ភ្នំពេញ: លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យកាលពីម្សិលមិញបានចេញបញ្ជាដល់មន្ត្រីពាក់ព័ន្ធនៅទូទាំងខេត្តរួមសហការគ្នាបង្ក្រាបបទល្មើសព្រៃឈើ និងស្រាវជ្រាវចាប់ជនពាក់ព័ន្ធបទល្មើសព្រៃឈើមកផ្តន្ទាទោសតាមច្បាប់ដោយគ្មានការលើកលែង។
លោក ជា ពិសិដ្ឋ មន្ត្រីនាំពាក្យសាលាខេត្តឧត្តរមានជ័យបានថ្លែងថា ការព្រមានរបស់លោកអភិបាលខេត្តនេះគឺធ្វើឡើងក្រោយពីមានប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានធ្វើការផ្សព្វផ្សាយអំពីសកម្មភាពរបស់ក្រុមឈ្មួញឈើមួយចំនួន រួមមានឈ្មោះ ឆាយ, រិទ្ធ និង ឈ្មោះ តាប៉ាវ ជាដើម បានធ្វើការប្រមូលទិញ និងដឹកជញ្ជូនឈើយកទៅលក់បន្តនៅតាមដេប៉ូលក់ឈើមួយចំនួននៅតាមបណ្ដាស្រុក និងខេត្តមួយចំនួនក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ដែលល្មើសនឹងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាគឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក ពិសិដ្ឋ បានថ្លែងបន្តថាក្រោយពីទទួលបានសេចក្ដីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយនូវករណីខាងលើនេះលោកអភិបាលខេត្តបានចេញបញ្ជាឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់នៅទូទាំងខេត្តរួមសហការគ្នាចុះបង្ក្រាបបទល្មើសទាំងនោះ ដោយធ្វើការស្រាវជ្រាវចាប់ឲ្យបាននូវក្រុមឈ្មួញជួញដូរ និង កាប់បំផ្លាញព្រៃឈើទាំងនោះដើម្បីយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។
លោក ពិសិដ្ឋ ថ្លែងថា៖ «ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្តបានព្រមានចាត់វិធានការរដ្ឋបាលទៅលើមន្ត្រី ឬ កងកម្លាំងប្រដាប់អាវុធទាំងឡាយណាដែលបានឃុបឃិតប្រព្រឹត្តបទល្មើសជាមួយក្រុមឈ្មួញឈើទាំងនោះដោយគ្មានការលើកលែងផងដែរ»។ ឈើពី ៤០ ទៅ ៥០ ម៉ែត្រគុបត្រូវបានលក់ទៅឲ្យឈ្មួញរាល់ថ្ងៃ៕