នកណាម្នាក់ពិតប្រាកដ ឬគ្រាន់តែជាការស្រលាញ់លេងសើចនោះ ក៏ព្រោះតែខ្ញុំស្អប់ភាពឈឺចាប់ ស្អប់ការបែកគ្នា ស្អប់ការមើលឃើញមនុស្សជាទីស្រលាញ់នៅជុំវិញខ្លួនស្លាប់ទៅម្តងម្នាក់ៗ។ វាឈឺចាប់ណាស់ ហើយទំហំការឈឺចាប់រឹតតែធំឡើងៗនៅពេលដែលយើងត្រូវឱបដៃឈរមនុស្សទាំងអស់ចាកចេញទៅដោយយើងមិនអាចធ្វើអ្វីបានទាល់តែសោះ វាជាក្តីឈឺចាប់ដែលត្រូវមានជីវិតមិនចេះសាបសូន្យ។ ប្រហែលជាដារីនាងមើលឃើញភាពឈឺចាប់ក្នុងកែវភ្នែករបស់ខ្ញុំហើយ បានជានាងសួរដោយបារម្ភ « អឹ លោកមិនអីទេមែនទេ? សុំទោសដែលសួរលោកច្រើន ប្រហែលមានរឿងអ្វីប៉ះពាល់ដល់ចិត្តលោកហើយមែនទេ? ខ្ញុំឈប់សួរហើយណា ហិហិ » ខ្ញុំងាកមកញញឹមដាក់នាងវិញដោយមិននិយាយអីបន្តរហូតដល់ផ្ទះនាង។ មួយសន្ទុះក្រោយមកក៏ដល់ផ្ទះនាង « ដល់ផ្ទះហើយ ទៅចុះ » « អេ? ដល់ហើយ? ម៉េចលោកស្គាល់ផ្ទះខ្ញុំ? កុំថាប្រើវេទមន្ត សីល្ប៍អីណា? » « ហិតក្លិននាងហ្នឹងណា » « អាបិសាចរោគចិត្តលោកឯងមកហិតខ្ញុំយ៉ាងម៉េច? បិសាចឬក៏ឆ្កែព្រៃនេះ? ឡប់ៗៗ ឆ្កួតៗៗ» « នែ! ខ្ញុំចង់និយាយថាហិតក្លិនកង់ឡាន និងដីដែលជាប់ស្បែកជើងនាងហ្នឹងណា ឆ្កួតទីហិតក្លិននាងធ្វើអី? » « អូ...ហាហា សូរី ស្តាប់មិនទាន់អស់» « បានហើយចុះទៅខ្ញុំងងុយគេង» « ឈប់សិន!!» នាងស្រែកឃាត់ទាំងសប្បាយចិត្ត « យ៉ាងម៉េចទៀតហើយនេះ? » ខ្ញុំតបទាំងធុញទ្រាន់ « គឺ..... ហិហិ.... នាំខ្ញុំហោះឡើងទៅលើបន្ទប់ខ្ញុំបន្តិចបានទេ ណាណា....ខ្ញុំចង់ដឹងណាស់ថាសប្បាយយ៉ាងម៉េច ណាណា » « មិនចង់ទេ! ហត់ណាស់» « ណា..តែមួយភ្លែតទេណា» « បើមិនចុះទេ ខ្ញុំនឹងអូសនាងចេញពីឡានរបស់ខ្ញុំណា» « អាបិសាចចិត្តអាក្រក់» ដារីធ្វើមុខខឹងងរងក់ចុះពីលើឡានបិទទ្វារផាំងទាំងកំហឹង។ នាងនេះដល់ពេលរពិសទៀតហើយ ចង់ដឹងចង់ឮមែនទេ? ខ្ញុំសើចហួសចិត្តរួចក៏បំបាំងកាយហោះមកឈរក្បែរនាងភ្លែតរួចនិយាយ។ « ត្រៀមខ្លួននៅ? » « ហាស់? ត្រៀមខ្លួន? ស្អីគេ? អាយ…………!!! » មិនឱ្យនាងនិយាយទាន់ ខ្ញុំក៏ស្ទុះឱបចង្កេះនាង នាងភ័យក៏ឱបកខ្ញុំវិញយ៉ាងលឿនហោះចូលដល់បន្ទប់នាង។ « ហេយ? មិនឱ្យដំណឹងខ្ញុំមុនទេ អស់ព្រលឹងរលីង លោកឯងនេះបិសាចអន់ចរិក ចុះបើធ្លាក់បាក់កងាប់គិតម៉េច? » ខ្ញុំឈរសើចម្នាក់ឯងហួសចិត្តចរិកងរង័កដូចកូនក្មេងរបស់នាង។ ហេតុអីពេលជួបនាងនៅក្នុងក្លឹប និងក្នុងពេលនេះខុសគ្នាខ្លាំងម៉្លេះ? តើនេះជាចរិកពិតរបស់នាងមែនទេ? គិតមួយសន្ទុះភ្លេចគិតនិងចាប់អារម្មណ៍មើលជុំវិញ ទៅថាខ្លួនឯងកំពុងតែឈរក្នុងបន្ទប់គេងដ៏ធំរបស់នាង។ ការតុបតែងបន្ទប់មានសណ្តាប់ធ្នាប់ល្អ ស្អាត មានរបៀប រៀបចំជាពណ៌សមួយឈុតស្រស់ថ្លា។ មិននឹកស្មានថាស្រីឆ្នាស់មានរសនិយមល្អបែបនេះសោះ។ បន្ទប់នេះគួរឱ្យចង់គេង ណាស់...តែ....ហ៊ើយ! គួរឱ្យស្តាយ ខ្ញុំមិនអាចគេងនៅកន្លែងស្អាតៗអ៊ីចឹងទេហ៊ី ។ « គេងចុះសុបិនល្អ ខ្ញុំទៅវិញហើយណា ហើយក៏អរគុណម្តងទៀតដែលបានជួយខ្ញុំថ្ងៃនេះ បាយបាយ » « អឺ នែឈប់សិន» « មានរឿងអិទៀតហើយនេះ?» «អឺ....អរគុណដែលជូនមក គឺថា....សុបិនល្អដូចគ្នា ថ្ងៃក្រោយជួបគ្នាណា » នាងបក់ដៃលាខ្ញុំទាំងញញឹមស្រស់ស្រាយ តែខ្ញុំមិនបានចាប់អារម្មណ៍នឹងស្នាមញញឹមមួយនេះទេ គឺពាក្យថាជួបគ្នាថ្ងៃក្រោយរបស់នាង។ តើពួកយើងពិតជាអាចជួបគ្នាទៀតបានមែនទេ? នាងចង់ជួបបិសាចដូចខ្ញុំដែរហ្ហេស? ………………………………………… ម៉ោង៤ ជិតភ្លឺទៅហើយ តែខ្ញុំនៅតែកំពុងអង្គុយក្នុងឡានមុខផ្ទះដារីដដែល។ រឿងថ្ងៃនេះធ្វើឱ្យខ្ញុំគិតដល់រឿងជាច្រើន តើល្អទេដែលទុកអោយនាងមានការចងចាំ និងដឹងឮរឿងរបស់ខ្ញុំជាច្រើនចឹង? ខ្ញុំដឹងថាវាមានគ្រោះថ្នាក់ណាស់សំរាប់ពូជស្តេចបិសាចដូចជាខ្ញុំ។ ខ្ញុំក៏ចង់ជឿចិត្តនាងដូចគ្នា តែខ្ញុំខ្លាច!!! គឺខ្លាចចិត្តនិងបេះដូងខ្លួនឯងដែលមានចំពោះនាង។ បិសាចដូចជាខ្ញុំមិនមានចង្វាក់បេះដូងក្នុងការដឹងថាខ្លួនឯងកំពុងតែលង់ស្រលាញ់អ្នកណាម្នាក់នោះទេ។ តែ.....តែខ្ញុំមានប្រថ្នូលម្យ៉ាងចំពោះដារី.......វាជាអារម្មណ៍ ដែលខ្ញុំធ្លាប់ជួបប្រទះកាលពី១០០ឆ្នាំមុន ពេលដែលខ្ញុំស្រលាញ់គ្នាជាមួយមនុស្សលោក។ វាជាពេលវេលាដ៏មានន័យ និងស្រស់ស្អាតបំផុតក្នុងជីវិតបិសាចរបស់ខ្ញុំ តែវាក៏ជាអារម្មណ៏មួយដ៏ឈឺចាប់បំផុតដែលបាត់បង់នាង....មនុស្សស្រីដែលខ្ញុំស្រលាញ់ក្នុងរង្វង់ដៃជារៀងរហូត។ នៅសម័យនោះ មានគ្រួសារកម្ចាត់បិសាចមួយក្រុមដែលព្យាយាមកំចាត់ពូជស្តេចបិសាចដូចជាពួកខ្ញុំ។ ពួកគេដឹងឮពីវត្តមានរបស់បិសាចនៅលើលោកនេះ។ លីណា! នាងបានព្យាយាមការពារខ្ញុំដល់ដំណាក់កាលចុងក្រោយ ដោយនាងសុខចិត្តស្លាប់រងមុខអាវុទ្ធនោះដើម្បីខ្ញុំ តែខ្ញុំបែរជាគ្មានសមត្ថភាពជួយនាង ឬប្តូរនាងឱ្យមានជីវិតរស់រានជាបិសាចដូចជាខ្ញុំនោះ ទេ ព្រោះពេលនោះខ្ញុំត្រូវរបួសធ្ងន់មិនមានកំលាំងគ្រប់គ្រាន់ដើម្បីជួយនាង។ ខ្ញុំពិតជាខឹងខ្លួនឯងណាស់ ខឹងខ្លួនឯងណាស់ ខ្ញុំជាប្រុសគ្មានបានការម្នាក់។ ពេលដែលបងប្អូនខ្ញុំមកជួយ វាជាពេលដែលនាងស្លាប់បាត់ទៅហើយ ខ្ញុំ មិនអាចជួយអ្វីបានក្រៅពីយំឱបសាកសពមនុស្សស្រីជាទីស្រលាញ់នោះទេ។ កំហឹងពេលនោះធ្វើឱ្យខ្ញុំមានកំលាំងមហាសាល ហើយបានសំលាប់គ្រួសារកំចាត់បិសាចផ្តាច់ពូជអស់ពីគ្រួសារ។ ដៃប្រឡាក់សុទ្ធតែឈាម.....វាជាកំហុសលើកដំបូងដ៏ធំបំផុត និងចុងក្រោយនៃជីវិតខ្ញុំដែលបានសំលាប់ជីវិតមនុស្ស។ ខ្ញុំមិនចង់សម្លាប់មនុស្សទេ តែ..តែពួកគេទេដែលជាអ្នកមករករឿងពួកខ្ញុំមុននោះ។ ក្រោយពីលីណាស្លាប់ ខ្ញុំក៏មករស់នៅទីក្រុងនេះតែម្នាក់ឯង ចាកចេញពីគ្រួសារព្រោះតែរបួសស្នេហាដែលមិនមានថ្ងៃជាសះស្បើយ ហើយរស់នៅតាំងខ្លួនជាព្រានប្រមាញ់ឈាមស្រស់ៗពីមនុស្ស បិទបេះដូងខ្លួនឯង ព្រោះតែមិនចង់ឱ្យរឿងរ៉ាវឈឺចាប់បែបនេះកើតឡើងម្តងទៀត ។ …………………………… ក្រោយពីឃើញបន្ទប់ដារីបិទភ្លើងមួយសន្ទុះធំ នាងប្រហែលជាកំពុងតែគេងលង់លក់ស្កប់ស្កល់ទៅហើយ....ហើយ.... វាក៏គួរតែដល់ពេលវេលាដែលខ្ញុំត្រូវចាត់ការចាត់ការ។ ជំហានជើងមួយៗថ្នមៗតែពេញដោយទម្ងន់របស់ខ្ញុំបានដើរមកដល់បន្ទប់ដារីម្តងទៀត។ នាងកំពុងតែគេងលង់លក់ដណ្តប់ភួយជាមួយអាវដំណេកពណ៌ផ្កាឈូកចាំងឆ្លុះសាច់ដ៏ស្រស់ស្អាតរបស់នាង...ខ្ញុំពិតជាមិនចង់ទេ...តែ....ខ្ញុំត្រូវតែធ្វើ។ ខ្ញុំក៏យកបាតដៃ សូត្រមន្តអាគមន៍ដើម្បីសណ្តំនាងឱ្យបំភ្លេចការចងចាំរវាងនាងនិងខ្ញុំចាប់ពីវិនាទីនេះតទៅ។ មុននឹងបាតដៃរបស់ខ្ញុំដាក់ជិតដល់ថ្ងាសរបស់នាងខ្ញុំក៏និយាយតិចៗម្នាក់ឯងទាំងអារម្មណ៍ដឹងខុស និងអស់សង្ឈឹមដែលជិតឃ្លាតឆ្ងាយពីនាង « ដារីខ្ញុំសុំទោស! ខ្ញុំមិនចង់ធ្វើបែបនេះទេ អភ័យទោសឱ្យខ្ញុំផងដែលខ្ញុំមិនអាចធ្វើតាមសន្យា....ខ្ញុំចង់ឱ្យនាងរស់នៅជាមនុស្សធម្មតា មិនចង់ឱ្យនាងមកគិតមកចងចាំមកឈឺក្បាលជាមួយបិសាចដែលឯកាដូចជាខ្ញុំទេ» .........សូមរង់ចាំភាគបន្ត ............... Read More
Post News Khmer 1:20 AM 0 ភាគទី២ ភ្លើងពណ៌ចម្រុះគ្នាស្រស់ឆើតឆាយ កំពុងតែលោតញាក់ភ្លឹបភ្លែតតាមចង្វាក់ភ្លេងយ៉ាងរន្ថើន អមជាមួយនឹងកម្មវិធីសប្បាយៗដែលកាន់តែដំណើរការទៅមុខឥតឈប់ឈរ។ មនុស្សម្នាក្មេងៗយុវវ័យ រាំលេងផឹកស៊ីសប្បាយហាក់គ្មានទុក្ខកង្វល់អ្វីសោះ ជាពិសេសគឺក្រុមស្រីជើងល្អដារីនោះក៏អង្គុយផឹក និងនិយាយគ្នាលេងសប្បាយដោយមិនដឹងថាវាសនារបស់នាងកំពុងតែស្ថិតនៅក្នុងកណ្តាប់ដៃរបស់ខ្ញុំសោះឡើយ។ ភ្នែករបស់ខ្ញុំកំពុងតែរំពៃមើលតាមដានស្រីឈ្មោះដារីនោះ ក៏ព្រោះតែមានគំរោងការណ៍ក្នុងចិត្តនោះតែម្តង។ អស់ប្រហែលជាជិតពីរម៉ោង ខ្ញុំឃើញពួកគេដូចជារាងស្រវឹងណាស់ហើយ ដោយសារតែសភាពទន់ខ្លួនល្ងៀក និងសំឡេងង៉ូង៉ូសចេញពីមាត់ពួកនាងតែម្តង៖ « យ៉ាងម៉េចហើយដារីទន់ខ្លួនហើយហ៎ពួកម៉ាក ថ្ងៃនេះប៉ុណ្ណឹងបានហើយ ចាំថ្ងៃក្រោយបន្តទៀតហ្ហីពួកម៉ាក ម៉ាក់ប៉ាឯងចាំផ្លូវងាប់ហើយ » ជាតាមិត្តរបស់ស្រីឈ្មោះដារីនោះ ប្រាប់ព្រោះស្រីជើងល្អទាំងក្តីបារម្ភ ព្រោះនាងមើលទៅពិតជាស្រវឹងខ្លាំងជាងគេជាងឯងមែន។ មិនដឹងជាស្រីស្អីទេ ផឹកនោះផឹកមើលតែមនុស្សប្រុស ឬក៏មានវិបត្តិអ្វីក្នុងខ្លួនជារឿងស្នេហា បានជាផឹកស្រាដូចផឹកទឹកអ៊ីចឹងនោះ មិនដឹងខ្លួននៅក្មេងនៅអីសោះ។ អេ? ហេតុអ្វីខ្ញុំត្រូវមួរម៉ៅផង នាងចង់ផឹកជារឿងរបស់នាង ចង់មានវិបត្តិស្អីក៏វិបត្តិទៅមកឈឺក្បាលហាលថ្ងៃអីដែរ? « ជាតា ក្រែងហៅអោយយើងមកសប្បាយម៉េចក៏ប្រញាប់ ទៅវិញម៉េះ? កុំបារម្ភអីអ្នកបើកឡានគ្នានៅខាងក្រៅនោះ ឯងឃើញទេ? » ដារីលើកដៃលើកជើងចង្អុលមិនដឹងទិសតំបន់ រហូតមិត្តនាងចាប់ដៃឃាត់។ « អឺៗៗ តែគ្នាថាថ្ងៃនេះប៉ុណ្ណឹងសិនហើយណា ចាំស្អែកចាំបន្តទៀតក៏បានមែនទេគ្នាយើង? » មិត្តនាងនិយាយទាំងបារម្ភ លាយភ័យកេះមិត្តផ្សេងៗឱ្យជួយនិយាយ។ ដារីគ្រវីក្បាលរួចក្រោកចេញពីកៅអីនិយាយទាំងធុញទ្រាន់ « អឺ អឺធុញណាស់ពួកឯងនេះ អូខេគ្នាទៅបន្ទប់ទឹកបន្តិច មកវិញឥឡូវហើយ » « ឱ្យយើងជូនទៅអត់? »ជាតាក្រោកឡើងចាប់ដៃដារីប្រុងចង់ជូនដារីទៅបន្ទប់ទឹក ព្រោះនាងដូចជាជោគជាំជាងគេ ប៉ុន្តែដារីលើកដៃហាម «ស្អី ពួកឯងនេះគ្រាន់ប៉ុណ្ណឹងក៏ភ័យដែរ ទៅបន្ទប់ទឹកតើ មានដើរហើរទៅក្រៅឯណា ម្យ៉ាងក្លឹបលំដាប់នេះ មានសុវត្ថិភាពល្អណាស់ ជាពិសេសមុខបន្ទប់ទឹកមានអ្នកយាមកាមគួរឱ្យទុកចិត្ត ហេហេ មកវិញឥឡូវហើយណាពួកឯង » និយាយរួចស្រីជើងល្អ នោះក្រោកទៅបន្ទប់ទឹកម្នាក់ឯង ដោយគ្មានមិត្តណាអាចហាមនាងបាន។ នាងនិយាយត្រូវក្លឹបយើងនេះ ពិតជាសុវត្ថិភាពល្អមែន ប្រព័ន្ធការពារក៏ល្អគួរឱ្យទុកចិត្ត គ្មានអ្វីភ្លាំងភ្លាត់សោះឡើយ ការយាមកាម និងអង្គរក្សក៏ធ្វើការបានល្អ មិនដែលមានរឿងអាក្រក់កើតឡើងនោះទេ។ គួរឱ្យស្តាយ! ដែលថ្ងៃនេះគឺជានាង មនុស្សស្រីដែលខ្ញុំកក់ទុកតាំងពីឮសម្តីដ៏ព្រហើនចេញពីមាត់នាងឯណោះ។ ម្យ៉ាងទីនេះជា ទឹកដីរបស់ខ្ញុំ ទោះជាយ៉ាងណានាងជារបស់ខ្ញុំ ពិតជាមិនរួចខ្លួនជាដាច់ខាត។ បន្ទាប់ពីមានគម្រោងការក្នុងចិត្ត ខ្ញុំក៏ក្រោកចេញពីតុដើរសន្សឹមៗពីក្រោយនាង រួចឈរយ៉ាងសង្ហាចាំនាងនៅមុខបន្ទប់ទឹក។ មួយសន្ទុះទ្វារបន្ទប់ទឹកបានរបើកក្រោក មិនទាន់បាននិយាយអីផង រាងកាយដ៏ស៊ិចស៊ី ល្វតល្វន់បានដួលសំដៅមករាងកាយដ៏ស្រស់សង្ហារបស់ខ្ញុំ។ ឱកាសល្អហើយ បើមិនត្រកងបីទេ ដូចជាមិនសមមែនទេ? ដៃដែលសម្បូរសាច់ដុំសង្ហាៗស្រីៗឃើញតែងតែប្រាថ្នាសុំនែបនិត្យទោះត្រឹមតែបានប៉ះសាច់តែបន្តិចក៏អស់ចិត្ត បានស្រវាឱបចង្កេះដ៏តូចល្វតល្វន់ស្អាតរបស់នាង។ ចង្រៃអីស្រាប់តែពួកអង្គរក្សទាំងហ្វូងបានស្ទុះមករកពួកខ្ញុំ។ នឹកៗចង់ខឹងអាប្រព័ន្ធសុវត្ថិភាពដែលវាពូកែពេក ជាពិសេសរំខានឱកាសជាមួយស្រីស្អាតដែលខ្ញុំប្រាថ្នា ចង់តែកំទេចចោលឱ្យអស់ពេលនេះតែម្តងទេនេះ។ គួរឱ្យក្តៅចិត្តណាស់។ « មានរឿងអី? ធ្វើអីផ្តេសផ្តាសនៅទីនេះមិនបានទេណា។ ហាស! ចៅហ្វាយតើ មានរឿងអីហ្នឹង មានអីឱ្យពួកខ្ញុំជួយទេ? » មេអង្គរក្សនាំមុខពួកអង្គរក្សស្វាមួយហ្វូងឈ្មោះសាន់បានភ្ញាក់ផ្អើលពេលដឹងថាជាខ្ញុំ។ ខ្ញុំក៏គ្រវីដៃហាម ហើយប្រឹងញញឹមទាំងការពិត ក្នុងចិត្តចង់តែស្ទុះទៅដាល់ពួកវាម្នាក់មួយដៃៗ ឱ្យសមទោសកំហុសដែលហ៊ានមករំខានសេចក្តីសុខរបស់បុរស Perfect ដូចជាខ្ញុំ។ « អឺ មិនអីទេសាន់ ចាំយើងជូននាងទៅអ្នកបើកឡាននាង យើងស្គាល់នាងតើ ហើយឯងទៅប្រាប់មិត្តនាងនៅតុលេខ ៧ ទៅ ថានាងស្រវឹងខ្លាំងទៅផ្ទះមុនហើយ» ខ្ញុំប្រាប់សាន់អ្នកការពារម្នាក់ក្នុងចំណោម ៥០នាក់ហើយហុចលុយមួយសន្លឹកឱ្យ។ សាន់ឱនលំទោនទាំងរីករាយ ហើយចេញទៅវិញតាមបញ្ជារបស់ខ្ញុំទាំងមិនភ្លេចពាក្យស៊តសៀតតិចៗ តែយើងឮណាវ៉ើយ! « សុំឱ្យចៅហ្វាយមានសេចក្តីសុខច្រើនៗនៅយប់នេះណាទាន» កុំតែមានការសំខាន់ទេ កុំអីមិនឱ្យឯងមកលេងសើចបែបនេះទេ ។ តែណ្ហើយ! ធ្វើម៉េចកូនចៅវាដឹងចិត្តថាមេវាមិនត្រឹមតែសង្ហា មាន តែចិត្តល្អ លេងសើចច្រើនមិនប្រកាន់អ្នកតូចទាបហ្នឹងណា។ មិនបាច់ឆ្ងល់ទេ ដែលសាន់ធ្វើតាមបព្ជាាខ្ញុំដោយរីករាយ ព្រោះខ្ញុំធ្វើអីមិនដែលផ្តល់ទុក្ខទោសដល់អ្នកណាម្នាក់នោះទេ ហើយបើខ្ញុំចង់ធ្វើអីមួយហើយ ក៏មិនដែលឱ្យថ្លោះធ្លោយម្តងណាដែរ។ បន្ទាប់ពីដោះស្រាយបញ្ហាចំពោះមុខរួចហើយ ខ្ញុំក៏ត្រកងបីមនុស្សស្រីដែលគេងលង់លក់មិនដឹងអីនៅក្នុងដៃរបស់ខ្ញុំទាំងទឹកមុខញញឹម សំដៅទៅបន្ទប់ក្រោមដីពិសេសរបស់ខ្ញុំ។ វាជាបន្ទប់ផ្ទាល់ខ្លួនដែលគ្មានអ្នកណាដឹង ហើយក៏គ្មានអ្នកណាអាចមានវិធីចូលមកក្នុងបន្ទប់នេះបានឡើយលើកលែងតែខ្ញុំ។ ហ៊ឹសៗៗ ម្តងនេះនាងពិតជាចប់មិនខានស្រីតូច។ បន្ទប់ក្រោមដីដែលតុបតែងដោយរបស់ទំនើបៗ ថ្លៃៗ ពូកគ្រែរាបចំស្អាតត្រូវស្តង់ដា មិនខុសពីបន្ទប់សណ្ឋាគារផ្កាយ៥សម្រាប់រាត្រីផ្សំដំណេក បានផុសនៅចំពីមុខរបស់ខ្ញុំ បន្ទាប់ពីចុចគន្លឹះតែមួយ ដោយគ្រាន់តែប្រើ….មានរឿងអីខ្ញុំត្រូវប្រាប់អ្នកនោះមែនទេ? វាជាការសម្ងាត់នោះអី ហាហា...។ ខ្ញុំក៏បីដារីស្រីជាជើងល្អដាក់លើគ្រែ នាងក៏ដឹងខ្លួនភ្លាមតែម្តង។ យី! រឿងពិតអីក៏ខុសពីរឿងកុនខ្លាំងម៉េះ? ក្រែងទាល់តែតួប្រុសបានប៉ះ ស្ទាប ឱបតិចសិនបានភ្ញាក់ហេ? ការពិតវាពិតជាខុសពីរឿងមែន ក្តៅចិត្តតែម្តង។ ក្រោកមកភ្លាមស្រែកឡូឡារភ្លាមតែម្តង មិនសុខពីរហ័ស្សនាមដែលខ្ញុំដាក់ឱ្យសោះ ។ ស្រីឆ្នាស់នេះ មិនដឹងប្រើមាត់និយាយ ឬប្រើមេក្រូទេនេះ។ « ហ៊ីយ ទីនេះជាកន្លែងណា ហាស់? អេ! លោកលោកឯងធ្វើអីខ្ញុំហាស់? ចេញភ្លាមមមម » ឃើញទេគ្រាន់តែដឹងខ្លួនភ្លាមជំទាលតែម្តងហើយ។ ខ្ញុំក៏បកស្រាយក្នុងនាមជាសុភាពបុរស « អ្នកនាងដួលសន្លប់មុខបន្ទប់ទឹក ខ្ញុំក៏ជួយនាំមកសំរាកទៅ » ខ្ញុំញញឺមទាំងមានកល់ល្បិច។ « ចឹងផង? អូខេខ្ញុំទៅរកមិត្តខ្ញុំវិញហើយ » ដារីស្ទុះប្រុងក្រោកឡើង តែក៏ដួលមកវិញ ព្រោះតែអាការស្រវឹងមិនបាត់ងាយៗ។ នាងយកដៃក្តោបក្បាលទាំងមុខជូរ។ ខ្ញុំធ្វើមិនដឹងមិនឮ រួចនិយាយឌឺដង « ប្រញាប់ទៅណា មិនគិតអរគុណខ្ញុំសិនទេ? » ខ្ញុំឡើងមកអង្គុយជិតនាងទាំងទឹកមុខបង្កប់ល្បិចកលដែលស្រីៗឃើញប្រាកដជាស្រែកសប្បាយទាំងស្លុតចិត្ត តែបែរជាប្រើការមិនបានចំពោះស្រីនៅចំពោះមុខទៅវិញ ព្រោះនាងបានថយក្រោយស្ទើរតែធ្លាក់ពីលើគ្រែ តែខ្ញុំចាប់ឱបចង្កេះជាប់ « នែ លែងភ្លាម ហ៊ីស! មនុស្សប្រុសដូចពួកលោកបែបនេះគ្រប់តែគ្នាមែនទេ? ជួយដោយមានបំណង ជាពិសេសមនុស្សប្រុសមុខព្រានដូចជាលោកលែងខ្ញុំ លែងណា » ស្រីឆ្នាស់ស្រែកថាឱ្យខ្ញុំទាំងទឹកភ្នែក។ មានរឿងអី? ឬនាងស្រវឹងខ្លាំងហើយបានជាចាប់ផ្តើុមនិយាយស្តីស្រែកឡូឡារដឹងរឿងខ្លះ មិនដឹងរឿងខ្លះដូច្នេះ? ហេតុអីខ្ញុំបែរជាមានអារម្មណ៍មិនល្អសោះពេលឃើញនាងយំបែបនេះ? ទេ មិនអាចចិត្តទន់ទេ ភ្លេចហើយឬថាខ្ញុំជាអ្វី? ខ្ញុំត្រូវតែធ្វីនៅពេលនេះមិនអាចបណ្តោយទុកយូរទេ រាងកាយរបស់ខ្ញុំកំពុងតែចាប់ផ្តើមមានប្រតិកម្មហើយ ។ គ្រាន់តែចាប់ផ្តើមប្រមូលស្មារតីខ្លួនឯងបានមកវិញ ម៉ោងក៏ដើរដល់លេខ ២ល្មម ។ ថាម៉េចម៉ោង ២រំលងអាធ្រាតហើយហេ? ក្នុងខ្លួនរបស់ខ្ញុំក៏ចាប់ផ្តើមឡើងក្តៅអន្ទះអន្ទែង ភ្នែកឡើងក្រហមស្ទើរចេញឈាម ចង្កូមចាប់ផ្តើមដុះចេញមក ជាសញ្ញាថាដល់ពេលវេលាចាប់ផ្តើមចាត់ការចំណី។ ប្រហែលជាកំពុងតែឆ្ងល់ថាខ្ញុំកំពុងតែលេងសើចអីមែនទេ? ការពិតខ្ញុំរៀបរាប់មិនទាន់អស់ពីជីវប្រវត្តិរបស់ខ្ញុំ។ វាជារឿងដែលស្ទើរតែមិនគួរឱ្យជឿ តែនេះជាការពិត ហើយខ្ញុំនេះហើយជាសាក្សីរស់នោះ។ ការពិតខ្ញុំជាអម្បូរស្តេចបិសាចជញ្ជក់ឈាម ចិនគេហៅថាខ្មោចឆៅ ពួកអឺរ៉ុបគេហៅថា Vampire ហើយភាសាក្រិចគេហៅថា………ថា ថាស្អីចេះ? កុំទៅខ្វល់ហៅអីក៏ហៅទៅ ។ រៀបរាប់ឡើងចង់ហត់ទៅហើយ ហិហិ និយាយរឿងបន្តវិញល្អជាងមែនទេ។ ខ្ញុំជាបិសាចដែលអាចរស់នៅបានដោយសារការផឹកឈាមរបស់មនុស្សរស់ តែខ្ញុំក៏អាចញុំអាហារដូចមនុស្សធម្មតាបានដែរ គ្រាន់តែមួយថ្ងៃខ្ញុំត្រូវតែផឹកឈាមមនុស្សម្តងដើម្បីបន្តជីវិតរស់នៅ ហើយនេះវាក៏ជាហេតុផលដែលខ្ញុំបើកក្លឹបមួយនេះដើម្បីងាយស្រួលរកចំណីដែរ។ ពួកខ្ញុំមិនមែនផឹកឈាមមនុស្សរហូតដល់ស្លាប់នោះទេ ។ ពេលខ្លះពួកយើងរកឈាមដែលបូមមកពីមន្ទីរពេទ្យមកជាចំណី តែសុំប្រាប់ទៅចុះវាមិនឆ្ងាញ់ដូចបឺតឈាមស្រស់ៗពីកញ្ចឹងក-សខ្ចីរបស់មនុស្សទេ ។ ម្យ៉ាងវិញទៀតដែលអ្នកត្រូវដឹង ពួកយើងមិនសំលាប់មនុស្ស ដូចជារឿងដែលផ្សាយឱ្យអស់លោកអ្នកមើលនោះទេ គឺបំភ្លៃ កុហកទាំងស្រុងតែម្តង អំពីអម្បូររបស់ខ្ញុំ។ មើលតែខ្ញុំទៅអ្នកណាជឿថាជាបិសាច? រូបរាងសង្ហាតារាសុំខ្មាស់ មិនមែនរូបរាងអាក្រក់ដូចរឿងគេលេងឱ្យមើលនោះទេ។ គ្រួសារខ្ញុំជាកំណើតស្តេចបិសាចជញ្ជក់ឈាមពីកំណើត ដូច្នេះពួកយើងមានឥទ្ធិពល និងមានកម្លាំងជាងអំបូរបិសាចដែលក្លាយពីមនុស្ស ។ គ្រួសាររបស់ខ្ញុំមានម៉ាក់ប៉ា បងប្រុស ប្អូនស្រី ដែលពួកគេសុទ្ធតែទៅរស់នៅបរទេស ។ ពួកគេមិនបឺតឈាមស្រស់ពីមនុស្សទេ ពួកគាត់ប្រាប់ថាខ្ពើម ប៉ះពាល់មនុស្សផ្តេសផ្តាសសម្បូរមេរោគ ។ ជាសំណាងដែលពួកគាត់មានមនុស្សជំនិតធ្វើការនៅមន្ទីពេទ្យហើយជួយឱ្យបានឈាមស្រស់ៗ មករក្សាគុណភាពក្នុងម៉ាស៊ីនទំនើបរបស់ពួកយើង។ ឯរសជាតិវិញមិនខុសពីការបឺតឈាមស្រស់ៗពីមនុស្សនោះទេ មានតែខ្ញូំទេដែលខុសគេចូលចិត្តបឺតឈាមពីមនុស្សស្រស់ៗតាមវិធីបុរាណពីដូនតា។ ពួកខ្ញុំអាចចេញក្រៅពេលថ្ងៃបានដោយគ្មានគ្រោះថ្នាក់ តែគ្រាន់តែត្រូវការពារខ្លួនខ្លះៗ ព្រោះពន្លឺថ្ងៃអាចធ្វើឱ្យបិសាចដូចជាពួកខ្ញុំឈឺក្បាល អស់កម្លាំងបាន។ តែខ្ញុំមិនចូលចិត្តពេលថ្ងៃ មិនចូលចិត្តពន្លឺថ្ងៃទាល់តែសោះ បើគ្មានការសំខាន់អ្វីទេ នោះខ្ញុំមិនចេញជាដាច់ខាត។ ចំណែកពួកបិសាចអំបូរក្លាយពីមនុស្ស ពួកគេមានកំលាំងខ្សោយជាងពួកខ្ញុំឆ្ងាយណាស់ មិនខុសពីរឿងគេលេងឱ្យមើលនោះទេ ពួកគេមិនអាចចេញទៅក្រៅត្រូវថ្ងៃជាដាច់ខាត បើមិនអ៊ីចឹងគេប្រាកដជាឆេះខ្លួនប្រាណ រលាយព្រលឹងអស់ជាមិនខាន។ មួយវិញទៀតមានតែអម្បូរស្តេចបិសាចដូចជាខ្ញុំទេ ទើបអាចមានថាមពលអាចប្តូរមនុស្សទៅបិសាចបាន។ នៅលើលោកនេះនៅសល់អម្បូរស្តេចបិសាចតែ ៣គ្រួសារតែប៉ុណ្ណោះរួមទាំងគ្រួសាររបស់ខ្ញុំ។ តែគ្រួសារអ៊ំៗទាំងនោះចូលនិវត្ត កាន់សីល៍ ធម៌អាថ៌នៅក្នុងព្រៃអស់ហើយ។ ការពិតបិសាចមិនមែនអាក្រក់ដូចគេចោទឯណាពួកយើងមានសាច់ មានឈាម មានអារម្មណ៍មានបេះដូង មានការគិតមិនខុសពីមនុស្សធម្មតានោះទេ ។ បិសាចពួកយើងមានច្បាប់ មិនឱ្យសំលាប់មនុស្សទេ ហើយរាល់ពេលដែលបឺតឈាមពីមនុស្សបានហើយ ត្រូវធ្វើការលប់ការចងចាំរបស់មនុស្សទាំងនោះអស់ភ្លាម។ ដូច្នេះបិសាចរាត្រីគ្រាន់តែជាសុបិនអាក្រក់ដែលស្រពិចស្រពិលនៅក្នុងការចងចាំរបស់មនុស្សមួយចំនួនតែប៉ុណ្ណោះ ដោយបន្សល់ការឈឺចាប់ៗតិចៗដូចជាស្នាមម្ជុលចាក់ថ្នាំអ៊ីចឹង។ ដោយហេតុនេះហើយ បានជាគ្មានអ្នកណាដឹងឮពីវត្តមានបិសាចរបស់ពួកយើងទេ។ រឿងរបស់ពួកយើងគ្រាន់តែជារឿងនិទានបុរាណ ឬគ្រាន់តែជារឿងប្រឌិតរបស់អ្នកនិពន្ធដែលមិនដឹងខ្យល់អីអស់ទាំងនោះ។ តែខ្ញុំសូមបព្ជាក់ ពួកបិសាចជញ្ជក់ឈាមយើងខ្ញុំពិតជាមានពិតមែន។ មិនជឿកុំប្រមាថប្រយ័ត្នបិសាចរូបសង្ហាតាមបឺតឈាមដល់ផ្ទះណា ហាហា... រៀបរាប់យូរណាស់ហើយ ល្មមចូលដល់សាច់រឿងបន្តវិញម្តង។ គ្រាន់តែឃើញប្រតិកម្មខ្ញុំភ្លាមស្រីឆ្នាស់ដារី បើកភ្នែកធំៗភ្ញាក់ផ្អើល ស្វាងស្រាអស់ រកកន្លែងរត់ស្ទើរតែមិនទាន់។ « បិ…បិសាច ទេទេចេញទៅកុំធ្វើបាបខ្ញុំ ខ្ញុំមិនទាន់ចង់ស្លាប់ទេ ហឺហឺ..ម៉ាក់នៅណាជួយកូនផង » ដាវីយំអង្វរខ្ញុំរត់ទៅណាមិនកើតព្រោះត្រូវខ្ញុំប្រើវេទមន្តបញ្ជាឱ្យរាងកាយរបស់នាងនៅហ្នឹងថ្កល់កម្រើកទៅណាមិនរួច។ « ឥឡូវដឹងហើយថាខ្ញុំបិសាច ឱ្យខ្ញុំបឺតឈាមតាមសម្រួលមក ធានាថាមិនឈឺទេ ជឿចិត្តខ្ញុំទៅ ហើយនាងក៏មិនស្លាប់ដែរ ខ្ញុំសន្យា » សំឡេងគំរាមប្រែក្លាយជាខ្សោយទៅៗកាយឡំនឹងសម្តីទន់ភ្លន់ដែលខ្ញុំមិនធ្លាប់បានប្រើជាមួយចំណីដែលនៅនឹងមុខ។ មិនដឹងថាខ្ញុំកើតអី គ្រាន់តែឃើញទឹកមុខភ័យខ្លាចរបស់នាង និងសំឡេងយំ ខ្ញុំពិបាកចិត្ត ខ្ញុំអាណិតនាង។ ខ្ញុំមិនដែលនិយាយអង្វរសុំបឺតឈាមនរណាពីមុនមកទេ ចង់បឺតឈាមគឺបឺតឈាមយកតែម្តង ហើយលប់ការចងចាំជាការស្រេច។ ខ្ញុំស្ទើរតែដាច់ចិត្តដោះលែងនាងទៅហើយ តែពេលនេះអាធ្រាតហើយខ្ញុំពិតជាឃ្លានខ្លាំងណាស់ ខ្ញុំមិនអាចលែងនាងបានទេ ខ្ញុំមិនអាចរកអ្នកណាមកជំនួសក្នុងពេលអាសន្ននេះកើតទេ ។ « និ…យាយលេងមែនទេបិសាចគឺបិសាច បឺតឈាមហើយស្លាប់ ឬក៏ក្លាយជាបិសាចដែរ កុំកុហកខ្ញុំ ហ៊ី ហ៊ី ខ្ញុំមិនទាន់ចង់ស្លាប់ ខ្ញុំមិនចង់ក្លាយជាបិសាចទេ» « ជឿ.....ចិត្តខ្ញុំបានទេ ខ្ញុំយកកិត្តិយសជាបិសាចថ្នាក់ខ្ពស់មកធានា សន្យាណា ថានាងមិនស្លាប់ទេ » ឆ្កួតៗមែនខ្ញុំម៉េចក៏ដាច់ចិត្តអង្វរស្រីខ្លួនតូចតែមួយដែលឆ្មើងឆ្មៃដាក់ខ្ញុំតាំងពីជួបដំបូងបែបនេះ ។ នាងទេដែលគួរតែអង្វរខ្ញុំ ក្រែងខ្ញុំចង់ប្រដៅនាងឱ្យស្គាល់ខ្ញុំហេ រឺក៏ខ្ញុំឃ្លានទាល់តែឡប់សតិអស់ហើយ ព្រះអើយ!!! ខូចឈ្មោះអស់។ « ទេ……គ្មានផ្លូវ» ស្រីឆ្នាស់នោះបានខ្ញុំអង្វរក៏ចាប់ផ្តើម លែងខ្លាច សំឡក់ហើយស្រែកដាក់ខ្ញុំខ្លាំងៗ។ ខ្ញុំបានតែអង្គុយធ្វើមុខជូរ ហើយបែរខ្នងទៅម្ខាងទាំងពិបាកក្នុងខ្លួន។ ហេតុអីខ្ញុំមិនចង់បង្ខំនាង បែរជាសុខចិត្តនៅស្ងៀមទៅវិញ។ ខ្ញុំក៏និយាយទាំងអស់កម្លាំង « អ៊ីចឹងនាងចេញទៅ ដើរទៅរកទ្វារចុចគន្លឹះនោះ៣ដង កាច់ទៅស្តាំ បត់ទៅឆ្វេង រួចទ្វារនឹងរបើកហើយ...ចេញទៅ កុំមកវិញឱ្យសោះ» និយាយរួចខ្ញុំចាប់ផ្តើមបែកញើសជោគខ្លួន រាងកាយចាប់ផ្តើមឈឺចាប់ដូចម្ជុលចាក់សុះសាច់។ នេះជាប្រតិកម្មដ៏សែនទារុណទរារបស់ពួកបិសាចរបស់យើង៊។ បិសាចទោះជាមានជីវិតអមតៈមិនចេះស្លាប់ លុះត្រាតែមានអ្នកសំលាប់ដោយវិធីដែលអ្នកនឹងមិនបានដឹងក៏ដោយ។ តែបើពួកខ្ញុំមិនផឹកឈាមមនុស្សមុនថ្ងៃរះទេ ពួកខ្ញុំនឹងឈឺចុកចាប់ពេញខ្លួនដូចខ្ញុំពេលនេះអ៊ីចឹង វេទនាណាស់ ស្ទើរស្លាប់ តែក៏ស្លាប់មិនបាន។ ដារីស្ទើរតែឈានជើងចេញពីបន្ទប់នេះទៅហើយ សុខៗនាងក៏បែរមកសួរខ្ញុំ « នែនែ! កើតអី ហា? » ស្រីឆ្នាស់នោះចាប់ផ្តើមចាប់អារម្មណ៍ប្រតិកម្មខ្ញុំ នាងសួរទាំងភ័យ ឬក៏នាងបារម្ភខ្ញុំដែរ ? ខ្ញុំបែរជារំភើបចិត្តបែបនេះ សឹងតែឆ្លើយមិនចង់បានដោយសារតែការឈឺចាប់លាយឡំ។ « អឺ គឺ…គឺ ខ្ញុំពិបាកក្នុងខ្លួនណាស់ មកពីខ្ញុំមិនបានផឹកឈាម ជាចំណី អូយ » « នែ និយាយលេងសើចទេមែនទេ ហើយ ហើយធ្វើម៉េច? លោកមិនស្លាប់ទេមែនទេ នែ នែ???? កុំកើតអីណា » «មិនអីទេ ខ្ញុំមិនស្លាប់ទេចាត់ទុកថាខ្ញុំដោះលែងនាងចុះ នាងចេញទៅ » ។ នាងបិទមាត់ស្ងាត់មួយសន្ទុះ ស្រាប់តែសំឡេងរបស់នាងបានហៅឱ្យខ្ញុំងាកមើលនាងទាំងបើកភ្នែកធំៗ។ » អឺ អឺ នែ ល្អៗៗៗ នេះចាត់ការខ្ញុំមក ចង់បឺតឈាមខ្ញុំមែនទេ? ចង់ធ្វើអីក៏ធ្វើទៅ ឱ្យលឿនៗមក តែកុំឈឺពេក ខ្ញុំ...ខ្ញុំខ្លាចឈឺ » ខ្ញុំមើលទៅនាងទាំងមិនចង់ជឿ នេះសុខសុខចង់ឱ្យខ្ញុំបឺតឈាម? មិញទើបតែថាខ្លាចសោះ ពិតជាតាមមិនទាន់មែន។ « ក្រែងនាងខ្លាចហេ? ខ្លាចស្លាប់ ខ្លាចអីណាណោះ? ឥឡូវលែងខ្លាចហើយ? » « និយាយច្រើនមែនឱ្យលឿនៗឡើងទៅ ខ្ញុំជឿលោកម្តងចុះ ក្រែងលោកថាខ្ញុំមិនស្លាប់ មិនក្លាយជាបិសាចនោះអី » ខ្ញុំមើលមុខនាងទាំងរំភើបចិត្ត ហើយនាងក៏បែរខ្នងមកខ្ញុំ ហើយវែកសក់ចេញពីកញ្ចឹងកនាង បង្ហាញកសខ្ចីស្អាត ធ្វើឱ្យខ្ញុំស្រក់ទឹកមាត់។ ទ្រាំលែងបានខ្ញុំក៏យកដៃចាប់កាន់កនាង ខ្ញុំដឹងថានាងកំពុងតែភ័យឡើងញ័រតែអត់ទ្រាំទាំងរឺងខ្លួន។ ខ្ញុំស្រង់ក្លិនក្រអូបពីកញ្ចឹងកសខ្ចីរបស់នាង ហើយចង្កូមខ្ញុំចាប់ផ្តើមលៀនចេញមកចាក់ទំលុះសាច់កសខ្ចីរបស់នាង។ ដារីនាងក្តាប់ដៃណែនព្រោះតែការឈឺចាប់ពេលចាក់ទំលុះសាច់ដំបូង តែនាងក៏សុខចិត្តទ្រាំមិនស្រែកមួយម៉ាត់។ ឈាមនាងពិតជាក្រអូប ហើយឈ្ងុយខ្លាំងណាស់ ខ្ញុំស្ទើរតែបឺតឈាមនាងឱ្យអស់ពីខ្លួនទៅហើយ។ ខ្ញុំមិនដែលបឺតឈាមអ្នកណាឆ្ងាញ់ដោយភាព ឈ្លក់វង្វេងអញ្ចឹងទេ។ តែខ្ញុំនឹកឃើញពីភាពឈឺចាប់របស់នាង ក៏ព្រលែងចង្កូមពីនាង ហើយយកដៃអង្អែលលើស្នាមចង្កូមពីរនោះ ស្នាមក៏បាត់អស់គ្មានសល់សាកស្នាម ឬការឈឺចាប់អីនោះទេ។ ក្រោយពីមានកំលាំងពីការបឺតឈាមរបស់នាង ខ្ញុំក៏វិលមកសភាពដើមវិញ។ ដាវីក៏ដួលដេកលឺគ្រែ ប្រហែលអស់កំលាំងពីការបឺតឈាមហើយ ខ្ញុំក៏ស្ទុះសួរនាងទាំងបារម្ភ « យ៉ាងម៉េចហើយ នាងមិនអីទេមែនទេ? ឃើញទេនាងមិនស្លាប់ មិនបានក្លាយជាបិសាចទេ សុំទោសណាដែលខ្ញុំផឹកឈាមនាងជ្រុល ហើយអរគុណដែលបានឱ្យខ្ញុំបឺតឈាមណា » ដាវីសំលឹងមកខ្ញុំភ្លឹក ហើយយកដៃស្ទាបអង្អែលកកន្លែងដែលខ្ញុំបឺតឈាមនាងមុននោះ។ « អឺ ! ខ្ញុំមិនស្លាប់ពិតមែន លោកមិនបានកុហកខ្ញុំទេ។ តែហេតុអីក៏ កខ្ញុំគ្មានស្នាម ហើយមិនឈឺចឹង? តើលោកជាបិសាចមែនឬអត់? តើខ្ញុំយល់សប្តិមែនទេ? អូយវិលមុខណាស់ » « នេះជារឿងពិតទាំងអស់ ខ្ញុំជាបិសាចពិតមែន ខ្ញុំក៏បានបឺតឈាមនាងរួចហើយដែរ ក្រោយពីខ្ញុំបឺតឈាមនាងរួច វានឹងមិនឈឺចាប់ ឬមានស្លាកស្នាមអ្វីទេ។ ហើយវាក៏ដល់ពេលដែលខ្ញុំត្រូវលប់ការចងចាំរបស់នាងផងដែរ» ខ្ញុំឆ្លើយពន្យល់ដារិទាំងមុខស្រពោន តែនាងបែរជាភ្ញាក់ផ្អើល ហើយសួរមកខ្ញុំ « លុបការចងចាំ? ហេតុអី? ហេតុអីត្រូវលុបការចងចាំរបស់ខ្ញុំផង? » « ហ៊ីម នាងគិតទៅមើល...បើខ្ញុំមិនលុបការចងចាំរបស់មនុស្សដែលខ្ញុំផឹកឈាមទាំងអស់ទេ តើខ្ញុំអាចរស់នៅលើលោក និងនៅទីនេះបានយ៉ាងម៉េចទៅ? មនុស្សពិតជាដឹងពីវត្តមានរបស់ពួកខ្ញុំ ហើយព្យាយាមកំចាត់ពួកខ្ញុំជាមិនខាន។ តែកុំភ័យអីណា ខ្ញុំមិនលុបការចងចាំរបស់នាងទាំងអស់ទេ គ្រាន់តែជាការលុបការចងចាំរយៈពេលខ្លី ២ ៣ម៉ោងមុននេះ រយៈពេលដែលយើងស្គាល់គ្នាតែប៉ុណ្ណោះ » ខ្ញុំនិយាយប្រាប់នាងទាំងញញឹមបង្កប់ភាពសោកសៅ។ ហេតុអីខ្ញុំត្រូវឈឺចាប់ផង ដែលដឹងថាប៉ុន្មាននាទីទៀត នាងនឹងបំភ្លេចខ្ញុំ ភ្លេចវត្តមានខ្ញុំពីជីវិតនាង ហើយនាងនឹងមិនស្គាល់ខ្ញុំទៀតទេ។ ហេតុអ្វីក៏ឈឺចាប់ខ្លាំងម៉េះ? .........សូមរង់ចាំភាគបន្ត............... Read More